ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះ ដឹកនាំដោយលោក លឹម ប៊ុនលី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង រួមជាមួយលោក ជឿន សុភ័ក្រ មេឃុំភ្នំព្រឹក និងនគរបាលប៉ុស្តិ៍ភ្នំព្រឹក បានចុះប្រតិបត្តិការបង្ក្រាបទីតាំងជីករុករករ៉ែមាស ខុសច្បាប់ មួយកន្លែង នៅជើងភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ទីតាំងខាងលើនេះ ត្រូវបានក្រុមឈ្មួញ លួចលាក់កាយដី ជីករុករករ៉ែមាស និងរៀបចំជាអាងសម្រាប់ស្តុកនិងរំលាយរ៉ែ ដើម្បីចម្រាញ់យកមាស ដោយប្រើប្រាស់សារធាតុគីមី ដែលបង្កហានិភ័យខ្ពស់ ដល់បរិស្ថាន។ យ៉ាងណា ដោយសារការតាមដាន និងប្រទះឃើញសកម្មភាពមិនប្រក្រតីនេះ អ្នកសារព័ត៌មាន បានរាយការណ៍ជូនភ្លាមៗ ទៅកាន់លោក លឹម ប៊ុនលី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង ហើយលោកប្រធានមន្ទីរ បានដឹកនាំកម្លាំងចុះមកទប់ស្កាត់ និងបង្ក្រាបទីតាំងនេះ។

លោកប្រធានមន្ទីររ៉ែនិងថាមពល បានលើកឡើងថា ការចុះប្រតិបត្តិការនេះ គឺដើម្បីបង្ការកុំឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងដំណាំកសិកម្ម។
ក្រុមការងារ បានប្រើប្រាស់គ្រឿងចក្រ កាយដីលុបអាងស្តុកទាំងនោះ ចោលវិញទាំងស្រុង។
ចំពោះម្ចាស់ទីតាំង អាជ្ញាធរកំពុងបន្តការស្រាវជ្រាវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ខៀវទុំ
