ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២៣ គឺចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជា រកចំណូលបានចំនួនជាង ២៣លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុបជាង ៤៩ម៉ឺននាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រយៈពេល៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជា រកចំណូលបានចំនួន ២៣ ០៩១ ៩៣១ដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ៤៩៨ ៥១៣នាក់។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា សម្រាប់ខែសីហា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនៃ ២ ៧៧៤ ៥៨៦ដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៥៩ ១៤៨នាក់។

គួរបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៩៩៧ ០២៦ដុល្លារ ពីចំណែកនៃការលក់ប័ណ្ណចូលទស្សនារមណីយអង្គរ ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជា៕