Sunday, June 29, 2025
Homeព័ត៌មានជាតិ យុវជនបរិស្ថាន ហែញត្តិស្នើពន្លឿនដាក់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ

 យុវជនបរិស្ថាន ហែញត្តិស្នើពន្លឿនដាក់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមយុវជនស្រលាញ់ធនធានធម្មជាតិ ប្រមាណជិត ២០នាក់ បានដើរក្បួនដង្ហែញត្តិស្នើពន្លឿនដាក់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ ចាប់ពីក្បែរសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ទៅទីស្តីការក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងខុទ្ទការល័យសម្តេចនាយករដ្ឋមន្រ្តី ដោយមានការ សម្រួលចរាចរណ៍ពីអាជ្ញាធរ ប្រមាណជាង ៥០នាក់។

ក្រុមយុវជនស្រលាញ់ធនធានធម្មជាតិ បានឲ្យដឹងថា ការដាក់ញត្តិនេះ ក្នុងគោលបំណងស្នើសុំ ៥ចំណុច ដូចខាងក្រោម ៖

១- លុបកិច្ចសន្យាដើម្បីធ្វើការអភិវឌ្ឍកោះកុងក្រៅ ដែលរាជរដ្ឋាភិបាលកម្ពុជា បានច។ហត្ថលេខាជាមួយ​ពីក្រុម​ហ៊ុន Koh Kong SEZ  ដោយសម្ងាត់ និងមិនបានធ្វើការពិគ្រោះជាមួយភាគីពាក់ព័ន្ធណាមួយ។ ប្រជាជនកម្ពុជា ជាពិសេសសហគមន៍នៅខេត្តកោះកុងដែលជាទីតាំងកោះដ៏អស្ចារ្យនេះ អាចទទួលបានអត្ថប្រយោជន៍ពីការ​អភិរក្សកោះកុងក្រៅ នៅក្នុងទ្រង់ទ្រាយដើមដូចពេលបច្ចុប្បន្នជាងជាងកាេដែលកោះកុងក្រៅ ត្រូវបានអភិវឌ្ឍ។

២- ដាក់កោះកុងក្រៅទាំងមូល ព្រមទាំងទាំងដែនសមុទ្រជុំវិញកោះ ជាឧទ្យានជាតិសមុទ្រ ដែលនឹងមិនរង​ការបំផ្លិច​បំផ្លាញក្រោមរូបភាពអភិវឌ្ឍណាមួយ ព្រោះគំរូនៃការអភិវឌ្ឍរបស់កម្ពុជាបច្ចុប្បន្ន ដែលធ្លាប់ធ្វើទៅ​លើកោះ ឬតំបន់ការពារស្រស់ស្អាតផ្សេងទៀត មិនមែនជាឧទាហរណ៍វិជ្ជមានសម្រាប់យកមក​អនុវត្តលើកោះ​កុងក្រៅ នោះទេ។

៣- សហការជាមួយសហគមន៍មូលដ្ឋាន សកម្មជនបរិស្ថាន ក៏ដូចអង្គការជាតិ និងអន្តរជាតិ ដើម្បីធ្វើការ​សិក្សា​កំណត់ចំនួនភ្ញៀវទេសចរដែលទៅលេងកោះកុងក្រៅ ក្នុងកម្រិតមួយជាក់លាក់ ដោយធ្វើយ៉ាងណាកាត់បន្ថយ​ផលប៉ះពាល់បរិស្ថាននៅលើកោះ ឲ្យបានតិចបំផុត តាមដែលអាចធ្វើទៅបាន។

៤- សហការជាមួយភាគីអ្នកជំនាញជាតិនិងអន្តរជាតិ ដែលពាក់ព័ន្ធ ក្នុងការកែប្រែកោះនេះ និងព្រៃកោងកាងដ៏​អស្ចារ្យព័ទ្ធជុំវិញកោះ ឲ្យទៅជាមជ្ឈបណ្ឌលស្រាវជ្រាវអេកូឡូស៊ីមួយក្នុងតំបន់ ព្រំទាំងអថ្វើការពិចារណា​អំពីលទ្ធ​ភាពក្នុងការប្រើប្រាស់កោះនេះ ជាគម្រោងសាកល្បងក្នុងការអភិរក្ស និងការកកើតឡើងវិញនៃសត្វព្រៃសំខាន់ៗ ក្នុងប្រទេសកម្ពុជា ។

៥- បញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់ទៅលើសកម្មជនបរិស្ថាន ដែលបានជំរុញឲ្យមានការអភិរក្សកោះកុងក្រៅ ឲ្យនៅទ្រង់ទ្រាយដើម និងស្នើសុំទម្លាក់គ្រប់បទចោទប្រកាន់មកលើ កញ្ញាឡុង គន្ធា កញ្ញាភួន កែវរស្មី លោកថុន រដ្ឋា កញ្ញាស៊ុន រដ្ឋា លោកលី ចាន់ដារ៉ាវុត លោកយឹម លាងហ៊ី ដែលជាសកម្មជនបរិស្ថាន នៃចលនាមាតា​ធម្ម​ជាតិ កំពុងដឹកនាំយុទ្ធនាការការពារកោះកុងក្រៅ ដ៏ស្រស់ស្អាតនេះ។

ក្បួនដង្ហែរមកដល់ទីស្តីការក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ដោយគ្មាន​ការរាំងឡើយ ក្រោយពីរង់ចាំនៅខាងមុខក្រសួងទេសចរណ៍ អស់រយៈពេលប្រមាណជិតកន្លះម៉ោង។ ដំបូង​ឡើយ ក្រសួងទេសចរណ៍ បានបដិសេធទទួលញត្តិ ដោយលើកមូលហេតុថា មិនពាក់ព័ន្ធនឹងក្រសួងទេចរណ៍​ឡើយ។ បន្ទាប់មក ក្រសួងបានអនុញ្ញាតឲ្យតំណាងយុវជន ១រូប ចូលជួប គឺកញ្ញា ភូន កែវរស្មី បន្ទាប់ពី​ជួបមន្ត្រី​ក្រសួង និងបានទទួលញត្តិរួច ជាការឆ្លើយតប ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នឹងបញ្ជូនទៅថ្នាក់លើ។ រីឯក្រសួងបរិស្ថាន និងខុទ្ទការល័យសម្តេចនាយករដ្ឋមន្រ្តី មិនទាន់មានការឆ្លើយតបអ្វីឡើយ៕ ខៀវទុំ

RELATED ARTICLES