Monday, September 29, 2025
Homeព័ត៌មានជាតិចូលសុំផ្ទះពេទ្យសម្រាក១យប់ ស្ទុះឱបរឹតដើមទ្រូងគ្រូពេទ្យ

ចូលសុំផ្ទះពេទ្យសម្រាក១យប់ ស្ទុះឱបរឹតដើមទ្រូងគ្រូពេទ្យ

​ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា​ ចូលសុំផ្ទះ​អ្នកលក់ថ្នាំពេទ្យស្នាក់នៅ បាន​ស្ទុះទៅឱបរឹតគ្រូពេទ្យដែលជាអ្នកលក់ រហូតមានការភិតភ័យ មិនសូវស្រួលខ្លួន សង្ស័យដាក់ថ្នាំសណ្តំ បានស្រែកថាចោរភ្លាមៗនោះ ប្រជាពលរដ្ឋបានឃាត់ឲ្យសមត្ថកិច្ច ហេតុការន៍នេះបង្កឲ្យមាន​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៧យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារទួលពង្រ ​​ស្ថិតនៅផ្ទះលក់ថ្នាំពេទ្យ យីហោ ​វិជ្ជ ឡេងរតនៈ ​ក្នុងភូមិ​ត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យដែលចាប់ឱបគ្រូពេទ្យ មាន​ឈ្មោះ ប៉ាវ ខុន ភេទប្រុស ​អាយុ៤០ឆ្នាំ ​មុខរបរកម្មករលីសែង ស្នាក់នៅ​ភូមិ​ខ្វាវ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។​ ចំណែកជនរងគ្រោះមានឈ្មោះឡេង ​រតនៈ ភេទប្រុស ​​​អាយុ៤៣ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ រស់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័​យ។​

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ​ជនរងគ្រោះ​កំពុងតែឈរលក់ថ្នាំ បន្ទាប់មកទៀត ​ស្រាប់តែឃើញ​ជនសង្ស័យខាងលើ​បានមកសុំផ្ទះស្នាក់អាស្រ័យ ហើយបានចូលទៅឱបដើមទ្រូងគាត់ ហើយនិយាយ​ប្រាប់ថា បងៗខ្ញុំសុំផ្ទះ
សម្រាកមួយយប់សិន ព្រោះអីមានគេតាមរករឿងគាត់ ហើយបន្ទាប់មកកូនស្រីរបស់ជនរងគ្រោះ បាននិយាយប្រាប់ទៅបុរសនោថា​ លោកអ៊ំៗជួលផ្ទះសំណាក់សម្រាកកទៅ ព្រោះមិនថ្លៃទេ ១យប់ តែជាង១ម៉ឺនរៀលតែប៉ុ​ណ្ណោះ ព្រោះអី​ផ្ទះខ្ញុំមិនមានកន្លែងឲ្យសម្រាកទេ ។ បន្ទាប់មកទៀត​ ជនសង្ស័យបាននិយាយថា មិនអីទេ​ ឲ្យខ្ញុំសំរាកទៅ ចាំខ្ញុំអោយ៣០ទៅ៤០ដុល្លារក៏បានដែរ ឲ្យតែខ្ញុំបានសម្រាក ព្រោះអី​គាត់ខ្លាចគេរករឿងគាត់។

លោកគ្រូពេទ្យរងគ្រោះ

ជនរងគ្រោះបានបន្តទៀតថា ​ខណៈពេលជនសង្ស័យ​ខាងលើសុំសម្រាក ហើយឱបដើមទ្រូងរបស់គាត់បាន​មួយភ្លែត គាត់មានអារម្មណ៍មិនសូវស្រួលខ្លួន ចុកណែនពេញដើមទ្រូង ហើយគាត់សង្ស័យថា ជនសង្ស័យត្រូវថ្នាំសណ្តំ ក៏បានហៅកូនៗឲ្យជួយយក​ក្រូចឆ្មារ និងខ្ទឹមស មកញីលើផ្ទៃមុខគាត់ ទើបបានស្រឡះខ្លួនឡើងវិញ។

បុរសម៉ូតូឌុប

 

ភ្លាមៗនោះដែរ ជនសង្ស័យខាងលើបានហៅម៉ូតូឌុបឲ្យឌុបទៅចំការដូង ក្នុងតម្លៃ​១ម៉ឺនរៀល ខណៈពេលអ្នក​រត់ម៉ូតូឌុបដឹកចេញបានប្រមាណ​ជិត១០ម៉ែត្រ​ ជនសង្ស័យបានចាប់ច្របាច់ដើមទ្រូងអ្នករត់ម៉ូតូឌុប ធ្វើឲ្យអ្នករត់ម៉ូតូ​ភ័យពេក ស្មានថាជាចោរ ព្រោះគាត់ទើប​នឹងរត់ម៉ូតូឌុប​ថ្មីផង ក៏ឈប់ឌុបទៅ ​ពេលនោះដែរជនរងគ្រោះជាពេទ្យលក់ថ្នាំ​ បានស្រែកថាចោរៗ​ ត្រូវបានប្រជាពលរដ្ឋឃាត់បានភ្លាមៗ។​

សមត្ថកិច្ចឃាត់ខ្លួនបុរសដែលឱបដើមទ្រូងគ្រូពេទ្យ និងម៉ូតូឌុប

ជនរងគ្រោះ​បានបញ្ជាក់ប្រាប់ថា ​រឿងដាក់ថ្នាំសណ្តំ គាត់មិនដែលជឿឡើយកន្លងមក ​តែថ្ងៃនេះហាក់បីដូចជឿទាំងស្រុងតែម្តង។​

ក្រោយពេលកើតហេតុ​ ជនរងគ្រោះ​ខាងលើ​បានរាយការណ៍ដល់សមត្ថកិច្ច ឲ្យជួយអ​ន្តរាគមន៍ភ្លាមផងដែរ ហើយឃាត់ជនសង្ស័យយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលប៉ុសិ៍្តចោមចៅ១​បន្ទាប់មកជនរងគ្រោះខាងលើ​ ដោយពុំមានភស្តុតាងនិងសាក្សីពិតប្រាកដ គាត់បានដាក់ពាក្យបណ្តឹងឡើយ ​គ្រាន់តែឲ្យសមត្ថកិច្ចធ្វើការអប់រំ និងឲ្យត្រឡប់ទៅវិញភ្លាមៗផងដែរ ៕

RELATED ARTICLES