ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់នគរបាលចរាចរណ៍ ទូទាំងប្រទេស ត្រូវបង្កើនការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់សំដៅធ្វើយ៉ាងណា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។
ការដាក់បទបញ្ជានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា នគរបាលចរាចរណ៍ នឹងប្រើប្រាស់ពេល ១សប្តាហ៍ ដើម្បីអប់រំដល់ ប្រជាពលរដ្ឋ ហើយក្រោយមក នឹងអនុវត្តវិធានការពិន័យតាមច្បាប់។
នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា យោងតាមរបាយការណ៍អំពីស្ថានភាពគ្រោះថ្នាក់ ចរាចរណ៍ពីមន្ត្រីជំ នាញ ក្នុងរយៈពេល០៦ខែ នៃឆ្នាំ២០២៣ និងរយៈពេល០៦ខែ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបទៅ មានការថយចុះ គួរឱ្យកត់សម្គាល់ ប៉ុន្តែកិច្ចការងារពង្រឹងច្បាប់ចរាចរណ៍ នេះនៅតែបន្ត ដើម្បីកុំឱ្យប្រជាពលរដ្ឋនៅតាម បណ្តា រាជធានី-ខេត្ត មានការស្រពេចស្រពិល យល់ច្រឡំហើយអនុវត្តខុស ព្រោះថាការរៀបចំច្បាប់ចរាចរណ៍ គឺក្នុង ន័យដើម្បីលុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍ បង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរ ក្នុងក្របខ័ណ្ឌទូទាំង ប្រទេស។
នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងបញ្ជាក់ថា “បន្ទាប់ពីចប់កិច្ចប្រជុំនេះទៅ យើងទុករយៈពេល៧ថ្ងៃ ដើម្បី ធ្វើការផ្សព្វផ្សាយសិន មុនពេលយើងចុះអនុវត្តច្បាប់ ចៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋ។ ដោយមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ទើបយើងប្រញាប់ប្រញាល់ ដើម្បីពិនិត្យដាក់ ចេញនូវគោលការណ៍ក្នុងការអនុវត្តបន្ត ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកាណ ដំណាក់កាលទី១ នៃរាជរដ្ឋា ភិបាល អាណត្តិទី៧”។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា បើតាមអគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ មន្ត្រីជំនាញ ត្រូវធ្វើការអប់រំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានទូលំទូលាយ ដោយគូសបញ្ជាក់អំពីគោលបំណងនៃ ការអនុវត្តច្បាប់ ។ ទន្ទឹមនោះ ក៏ត្រូវផ្សព្វផ្សាយដល់មន្ត្រីអនុវត្តច្បាប់របស់យើង នៅមិនទាន់យល់ទាំងអស់នោះទេ ដូចជាមន្ត្រី ជាប់កិច្ចសន្យានៅរាជធានីភ្នំពេញ ដើម្បីឱ្យពួកគាត់យល់ដឹងពីការអនុវត្តច្បាប់។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់គ្រប់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវគោរពវិន័យ បទបញ្ជា ពិសេសបំពេញការងារប្រកបដោយតម្លាភាព សុក្រឹតភាព វិជ្ជាជីវៈ និងក្រមសីលធម៌។ ដោយឡែកស្នងការនគរ បាលរាជធានី-ខេត្ត ដែលមានរោងចក្រច្រើន មាន កម្មករ កម្មការរិនីរោងចក្រច្រើន ត្រូវធ្វើយ៉ាងណាយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការសម្រួលការធ្វើដំណើររបស់ពួកគាត់ ក្នុងករណីមានការធ្វេសប្រហែស មានគ្រោះថ្នាក់ អាច បង្កឱ្យមានអ្នកស្លាប់និងរបួសច្រើន។ ជាក់ស្តែងខេត្តដែលមានរោងចក្រច្រើន មានដូចជា ខេត្តកំពង់ស្ពឺ ខេត្ត ស្វាយរៀង ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ជាដើម។ ជាមួយគ្នានោះ ត្រូវបន្តពង្រឹងការសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញចូលសាលារៀន ឱ្យបានជាប់ជាប្រចាំ ចាប់ពីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់កុំឱ្យ មានគ្រោះថ្នាក់។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការបង្ការ ទប់ស្កាត់នូវរាល់បទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន ត្រូវបង្កើនការត្រួតពិនិត្យ ការរក្សាទុកប្រើប្រាស់ ចែកចាយ នៅតាមក្លឹបកម្សាន្តនានា ដូចជានៅ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បឱ្យអ្នកដែលទៅ លេង កម្សាន្តមានទំនុកចិត្តថា សុវត្ថិភាព គ្មានគ្រឿងញៀន៕