Thursday, May 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបំភ្លឺ រឿងបង្ខំស្ត្រីម្នាក់ ផ្តិតមេដៃ១០

ស្នងការបំភ្លឺ រឿងបង្ខំស្ត្រីម្នាក់ ផ្តិតមេដៃ១០

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺ ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មាន ដែលបានសម្ភាសន៍ស្ត្រីម្នាក់ ឈ្មោះកែវ ចាន់ធីតា ដោយចោទប្រកាន់មន្ត្រី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ថាបានបំភិតបំភ័យនិងបង្ខំឱ្យផ្តិតមេដៃទាំងម្រាម១០ នៅលើឯកសារកំណត់ហេតុពាក់ព័ន្ធបណ្តឹងពីបទ “រំលោភទំនុកចិត្ត”។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងមួយច្បាប់ ពីឈ្មោះហៃ ម៉េងឈាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនគរបាល ដែលបានប្តឹងចោទប្រកាន់ឈ្មោះកែវ ចាន់ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ពីបទរំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ១៦៦៦ ដុល្លារ និងបានយកទូរស័ព្ទ ១គ្រឿង ម៉ាក Samsung S23 ultra ពណ៌ខ្មៅ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០ ២៥។

ក្រោយពីបានទទួលពាក្យបណ្តឹង និងការបំភ្លឺរបស់ដើមបណ្តឹង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចការិយាល័យជំនាញ បានកោះហៅឈ្មោះកែវ ចាន់ធីតា ឱ្យចូលខ្លួនមកឆ្លើយបំភ្លឺ លើបណ្តឹងរបស់ឈ្មោះហៃ ម៉េងឈាង ហើយស្ត្រីឈ្មោះ កែវ ចាន់ធីតា បានចូល ខ្លួនមកឆ្លើយបំភ្លឺ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩ៈ០០នាទីព្រឹក និងបានទទួលស្គាល់ថា ខ្លួនពិតជាបានកិបកេងយកប្រាក់ ចំនួន ១ ៦៦៦ដុល្លារ និងយកទូរស័ព្ទ ១គ្រឿង ម៉ាក Samsung S23 ultra ពណ៌ខ្មៅ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ ដែលបានមក ពីការលក់ត្បូងធម្មជាតិ របស់ឈ្មោះហៃ ម៉េងឈាង ប្រាកដមែន ដោយយកទៅចាយវាយ ជាប្រយោជន៍ផ្ទាល់ ខ្លួន។

បន្ទាប់ពីមានចម្លើយសារភាព ការិយាល័យជំនាញ បានហៅភាគីដើមបណ្តឹង ឈ្មោះ ហៃ ម៉េងឈាង មកជួបទល់មុខជាមួយឈ្មោះកែវ ចាន់ធីតា ហើយឈ្មោះកែវ ចាន់ធីតា បានឯកភាពយល់ព្រមសងប្រាក់ ចំនួន ១៦៦៦ ដុល្លារ និងប្រាក់ថ្លៃទូរស័ព្ទខាងលើ ចំនួន ៤០០ដុល្លារ សរុបស្មើនឹង ២០៦៦ដុល្លារ ដោយភាគីទាំងពីរ បានធ្វើកិច្ចព្រមព្រៀងប្រគល់-ទទួលប្រាក់ និងកិច្ចសន្យា ដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំនោះទេ កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៥។

បន្ទាប់ពីធ្វើកិច្ចព្រមព្រៀងចប់សព្វគ្រប់ ភាគីទាំងពីរ បានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន បែរជាថ្មីៗនេះ ស្ត្រីឈ្មោះ កែវ ចាន់ធីតា បាននិយាយផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានសង្គម ចោទប្រកាន់មកលើសមត្ថកិច្ច ថាបានបំភិតបំភ័យនិងបង្ខំខ្លួនឱ្យផ្តិតមេដៃទាំងម្រាម១០ លើកំណត់ហេតុ។

ចំពោះការចោទប្រកាន់នេះ គឺសមត្ថកិច្ចនៃការិយាល័យជំនាញព្រហ្មទណ្ឌ សូមធ្វើការបដិសេធនិងច្រានចោលទាំងស្រុង ដោយការចោទប្រកាន់នេះ មិនផ្អែកលើអង្គហេតុនិងអង្គច្បាប់ ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំ និងធ្វើប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់សមត្ថកិច្ចដែលបានធ្វើការងារតាមជំនាញនិងគោល ការណ៍ច្បាប់ត្រឹមត្រូវ។

សូមបញ្ជាក់ថាខណៈនោះ គឺឈ្មោះកែវ ចាន់ធីតា និងប្តីឈ្មោះទ្រី រិទ្ធី បានយកកំណត់ហេតុ ទៅអានដោយខ្លួន ឯងផ្ទាល់ និងឯកភាពផ្តិតមេដៃ ព្រមទាំងសរសេរឈ្មោះដោយខ្លួនឯងផ្ទាល់ផងដែរ ដោយសមត្ថកិច្ចការិយា ល័យជំនាញ ពុំមានហេតុផលណាទៅបង្ខំឱ្យឈ្មោះកែវ ចាន់ធីតា ផ្តិតម្រាមដៃទាំង១០ នោះឡើយ។

ករណីនេះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ការិយាល័យជំនាញ បានបញ្ជូនសំណុំរឿងទៅអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បន្តអនុវត្តតាមនីតិវិធី៕

RELATED ARTICLES