Saturday, June 28, 2025
Homeព័ត៌មានជាតិករណីមីងនាយករដ្ឋមន្ត្រីថា ពងមាន់ជល់នឹងភ្នំថ្ម ក្រសួងយុត្តិធម៌ ណែនាំតុលាការរកយុត្តិធម៌

ករណីមីងនាយករដ្ឋមន្ត្រីថា ពងមាន់ជល់នឹងភ្នំថ្ម ក្រសួងយុត្តិធម៌ ណែនាំតុលាការរកយុត្តិធម៌

ភ្នំពេញ ៖ ករណីស្ត្រីម្នាក់ជាតំណាងក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់ បានចេញមុខទួញយំសុំអន្តរាគមន៍ដោយចោទ ថាថ្នាក់ដឹកនាំសាកលវិទ្យាល័យឥន្ទ្រវិជ្ជា មិនទូទាត់ថ្លៃដាក់កញ្ចក់ ហើយថែមទាំងប្តឹងខ្លួនទៅតុលាការទៀត ហើយត្រូវបានលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ម្តាយមីងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា អន្តរាគមន៍ឲ្យមានដំណោះស្រាយ ដោយប្រៀបធៀបថា ជាករណីពងមាន់ជល់នឹងភ្នំថ្មនោះ ពេល នេះត្រូវបានក្រសួងយុត្តិធម៌ ធ្វើការណែនាំឱ្យតុលាការ យកចិត្តទុកដាក់ស្វែងរកការពិត និងដោះស្រាយរឿង ក្តីនេះឱ្យបានយុត្តិធម៌ ជូនគ្រប់ភាគីទាំងអស់។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធករណីជម្លោះរឿងដាក់កញ្ចក់ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។សេចក្តីប្រកាសព័ត៌មាន មានខ្លឹមសារថា “អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ៖ កន្លងមកថ្មីៗនេះ មានការបង្ហោះនៅលើបណ្តាញទំនាក់ ទំនង សង្គមជាច្រើន អំពីបញ្ហាពាក់ព័ន្ធនឹងករណីទាមទារការទូទាត់ប្រាក់ថ្លៃកញ្ចក់ ដែលក្រុមហ៊ុន “អឺបឺន ពីជ័រ (URBAN WINDOORS)” បានយកទៅបំពាក់នៅសាកលវិទ្យាល័យ “ឥន្ទ្រវិជ្ជា”។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងករណីខាងលើរួចហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ហើយតំណាងអយ្យការ បាននិងកំពុងចាត់ការលើសំណុំរឿងនេះ ដោយយកចិត្តទុកដាក់ និងធ្វើការកោះហៅភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីស្តាប់ចម្លើយនៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីមានមូលដ្ឋានក្នុងការសម្រេចតាមនីតិវិធីច្បាប់»។

ជាមួយនេះ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ថា ចំពោះករណីរឿងទាមទារទូទាត់ថ្លៃកញ្ចក់នេះ អយ្យការកំពុងចាត់ការតាមនីតិវិធីច្បាប់ ហើយ ដើម្បីស្វែងរកការពិតក្នុងរឿងនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធករណីខាងលើនេះ លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំអយ្យការ ឱ្យយកចិត្តទុកដាក់ក្នុងការស្វែងរកការពិត និងដោះស្រាយរឿង ក្តីនេះឱ្យបានយុត្តិធម៌ ហើយសូមគ្រប់ភាគីទាំងអស់ ទុករឿងក្តីនេះជូនអយ្យការ ដើម្បីធ្វើការពិនិត្យនិងដោះ ស្រាយឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ជុំវិញករណីវិវាទរវាងក្រុមហ៊ុនបំពាក់កញ្ចក់ និងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នេះ លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ធ្លាប់បានបញ្ចេញប្រតិកម្ម តាមទំព័របណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួនលោកស្រី កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ថា “យុត្តិធម៌ត្រូវតែមានសម្រាប់រាស្ត្រទន់ខ្សោយ តើរឿងនេះយ៉ាងម៉េចទៅវិញ?  ខ្ញុំមិនយល់ ទេថា ម្ចាស់អ្នកម៉ៅការដំឡើងកញ្ចក់ថាខាងសាលាមិនទាន់ឱ្យលុយ រីឯឯកឧត្តម លី សាម៉េត ថាឱ្យលុយហើយ ចុះលុយនេះទៅណា បានជាម្ចាស់ម៉ៅការមិនបានទទួលលុយ? ម៉្យាងទៀត សូមលោកអ្នកច្បាប់ មេត្តាជួយ ពិនិត្យរឿងនេះផង ដូចជាមានភាពមិនប្រក្រតីសោះឡើយ…”។

លោកស្រី ហ៊ុន ស៊ីណាត បានសរសេរបន្ថែម ផ្តាំផ្ញើទៅអ្នកឧកញ៉ា លី សាម៉េត អធិការបតីនិងជាម្ចាស់ភាគហ៊ុនធំ របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ថា “សូមអ្នកឧកញ៉ា ឱ្យខាងសាលាមេត្តាបង្ហាញលិខិតប្រគល់លុយផង ដើម្បីឱ្យ មហាជនយល់ ដោយខ្ញុំមិនយល់ថា ហេតុអីមនុស្សនៅសុខៗជាពលរដ្ឋហ៊ានទៅ យកពងមាន់ជល់នឹងភ្នំនោះ។ បើអ្នកឧកញ៉ា ចេញសម្តីថា មិនដែលយកពាក្យអីដែលប៉ះពាល់ជាមួយសម្តេច ចុះហេតុអីចាំបាច់ប្រើ Profile រូប សម្តេច ធ្វើអី? ម៉្យាងទៀត សូមអ្នកឧកញ៉ា និងម្ចាស់ម៉ៅការ ជួបគ្នានៅសាលាខណ្ឌ ទៅវាល្អប្រសើជាងផ្ទះ អ្នក ឧកញ៉ា។ ខ្ញុំស្គាល់លោក ឡាច សំរោង ច្បាស់ណាស់ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដែលជូត ញើសឱ្យ នោះ…”។

លោកស្រី ហ៊ុន ស៊ីណាត បានសរសេរបន្ថែមទៀតថា “សុំឆ្ងល់ រឿងសាលានេះខ្ញុំដឹងថា មានភាគហ៊ុនធំ លោក ឧកញ៉ាបណ្ឌិត ជា ចំរើន តែហេតុអីពេលនេះមកចេញឈ្មោះម្ចាស់ភាគហ៊ុនធំម្នាក់ទៀត អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទៅវិញ? ម៉្យាងទៀត សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ខ្ញុំធ្លាប់រៀនទីនោះដែរ បាត់លោកឧកញ៉ា បណ្ឌិត ជា ចំរើន ទៅណាទៅ? គាត់ជាម្ចាស់សាលារៀននេះ…”។

ឆ្លើយតបទៅលោកស្រី ហ៊ុន ស៊ីណាត ដែលបានលើកឡើងខាងលើនេះ អ្នកឧកញ៉ា លី សាម៉េត បានបញ្ជាក់ តាមគណនីហ្វេសប៊ុករបស់លោកថា “ជម្រាបសួរ លោកជំទាវ ! ការងារទាំងអស់ ខ្ញុំបាទមិនដឹងទេ ទើបដឹង ក្មួយស្រីថា ខាងសាលាមិនទាន់បានសងលុយគាត់ បានជាគាត់យំស្រែក ហើយខ្ញុំបាទចេញមុខជិតមួយអាទិត្យ ហើយ ហៅគាត់ គាត់មិនមកផង គាត់មិនហ៊ានមកទេ លោកជំទាវ ជឿខ្ញុំបាទទៅ ព្រោះគាត់បានយកលុយពី ខាងសាលា អស់ហើយ។ ហើយខ្ញុំបាទ ក៏បានពន្យល់លោកជំទាវហើយអស់ដែរ ខ្ញុំបាទ និងជំទាវ មិនមានពាក់ ព័ន្ធអ្វីទៀតទេ រឿងនេះទុកឱ្យខាងសាលា ជាអ្នកសម្រេចចុះ ខ្ញុំបាទហើយនិងលោកជំទាវ គោរពស្រលាញ់ គ្នាដូចបងប្អូន ពីថ្ងៃនេះទៅ។ រឿងខ្លះ ខ្ញុំបាទមិនអាចនិយាយជម្រាបលោកជំទាវបាន បើលោកជំទាវ មានតេឡេ ក្រាម ខ្ញុំបាទនឹងផ្ញើសារជូនលោកជំទាវស្តាប់ និងយល់គ្រប់រឿងទាំងអស់…”។

បន្ថែមពីលើនេះ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា លី សាម៉េត បានធ្វើលិខិតបំភ្លឺមួយ ជូនលោកស្រីហ៊ុន ស៊ីណាត ដែលមានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទ បណ្ឌិត លី សាម៉េត សូមបកស្រាយបំភ្លឺ ករណីជាងម៉ៅការ ដាក់កញ្ចក់អគារ ១០ជាន់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ទីតាំងផ្ទះលេខ៥៧៨ ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

ខ្ញុំបាទសូមធ្វើការបកស្រាយនិងបំភ្លឺជូនចំពោះលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ជាទីគោរពដ៏ខ្ពង់ខ្ពស់ និង សាធារណជន ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ជាទីគោរព មេត្តាជ្រាបថា ៖

កាលពីវេលាម៉ោងប្រហែល ៩ៈ២០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានធ្វើការផ្សាយផ្ទាល់តាមផេកហ្វេសប៊ុកផ្លូវការ របស់លោកជំទាវ ឈ្មោះ Sinath Hun ពីសហរដ្ឋអាមេរិក ប្រហែលជាលោកជំទាវឧកញ៉ា មានការភ័ន្តច្រឡំថា រូបខ្ញុំបាទ បណ្ឌិត លី សាម៉េត ជាអ្នកប្តឹងទៅលើក្រុម ម៉ៅការកញ្ចក់អគារ១០ជាន់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។ ក្នុងករណីនេះ ខ្ញុំបាទសូមជម្រាប បញ្ជាក់ជូនដល់ លោកជំទាវឧកញ៉ា និងសាធារណជន ឲ្យបានជ្រាបថា ខ្ញុំបាទមិនមានការពាក់ព័ន្ធទៅនឹងការប្តឹងក្រុមហ៊ុនកញ្ចក់ ដែលមានឈ្មោះហឹង ប៊ុនធឿន និងឈ្មោះសាទ ដាលីស នោះទេ។ ចំពោះកិច្ចការនៃការដាក់បណ្តឹងនេះ ជាកាត ព្វកិច្ចរបស់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។ ក៏ប៉ុន្តែក្នុងនាមខ្ញុំបាទជាអធិការបតី និងជាម្ចាស់ភាគ ហ៊ុនធំ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខ្ញុំបាទមានសិទ្ធិដោះស្រាយគ្រប់រឿងដែលមានការ ពាក់ព័ន្ធជាមួយ សាកលវិទ្យាល័យឥន្ទ្រវិជ្ជាទាំងអស់។ ទើបខ្ញុំបាទ សូមអញ្ជើញភាគីអ្នកម៉ៅការដាក់កញ្ចក់សាកលវិទ្យាល័យ មកធ្វើការសាកសួរ និងដោះស្រាយក្នុងការដែលខាងក្រុមហ៊ុនម៉ៅការកញ្ចក់ បានធ្វើការចោទប្រកាន់ មកលើ ខាងសាលាថា បានបោកប្រាស់ធ្វើកញ្ចក់ ហើយមិនសងលុយពួកគាត់ ហើយបានធ្វើការផ្សាយតាមបណ្តាញ សង្គម និងបណ្តាញព័ត៌មាននានា ដើម្បីរកយុត្តិធម៌ឱ្យពួកគាត់។ មូលហេតុដែលខ្ញុំបាទ ធ្វើដូចនេះ គឺខ្ញុំបាទមាន ការបារម្ភខ្លាចថា ក្មួយស្រី សាទ ជាលីស ជាក្រុមហ៊ុនកញ្ចក់ រងនូវភាពអយុត្តិធម៌។ ក៏ប៉ុន្តែខ្ញុំបាទបានអញ្ជើញ ពួកគាត់ ជាច្រើនលើកច្រើនសាមកហើយ តែពួកគាត់មិនព្រមចូលខ្លួនមកដោះស្រាយ តាមសំណើរបស់ខ្ញុំបាទ នោះទេ បើគាត់ពិតជារងនូវភាពអយុត្តិធម៌ពិតមែន ចូរក្មួយស្រី សាទ ជាលីស និងក្រុមការងារគាត់ អញ្ជើញមក ជួបខ្ញុំបាទ ទើបការងារនេះអាចដោះស្រាយបាន។ តែផ្ទុយទៅវិញ ខ្ញុំបាទរង់ចាំជិតមួយសប្តាហ៍មកហើយ ក្មួយស្រី សាទ ជាលីស និងក្រុមការងារគាត់ ចេះតែគេចវេះរហូត មិនព្រមចូលខ្លួនមកដោះស្រាយ ដើម្បីបញ្ចប់ វិវាទនេះទេ។ ក្នុងករណីបែបនេះ តើលោកជំទាវឧកញ៉ា គួរឱ្យខ្ញុំបាទធ្វើបែបណា បើខាងភាគីម្ខាងទៀត មិនព្រម ចូលខ្លួនមកជួប ដើម្បីធ្វើការដោះស្រាយ។ ខ្ញុំបាទសង្ឃឹមហើយជឿជាក់ថា លោកជំទាវឧកញ៉ា នឹងជួយអញ្ជើញ ភាគីក្មួយស្រី សាទ ជាលីស មកជួបខ្ញុំបាទផ្ទាល់ នៅគេហដ្ឋានខ្ញុំបាទ នៅទួលសង្កែ បុរីរិទ្ធ ផ្ទះលេខអិល១៣ ផ្លូវ៦ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ខ្ញុំបាទរង់ចាំ ២៤ម៉ោង លើ២៤ម៉ោង ហើយនឹងយកឯកសារ ផ្សេងៗដែលពាក់ព័ន្ធមកជាមួយផង។

ចំណុចមួយទៀត នៅពេលដែលខ្ញុំបាទចុះទៅធ្វើសន្និសីទកាសែត នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅពេលនោះ សូម្បីតែឈ្មោះទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្ស ក៏ខ្ញុំមិនហ៊ាន យកមកប្រើដែរ ព្រោះខ្ញុំបាទយល់ថា នេះគឺមិនមែនជាការងារបក្សនោះទេ គឺជាការងាររកស៊ី សូមលោកជំទាវ ឧកញ៉ា មេត្តាទានជ្រាប។ នៅពេលនោះ អ្នកសារព័ត៌មានក៏បានសួរមកខ្ញុំបាទថា មូលហេតុអ្វីបានជាឯកឧត្តម មានគំនិតមករកស៊ីដាក់ទុនវិនិយោគជាមួយសាកលវិទ្យាល័យឥន្ទ្រវិជ្ជា វិញ? នៅក្នុងពេលនោះ ខ្ញុំបាទយល់ ឃើញថា ជាឱកាសល្អ ទើបខ្ញុំបាទជម្រាបទៅអ្នកសារព័ត៌មានវិញថា ខ្ញុំបាទឃើញមេដឹកនាំគណបក្សប្រជាជន គឺសម្តេចតេជោ លោកខិតខំលះបង់គ្រប់បែបយ៉ាង ដោយយកជីវិតធ្វើជាដើមទុន ដើម្បីតែព្រះរាជាណាចក្រ កម្ពុជា ដ៏កម្សត់មួយនេះ ហើយខ្ញុំបាទក៏បានលើកឡើងបន្ថែមទៀតថា កាលពីសម័យមុន មិនមានសាលារៀន ដូចសម័យសម្តេចតេជោ សែន នេះទេ មានតែសម្តេចតេជោ សែន មួយរូបគត់ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ។ សម្តេចតេជោ លោកខិតខំបង្កើតឱ្យមានសាលារៀនគ្រប់កម្រិតទាំងអស់ ទូទាំងព្រះរាជាណា ចក្រកម្ពុជា។ ចំណុចនេះហើយដែលប្រជាពលរដ្ឋ និងនិស្សិតបញ្ញវន្តទាំងអស់ គ្រប់មជ្ឈដ្ឋាន មានការដឹងគុណ ដល់សម្តេចតេជោ ដែលលោកខិតខំបង្កើតធនធានមនុស្ស ដល់សព្វថ្ងៃនេះ ទើបខ្ញុំបាទលើកឡើងក្នុងការពាក់ ព័ន្ធនឹងគុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា នៅក្នុងរឿងនេះ។ ខ្ញុំបាទគ្មានគំនិតលើកឈ្មោះនិងកិត្តិនាមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ យកមកគំរាមកំហែង ឬមួយប្រើអំណាច ទៅលើភាគីខាងណានោះទេ ប្រហែលជា លោកជំទាវឧកញ៉ា អាចនឹងមានការយល់ច្រឡំមកលើរូបខ្ញុំបាទ…»។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះដែរ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានធ្វើការបកស្រាយបំភ្លឺ ក្នុងវីដេអូផ្សាយផ្ទាល់ តាមទំព័រហ្វេស ប៊ុក របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ថា “ខ្ញុំបាទ ឡាច សំរោង សាកលវិទ្យាធិការ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងលោកបណ្ឌិត ឈឿង សាវន ជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមួយរយៈកន្លង មកនេះ ខ្ញុំបាទនៅស្ងៀមស្ងាត់ មិនចេញមកបំភ្លឺពីករណីវិវាទរវាងក្រុមហ៊ុនកញ្ចក់ និងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដោយសារតែសាកលវិទ្យាល័យ មានគណៈគ្រប់គ្រង និងបែកចែកតួនាទី ភារកិច្ចច្បាស់លាស់ តែមូលហេតុដែល ខ្ញុំបាទចេញមកធ្វើការស្រាយបំភ្លឺនៅថ្ងៃនេះ គឺចង់ឱ្យសាធារណជនបានជ្រាបពីបញ្ហាវិវាទនៃកិច្ចសន្យាកញ្ចក់។ ជាដំបូង ខ្ញុំបាទសូមជម្រាបថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានដាក់បណ្តឹងចំពោះឈ្មោះហឹង ប៊ុនធឿន និង ឈ្មោះសាទ ដាលីស ដែលជាក្រុមហ៊ុនកញ្ចក់បំពាក់ឱ្យសាកលវិទ្យាល័យ គឺបណ្តឹងនេះជាបណ្តឹងផ្ទាល់របស់សា កលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានលោកបណ្ឌិត ឈឿង សាវន ជាសាកលវិទ្យាធិការរង ទទួលបន្ទុកនៅកិច្ច ការងារសាងសង់អគារថ្មី កម្ពស់១០ជាន់ នៅផ្លូវលេខ៧០ សង្កាត់ទួលសង្កែ គឺមិនមានការពាក់ ព័ន្ធជាមួយនឹង លោកពុក លី សាម៉េត ដែលជាអធិការបតី និងជាម្ចាស់ភាគហ៊ុនធំ របស់សាកលវិទ្យាល័យនោះទេ។ កិច្ចការងារបច្ចេកទេស និងកិច្ចការងារគ្រប់គ្រងរបស់សាកលវិទ្យាល័យ គឺមានសាកលវិទ្យាធិការរង ទទួលបន្ទុក ពិសេសកិច្ចការងារសាងសង់អគារតែម្តង អ៊ីចឹងទេ សូមបញ្ជាក់ថា កិច្ចការបណ្តឹងដែលដាក់កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ចំពោះឈ្មោះហឹង ប៊ុនធឿន និងសាទ ដាលីស ពីបទបរិហារកេរ្តិ៍ជាសាធារណៈ កំហែងយក និងញុះញង់ឱ្យមានការរើសអើង គឺជាបណ្តឹងរបស់លោកបណ្ឌិត ឈឿង សាវន ក្នុងនាមភាគីតំណាងឱ្យសា កលវិទ្យាល័យឥន្ទ្រវិជ្ជា មិនពាក់ព័ន្ធនឹងលោកបណ្ឌិត លី សាម៉េត នោះទេ»។

លោកឡាច សំរោង បានបន្តថា “ខ្ញុំក៏សូមបញ្ជាក់ផងដែរថា ចន្លោះពេលវិវាទដែលកើតឡើង តាំងពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ធ្វើការឡាយតាមបណ្តាញសង្គម ដើម្បីទាមទាររកយុត្តិធម៌ភ្លាមនោះ លោកបណ្ឌិត លី សាម៉េត បានប្រាប់មកគណៈគ្រប់គ្រង ឱ្យរកវិធីដោះស្រាយឱ្យអស់ពីលទ្ធភាព ធ្វើម៉េចក៏ត្រូវធ្វើការសម្រប សម្រួលឱ្យអស់ពីលទ្ធភាព ទោះបីភាគីយើងជាអ្នកត្រូវក៏ដោយ ហើយលោកបណ្ឌិត លី សាម៉េត ក៏បានណែ នាំមកខ្ញុំបាទ ជាសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង ឱ្យអញ្ជើញឈ្មោះសាទ ដាលីស មកជួប ដើម្បីដោះ ស្រាយគ្នា និងស្វែងរកចំណុចកណ្តាលរួមមួយ ប៉ុន្តែគាត់អត់បានចូលខ្លួនមកដោះស្រាយទេ។ ជាក់ស្តែង នៅក្នុងលិខិតជូនដំណឹងចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដែលលោកស្រី សាទ ដាលីស ផ្ទាល់បានទទួល គឺអញ្ជើញមកដើម្បីធ្វើការដោះស្រាយគ្នា និងធ្វើការវាស់វែងជាក់ស្តែង មិនមែនជាលិខិតរំលាយកិច្ច សន្យា នោះទេ។ ជុំវិញករណីនេះ ខ្ញុំចង់បញ្ជាក់ថា ពិតមែនតែ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា អនុវត្តនូវកាតព្វកិច្ច និងអនុវត្តទៅតាមគោលការណ៍ច្បាប់ ដែលមានចែងនៅក្នុងកិច្ចសន្យា គឺយើងធ្វើទៅតាមគោលការណ៍ច្បាប់ នៅថ្ងៃនេះ ដែលខ្ញុំសម្រេចចិត្តមកធ្វើការបំភ្លឺជូន គឺមូលហេតុចង់ស្វែងរកការពិត និងយុត្តិធម៌ ពិសេសចង់ ស្វែងរកយុត្តិធម៌ចំពោះ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ទាំង៥ទីតាំង និងដែលមាននិស្សិតជាង ៥ពាន់នាក់ កំពុង តែសិក្សារៀនសូត្រ ហើយសូមបញ្ជាក់ថា សាកលវិទ្យាល័យ គ្មានបំណងអាក្រក់ណាមួយទៅធ្វើការ បោកប្រាស់ ដល់ក្រុមហ៊ុនបំពាក់កញ្ចក់នោះទេ គឺយើងធ្វើតាមគោលការណ៍ច្បាប់ ហើយយើងមានគណៈកម្មការច្បាស់លាស់ មើលលើការចំណាយ និងការសាងសង់អគារសាកលវិទ្យាល័យ នេះ…”។

ចំណែកលោកឈឿង សាវន សាកលវិទ្យាធិការរង សាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានបញ្ជាក់ថា “កិច្ចសន្យា រវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងក្រុមហ៊ុន អឺបឺន ពីជ័រ របស់លោកស្រី សាទ ដាលីស ដែលបានធ្វើ កន្លង មកនេះ គឺខ្ញុំបាទជាអ្នកតំណាងឱ្យក្រុមការងារគណៈកម្មការជួសជុលសាកលវិទ្យាល័យ។ តាមពិត មួយរយៈនេះ ខ្ញុំអត់ធ្មត់មិនឆ្លើយតបជាមួយលោកស្រី សាទ ដាលីស នេះ គឺដោយសារអ្វីដែលសាកលវិទ្យាល័យធ្វើនេះ គឺមានកិច្ចសន្យាត្រឹមត្រូវ ជាក់ស្តែងខាងសាកលវិទ្យាល័យ ជាមួយួនឹងក្រុមហ៊ុនកញ្ចក់ បានចុះកិច្ចសន្យារួមគ្នា កាលពីថ្ងៃទី០១ ខែឧសភា ហើយខាងខ្ញុំក៏បានព្យាយាមបកស្រាយបំភ្លឺតាមនីតិវិធីច្បាប់ ជាហូរហែកន្លងមកដែរ ដោយមិនបានអនុវត្តនីតិវិធីណាប៉ះពាល់ដល់ខាងក្រុមហ៊ុនធ្ងន់ធ្ងរទេ ហើយខាងសាលា ក៏បានព្យាយាមឱ្យ មេធាវីសាលា ទំនាក់ទំនងនិងដាក់លិខិតអញ្ជើញឱ្យខាងក្រុមហ៊ុន ដើម្បីមកបំភ្លឺ និងដោះស្រាយ ធ្វើការជាមួយ គ្នាដែរ ប៉ុន្តែពី១ថ្ងៃទៅ១ថ្ងៃ គឺខាងក្រុមហ៊ុនកញ្ចក់ មិនបានចូលមកដោះស្រាយ ផ្ទៀងផ្ទាត់ការងារនេះទេ។ កិច្ចសន្យានេះ បានធ្វើឡើងរវាងខ្ញុំបាទ តំណាងឱ្យសាកលវិទ្យាល័យ ជាមួយលោកហឹង ប៊ុនធឿន តំណាងឱ្យ ក្រុមហ៊ុនកញ្ចក់ ហើយកិច្ចសន្យាបាននិយាយច្បាស់ណាស់ថា ការទូទាត់ប្រាក់ ធ្វើឡើងជា ៤ដំណាក់កាល ទី១-នឹងបង់១៥០០០ដុល្លារ នៅចំពោះមុខថ្ងៃផ្តិតមេដៃ ថ្ងៃចុះកិច្ចសន្យានោះ និងមានវិក្កយបត្របង់ត្រឹមត្រូវ នៅថ្ងៃទី០១ ខែឧសភា។ ទី២-បន្ទាប់ពីដំឡើងកញ្ចក់រួចរាល់ ៥០ភាគរយ ចំនួន២៩០០០ដុល្លារទៀត ប៉ុន្តែជាក់ ស្តែងនៅក្នុងរយៈពេលក្នុងកិច្ចសន្យា គឺក្រុមហ៊ុនដំឡើងអត់ទាន់បានទេ ហើយភាគីសាលា មានការយោគយល់ តែភាគីក្រុមហ៊ុនកញ្ចក់ លោកស្រីសាទ ដាលីស គាត់ នៅតែព្យាយាមមិនទាន់បាន ៥០ភាគរយផង គាត់តាម ទារលុយបង់ដំណាក់កាលទី២ ហើយឈ្មោះសាទ ដាលីស បានទាក់ទងមកខ្ញុំផ្ទាល់ ហើយក្នុងនាមអ្នក ទទួល បន្ទុក ក៏ពិភាក្សាជាមួយនឹងគណៈគ្រប់គ្រង និងសម្រេចបង់ថែមឱ្យ ៥០០០ដុល្លារទៀតទៅ ដោយសារយល់ អំពីការលំបាក និងការកែសម្រួលបច្ចេកទេសតិចតួច យើងក៏បង់ថែមឱ្យ ១០០០ដុល្លារទៀត សរុបទៅមិនទាន់ដំ ឡើងបានគ្រប់ ៥០ភាគរយផង ខាងសាកលវិទ្យាល័យ បានបង់ឱ្យគាត់ថែម ៦០០០ដុល្លារទៀតទៅហើយ ខ្ញុំសូមបញ្ផាក់ថា ក្នុងកិច្ចសន្យា គឺដំឡើងកញ្ចក់ ៥០ភាគរយរួចរាល់ មិនមែនដំឡើងគ្រោងនោះទេ…”។

លោកឈឿង សាវន បានបន្តថា “ចំពោះរឿងខាងក្រុមហ៊ុនចេះតែទាមទារឱ្យបង់ប្រាក់បន្ថែម ខាងសាកលវិ ទ្យាល័យ បានបញ្ជាក់ជូនហើយ គឺដោយសារមិនទាន់ត្រឹមត្រូវតាមកិច្ចសន្យា ព្រោះបើតាមការវាស់ វែ របស់ គណៈកម្មការសាកលវិទ្យាល័យ គឺទើបតែបាន ២៩០,៥៥ម៉ែត្រ ការ៉េទេ ស្មើនឹងប្រមាណជាង៣០ភាគរយទេ ហើយគិតជាថវិកា ប្រមាណជា ២ម៉ឺនដុល្លារប៉ុណ្ណឹង ហេតុនេះហើយបានលោកបណ្ឌិត លី សាម៉េត អធិការ បតីរបស់សាកលវិទ្យាល័យ បានអំពាវនាវឱ្យចូលមកធ្វើការដោះស្រាយ រកភាពត្រឹមត្រូវ រវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនកញ្ចក់ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ ខាងភាគីក្រុមហ៊ុនកញ្ចក់ អត់បានចូលខ្លួនមកនោះទេ។ អ៊ីចឹងទេ ជាក់ស្តែងកន្លងមកនេះ ដោយសារការទន្ទឹងរង់ចាំយូរ ទើបខាងគណៈគ្រប់គ្រង ក៏បានដាក់ពាក្យបណ្តឹង ហើយ ការដាក់ពាក្យបណ្តឹងនេះ ក្នុងនាមស្វែងរកភាពត្រឹមត្រូវប៉ុណ្ណោះ មិនដូចលោកស្រីសាទ ដាលីស ថាដាក់ពាក្យ បណ្តឹងព្រហ្មទណ្ឌ ចាប់គាត់ដាក់គុក ឃើញគាត់ស្រែកយំតាមបណ្តាញសង្គម កន្លងមក គឺជាការភាន់ច្រឡំ ធ្ងន់ធ្ងរណាស់ ហើយសូមបញ្ជាក់ កុំឱ្យមានការភាន់ច្រឡំថា សាកលវិទ្យាល័យ មានការបោកប្រាស់ ក្រុមហ៊ុន កញ្ចក់ ដែលមានលោកស្រី សាទ ដាលីស តែងតែឡាយមួយរយៈកន្លងមកនេះ តែងចោទថា សាលាបោកប្រាស់ មិនព្រមបង់លុយឱ្យក្រុមហ៊ុន គឺជាការភាន់ច្រឡំ ប៉ុន្តែអ្វីដែលសាលាចង់បាននោះ គឺយើងសូមអញ្ជើញ គាត់មក ផ្ទៀងផ្ទាត់ តែគាត់អត់ព្រមមកសោះ។ សរុបមកមកដល់ពេលនេះ ខាងសាកលវិទ្យាល័យ បានបង់ប្រាក់ ជូនភាគី ក្រុមហ៊ុនកញ្ចក់ សរុប ២១០០០ដុល្លាររួចរាល់ហើយ ទៅតាមលទ្ធផលការងារជាក់ស្តែង កញ្ចក់បំពាក់ឱ្យខាង សាកលវិទ្យាល័យ ទើបនឹងបានប្រមាណជាង ៣០ភាគរយ ឬស្មើនឹង ២៩០,៥៥ម៉ែត្រការ៉េ…”៕ ដារិទ្ធ

RELATED ARTICLES