ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពីវិធានការសុខាភិបាល បន្ត សម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាច កើតមាននាពេលខាងមុខ។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង មានខ្លឹមសារទាំងស្រុងថា «យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លើលិខិតរបស់ គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិ បាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ អង្គការសុខភាពពិ ភពលោក (WHO) បានសម្រេចប្រកាសនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ថា “កូវីដ-១៩ គឺបច្ចុប្បន្ននេះ នៅជា បញ្ហាសុខភាពដែលបានកើតឡើងហើយ និងនៅជាបន្តទៀត តែលែងបង្កើតជាភាពអាសន្នសុខភាពសាធារណៈ ដែលជាកង្វល់អន្តរជាតិទៀតហើយ” ក្រោយពីកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការនិយ័តកម្មអន្តរជាតិ ២០០៥ (IHR 2005) គ្រាអាសន្នសម្រាប់ការរាតត្បាតជំងឺកូវីដ-១៩ របស់ខ្លួននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។ លើសពី នេះ អង្គការសុខភាពពិភពលោក ក៏បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនជាបណ្តោះអាសន្ន ជូនដល់ បណ្តា ប្រទេសជាសមាជិកទាំងអស់ សម្រាប់ការគ្រប់គ្រងរយៈពេលវែង នៃវិបត្តិរាតត្បាតនៃវីរុសកូវីដ-១៩ នេះផងដែរ ដោយត្រូវគិតគូរពីផែនការយុទ្ធសាស្ត្រ ត្រៀមលក្ខណៈនិងឆ្លើយតបវិបត្តិកូវីដ-១៩ ឆ្នាំ២០២៣-២០២៥ ដោយ នៅ ក្នុងដំណាក់កាលអន្តរកាលនេះផងដែរ។ ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់សា ធារណជន ទាំងអស់ ដូចតទៅ ៖
១- បន្តវិធានការ “៣ការពារ និង៣កុំ” ៖
ថ្វីត្បិតតែមានការប្រកាសបែបខាងលើនេះពីអង្គការសុខភាពពិភពលោក តែយើងទាំងអស់គ្នាត្រូវដឹងថា វីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ មិនត្រឹមតែប៉ុណ្ណោះ ការបំប្លែងខ្លួនថ្មីៗរបស់វា នៅមានជាបន្តបន្ទាប់ ជាពិសេស ពពួកបំប្លែងថ្មីៗ ដូចជា BA.2, XBB, XBB.1.5, XBB.1.9.1, XBB.1.17.1 ជាដើម ដែលបានបង្ហាញច្បាស់ថា វីរុសកូវីដ-១៩ នៅតែបន្តមានវត្តមាននៅឡើយនៅលើសកលលោក នៅក្នុងតំបន់ និងនៅតាមបណ្តាប្រទេសនានាក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវផល ប៉ះពាល់ ពីការចម្លងនៃវីរុសកូវីដ-១៩ បំប្លែងថ្មីៗនេះដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចខ្លួនឱ្យសោះ ពីលទ្ធភាពដែលអាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ-១៩ បំប្លែងថ្មីៗ ពីប្រទេសមួយ ទៅប្រទេសមួយ ដែលអាចបង្កលទ្ធភាពឱ្យមានការផ្ទុះឡើងសាជាថ្មីវិញនូវការរាតត្បាតក្នុងសហគមន៍ ប្រសិនបើបុគ្គលក្រុម គ្រួសារ និងសហគមន៍ មានការធ្វេសប្រហែស ហើយសូមបន្តអនុវត្តវិធានការការពារខ្លួន “៣ការពារ និង៣កុំ” ដោយការប្រុងប្រយ័ត្ន មានការវាយតម្លៃស្ថានភាពត្រឹមត្រូវសម្រាប់ការអនុវត្តវិធានការការពារខ្លួន។
២- បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ៖
ភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍ អាចនឹងមានការថមថយចុះជាបណ្តើរៗបន្ទាប់ពីបានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញនីមួយៗ រួចក្នុងគម្លាតពី ៦ខែឡើង ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការ យកចិត្តទុកដាក់ការពារខ្លួន ឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងសូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ ទី៥ និងទី៦) ឱ្យបានត្រឹមត្រូវ បើដល់វេនចាក់ ហើយគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ (គ.វ.ក-១៩) ក៏ទើបបានចេញផ្សាយជូនសាធារណជនរួចហើយ អំពីសេចក្តីជូនព័ត៌មាន ក្រើនរំ លឹកលេខ ៣២០/២៣ គ.វ.ក-១៩ ចុះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និង ការចូលរួមបន្តការពារ ថែរក្សាការរស់នៅជាធម្មតានៅក្នុងប្រក្រតីភាពថ្មីបានយូរអង្វែង ព្រមទាំងដើម្បីសុខ ភាពផ្ទាល់ខ្លួនរបស់បងប្អូនផងដែរ។ ត្រង់ចំណុចនេះ ខ្ញុំសូមឱ្យរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរសុខាភិ បាលរាជ ធានី-ខេត្តទាំងអស់ បន្តយកចិត្តទុកដាក់ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្តបន្ទាប់ទៀត ជាពិសេស នៅតាមតំបន់ដែលមានអត្រាចាក់ដូសជំរុញនៅទាប និងត្រូវយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងនេះ ជូនដល់ក្រុម គ្រូពេទ្យ ក្រុមអ្នកប្រតិបត្តិការជួរមុខ ក្រុមងាយរងគ្រោះ ដូចជាជនវ័យចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែល មានជំងឺរ៉ាំរ៉ៃ ជាដើមទៅតាមការណែនាំដែលធ្លាប់បានជម្រាបជូន ជាហូរហែមកហើយ។
៣- ពង្រឹងសមត្ថភាពជាតិក្នុងការឆ្លើយតប ៖
សម្រាប់ថ្នាក់កណ្តាល អាជ្ញាធរថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធ ត្រូវបន្តរក្សាសមត្ថភាពជាតិដែលមាន និងត្រៀមលក្ខណៈ ព្រមទាំងបង្កើនធ្វើឱ្យបានល្អប្រសើរឡើងនូវភាព ត្រៀមរួចរាល់សម្រាប់ព្រឹត្តិការណ៍ នាពេលអនាគត។ ក្នុងន័យនេះ ការបន្តពង្រឹងនិងពង្រីកសមត្ថភាពមន្ទីរពេទ្យ ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ (រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្ភារៈ បរិក្ខារពេទ្យ ធនធានមនុស្ស និងការផ្គត់ផ្គង់ទាន់ពេល) ត្រូវមានផែន ការច្បាស់លាស់គិតគូរវាយតម្លៃទៅតាមស្ថានភាពដែលអាចមានការរាតត្បាតពីមេរោគថ្មីៗ និងពីវីរុសកូវីដ-១៩ បំប្លែងថ្មីៗដែល អាចកើតមានឡើងជាយថាហេតុ នាពេលអនាគត ដោយផ្អែកលើមូលដ្ឋានធនធានដែលមាន និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការកៀរគរដៃគូអភិវឌ្ឍន៍នៅ ក្នុងការត្រៀម លក្ខណៈឱ្យបានសមស្របនេះ។
នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល ត្រូវត្រៀមលក្ខណៈ និងបន្តពង្រឹងយន្តការគ្រប់គ្រង និងការអនុវត្តច្បាប់ លើការចេញអាជ្ញាប័ណ្ណ ឬការអនុញ្ញាតធ្វើចរាចរឱសថ បរិក្ខារពេទ្យ និងវ៉ាក់សាំងចាំបាច់ៗ ឱ្យបានល្អប្រសើរ តម្រូវតាមស្ថានភាពបន្ទាន់នៃការរាតត្បាតជំងឺ ចូល រួមប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីសុវត្ថិភាពប្រើប្រាស់ និងមានប្រសិទ្ធភាព នាគ្រាមានការឆ្លងរាតត្បាតជំងឺថ្មីៗដែលអាចមានជាយថាហេតុ រួមទាំងជំងឺកូវីដ-១៩ ផងដែរ។
៤- កម្មវិធីចាក់ថ្នាំបង្ការកូវីដ-១៩ នៅក្នុងជីវិតមនុស្សជាទូទៅ ៖
ក្រសួងសុខាភិបាលតាមរយៈ គ.វ.ក-១៩ កំពុងជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ហើយ កម្មវិធីជាតិចាក់ថ្នាំបង្ការ (EPI) នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ត្រូវយកចិត្តទុកដាក់ ក្នុងការរៀបចំដាក់ បញ្ចូលកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ទៅក្នុងកម្មវិធីចាក់ថ្នាំបង្ការក្នុងជីវិតមនុស្សជាទូទៅ និងរក្សា និងជំរុញ ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សនៅក្នុងក្រុមអាទិភាពទាំងអស់ ដូចមាន ការណែនាំនៅក្នុងចំណុចទី២ ខាងលើ និងនៅក្នុងឯកសារ SAGE Roadmap របស់អង្គការសុខភាពពិភពលោក ចេញផ្សាយក្នុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ។
៥- បន្តតាមដានដោយយកចិត្តទុកដាក់នូវស្ថានភាពជំងឺដែលអាចបង្កការរាតត្បាតនាពេលខាងមុខ ៖នាយក ដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ត្រូវបន្តធ្វើការតាមដានស្ថានភាពជំងឺកូវីដ-១៩ ដោយសហការ ជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងណែនាំមន្ត្រី សុខាភិបាលឆ្លើយ តបបន្ទាន់ និងជំនាញពាក់ព័ន្ធ ត្រៀមលក្ខណសម្បត្តិឱ្យ បានគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅ នឹងការផ្ទុះឡើង នូវការឆ្លងរាលដាលក្នុងទ្រង់ទ្រាយណាមួយជាយថាហេតុ នៅតាមភូមិសាស្ត្រ ឬតំបន់របស់ខ្លួន។ ជាមួយគ្នានេះ ត្រូវបន្តតាមដានជំងឺឆ្លងតាមប្រព័ន្ធ តាមដានជំងឺឆ្លង និងនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងតាម មន្ទីរពេទ្យឯកជន នូវជំងឺឆ្លងដែលសង្ស័យអាចជាជំងឺថ្មី ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងជំងឺផ្តាសាយ ជាប់ជាប្រចាំ ជាពិសេសលើមនុស្សចាស់ និងក្រុមងាយរងគ្រោះ ព្រមទាំងបន្តពង្រឹងផ្នែកសង្គ្រោះបន្ទាន់ផងដែរ។ លើសពីនេះ ត្រូវបន្តតាមដានការវិភាគនៅតាមមន្ទីរពិសោធន៍ជាតិនៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ និងវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបន្តធ្វើវិភាគ និងធ្វើ Sequencing វត្ថុសំណាកដែលមានវិជ្ជមានវីរុសកូវីដ-១៩ ឬរកឃើញមេ រោគថ្មីៗណាមួយ ដើម្បីជាមូលដ្ឋាននៃការដាក់ចេញវិធានការឆ្លើយតប និងទប់ស្កាត់បានទាន់ពេលវេលា។
៦- បន្តការធ្វើទំនាក់ទំនងហានិភ័យ (Risk Communication) ៈ
មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ត្រូវបន្តការងារអប់រំសុខភាព និងជំរុញការចូលរួមរបស់បុគ្គល ក្រុមគ្រួសារ និងសហគមន៍ នៅក្នុងការការពារពីការចម្លងមេរោគ ក្នុងនោះមានវីរុសកូវីដ-១៩ ពួកបំប្លែងថ្មីៗ ជាមួយនឹងការ គ្រប់គ្រងប្រឆាំងនឹងព័ត៌មានមិនពិត ប្រឌិត ឬក្លែងបន្លំ ជាដើម ដោយផ្អែកលើស្ថានភាព និងបច្ចុប្បន្នភាព នៃការ វិវត្តជំងឺផងដែរ ព្រមទាំងប្រើប្រាស់សម្ភារៈអប់រំ ចែកចាយ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងឱ្យមានប្រ សិទ្ធភាពខ្ពស់។ ធ្វើការសហការជាមួយដៃគូសុខាភិបាល បើចាំបាច់។
ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមលើកទឹកចិត្តឱ្យសាធារណជនទូទៅ មន្ត្រីឆ្លើយតបបន្ទាន់ នាយកដ្ឋានពាក់ព័ន្ធ និងស្ថាប័នជំនាញ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត អនុវត្តតាមការណែនាំ ខាងលើ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសុខភាពបុគ្គល និងក្រុមគ្រួសារ បានចៀសផុតពីជំងឺឆ្លងរាតត្បាត កូវីដ-១៩ និងជំងឺឆ្លងថ្មីៗ ព្រមទាំងសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋ បុគ្គលិក-មន្ត្រីរាជការទាំងអស់ និងថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់ ជួបប្រទះតែសុខភាពល្អ ចៀសផុតនូវជំងឺកូវីដ-១៩ និងជំងឺតម្កាត់ផ្សេងៗ ព្រមទាំង ពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕