ភ្នំពេញ ៖ សមាគមធាងត្នោត បានបញ្ជាក់ថា តាមរបាយការណ៍ការស្ទង់មតិក្នុងរាជធានីភ្នំពេញឆ្នាំ២០២៣ ស្តីពី ការសិក្សាទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញ បង្ហាញថា ប្រជាពលរដ្ឋដែលរស់នៅទីតាំងលំឋានក្រីក្រ ជាច្រើន កំពុងជាប់បំណុល ក្នុងនោះ ២៦ទីតាំង ក្នុងចំណោម ១៩១ទីតាំង បានរាយការណ៍ថាមានប្រ ជាជននៅ ក្នុងទីតាំងរបស់ពួកគេ បានលក់ផ្ទះ ដើម្បីសង់បំណុល ដោយសារអស់លទ្ធភាពសង ។ អង្គការដដែលបញ្ជាក់ ថា ការធ្លាក់ចូលទៅក្នុងបំណុលនេះ ប្រឈមមុខទៅនឹងការរំលោភសិទ្ធិមនុស្ស ដែលអាចកើតមានផ្សេងទៀត ដូចជាការបាត់បង់ដីធ្លី ការគ្មានផ្ទះសម្បែង ការធ្វើចំណាកស្រុកដោយបង្ខំ ការជាប់បំណុល ពលកម្មកុមារ និង ការមិនទទួលបានតម្រូវការមូលដ្ឋានផ្សេងទៀត។

យោងតាមរបាយការណ៍របស់សមាគមធាងត្នោត ដែល «នគរធំ» ទទួលបាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការស្ទង់មតិក្នុងរាជធានីភ្នំពេញ ឆ្នាំ២០២៣ : ស្តីពីការសិក្សាទីតាំងលំនៅឋានក្រីក្រក្នុងទីក្រុងភ្នំពេញ ដែលជារបាយការណ៍ការសិក្សាបន្តពីរបាយការណ៍ស្តីពីស្ថានភាពនៃការតាំងទីលំនៅក្រីក្រនៅរាជធានីភ្នំពេញ ឆ្នាំ២០១៧ របស់អង្គការសមាគមធាងត្នោត បានបញ្ជាក់ថា របាយការណ៍នេះ មានគោលបំណងធ្វើបច្ចុប្បន្នភាព ទិន្នន័យអំពីទីតាំងលំនៅឋានក្រីក្រ ព័ត៌មានអំពីការបណ្តេញចេញ ការគំរាមកំហែងបណ្តេញចេញ ការចេញ ប័ណ្ណកម្មសិទ្ធិដីធ្លី និងស្ថានភាពសេដ្ឋកិច្ចសង្គមទូទៅ នៃគ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ ។ ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២ និងត្រូវបានពិនិត្យនិងកែសម្រួល ចាប់តាំងពីខែមករា ឆ្នាំ២០២៣ មក។ ទីតាំងចំនួន ១៩១ ត្រូវបានចាត់ទុកថាជាទីតាំងលំនៅឋានក្រីក្រ ដែលមាន ១៩ ៥៣៩គ្រួសារ ឬស្មើប្រជាពលរដ្ឋសរុបចំនួន ៨៩ ៨៧៩នាក់។ បើធៀបទៅនឹងចំនួនពលរដ្ឋសរុបនៅរាជធានីភ្នំពេញ ស្មើនឹង ៣,៩៤%។ អង្គការសមាគមធាងត្នោត ក៏បានបាន បញ្ចូលទិន្នន័យបន្ទាប់បន្សំ រួមទាំងរបាយការណ៍សង្គមស៊ីវិល របាយការណ៍រាជរដ្ឋាភិបាល ឯកសារស្រាវជ្រាវ អត្ថបទសារព័ត៌មាន និងការបោះពុម្ពផ្សាយនានាដែលអាចរកបាន។

នៅក្នុងរបាយការណ៍នេះ បានរកឃើញចំណុចសំខាន់ៗដូចជា ៖ ចំនួននៃការតាំងទីលំនៅឋានក្រីក្រក្នុងទីក្រុង បាននឹងកំពុងថយចុះពី ២៧៧ ក្នុងឆ្នាំ ២០១៧ មក ១៩១ នៅឆ្នាំ ២០២២ ដោយទីតាំងមួយចំនួនត្រូវបានដកចេញ ដោយសារលក្ខខណ្ឌពួកគេលែងចាត់ចូលជាទីតាំងលំនៅឋានក្រីក្រ ខណៈទីតាំងមួយចំនួនទៀត បានបាត់បង់ ទាំងស្រុង ដោយសារតែការបណ្តេញចេញ។ ទន្ទឹមនឹងនោះដែរ ក៏មានការកើនឡើងយ៉ាងឆាប់រហ័សនៃការចេញ ប័ណ្ណកម្មសិទ្ធដីធ្លី ដែលត្រូវបានរាយការណ៍ពីទីតាំងទាំងនោះ ពោលគឺមានទីតាំងលំនៅឋានក្រីក្រចំនួន ១៩ បន្ថែមទៀត បានទទួលប័ណ្ណកម្មសិទ្ធដីធ្លី តាំងពីឆ្នាំ ២០១៧ មក។

របាយការណ៍ដដែល បន្តថា «មួយភាគបីនៃទីតាំងទាំង១៩១ អាចស្ថិតនៅលើដីរដ្ឋ ខណៈដែលជិតពីរភាគបីនៃទី តាំងលំនៅឋានក្រីក្រនៅរាជធានីភ្នំពេញ មិនមានឯកសារជាលាយលក្ខណ៍អក្សរ ដែលបញ្ជាក់ពីស្ថានភាពដី ដែលពួកគេរស់នៅ។ នេះមានន័យថា ពួកគេប្រឈមអាចនឹងហានិភ័យនៃការបណ្តេញ ចេញចេញ ដោយបង្ខំ ដោយសារតែភាពខ្វះចន្លោះរបស់រដ្ឋក្នុងការផ្តល់នូវភាពច្បាស់លាស់ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ចំពោះ ទីតាំងលំនៅឋានក្រីក្រទាំងនេះ។

ប្រជាសហគមន៍ម្នាក់ រស់នៅទីតាំងសហគមន៍ ចាប់តាំងពីឆ្នាំ១៩៨៣ កំពុងនិងប្រឈមការបណ្តេញចេញ នាពេលអនាគត បានប្រាប់ថា “អត់ច្បាស់ទេ តែគាត់ (អាជ្ញាធរ) បានលើកឡើងថាមាន អ្នកមានៗនៅក្បែ នេះចង់ទិញ” ។
ជាងមួយភាគបួននៃទីតាំងលំឋានក្រីក្រទាំងអស់ បានរាយការណ៍ថា ពួកគេកំពុងទទួលរងសម្ពាធពីការប ណ្តេញចេញដោយបង្ខំ ដោយមានទីតាំងលំនៅឋានយ៉ាងតិចចំនួន៩ ត្រូវបានបណ្តេញចេញដោយបង្ខំ ក្នុង អំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។

ស្រ្តីម្នាក់ រស់នៅសហគមន៍បន្ទាយស្លឹក ខាងក្រោយផ្សារសុវណ្ណា ដែលត្រូវបានអាជ្ញាធរមូលដ្ឋាន បង្ខំឱ្យរុះរើ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ទៅតំបន់តំបន់សេវេន អែនជី (7NG) នៅខេត្តកណ្តាល និយាយថា “វាជា ការបណ្ដេញចេញដោយឈាមត្រជាក់” បន្ទាប់ពីអាជ្ញាធរចុះមករុះរើលំនៅឋានពួកគេភ្លាមៗ និងលើកឡើងថា សហគមន៍បានយល់ព្រមក្នុងការដោះដូររួចហើយ។

របាយការរបស់សមាគមធាងត្នោត បានបន្តទៀតថា លទ្ធភាពទទួលបានប្រព័ន្ធលូ និងប័ណ្ណសមធម៌ នៅតែខ្វះ ខាតក្នុងទីតាំងលំឋានក្រីក្រនៅជាច្រើន។ ក៏ប៉ុន្តែការតភ្ជាប់បណ្តាញជាមួយនឹងសេវាសាធារណៈរបស់រាជរដ្ឋាភិបាល ដូចជាទឹកស្អាត អគ្គិសនី និងការប្រ មូលសំរាម បានប្រសើរឡើង ចាប់តាំងពីឆ្នាំ២០១៧ ។

ជាចុងក្រោយ ប្រជាពលរដ្ឋដែលរស់នៅទីតាំងលំឋានក្រីក្រនៅទីក្រុងជាច្រើន កំពុងជាប់បំណុល ដោយ ២៦ ក្នុងចំណោម ១៩១ទីតាំង បានរាយការណ៍ថា មានប្រជាជននៅក្នុងទីតាំងរបស់ពួកគេ បានលក់ផ្ទះ ដើម្បីសង់ បំណុល។ អ្នកផ្តល់បទសម្ភាសម្នាក់ បានប្រាប់ថា “ខ្ញុំអស់លទ្ធភាពសង ទើបឈានដល់ការលក់ផ្ទះ” ។អង្គការសមាគមធាងត្នោត និងអង្គការសិទ្ធិមនុស្សផ្សេងទៀត ជឿថា កម្ចីអាចត្រូវបានផ្តល់ឱ្យដោយការធ្វេស ប្រហែស។ ការធ្លាក់ចូលទៅក្នុងបំណុលនេះ ប្រឈមមុខទៅនឹងការរំលោភសិទ្ធិមនុស្ស ដែលអាចកើតមាន ផ្សេងទៀត ដូចជាការបាត់បង់ដីធ្លី ការគ្មានផ្ទះសម្បែង ការធ្វើចំណាកស្រុកដោយបង្ខំការជាប់បំណុលពល កម្មកុមារ និងការមិនទទួលបានតម្រូវការមូលដ្ឋានផ្សេងទៀត…៕ ខៀវទុំ
