ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានចេញលិខិតព្រមានអ្នកសារព័ត៌មានដែលពាក់ព័ន្ធការសុំលុយ ពីក្រុមហ៊ុនកាស៊ីណូ ថបដាយអិម៉ិន (TOP DIAMOND CASINO) ត្រូវបញ្ឈប់ជាបន្ទាន់។ ចំណែកម្ចាស់ក្រុមហ៊ុនកាស៊ីណូ ថបដោយអិម៉ិន ត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាពសារព័ត៌មាន និងអ្នក សារព័ត៌មានដែលពាក់ព័ន្ធ ហើយធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណីនៃការផ្តល់លុយកាក់ ឬការ ឧបត្ថម្ភនីមួយៗ រួចបញ្ជូនមកក្រសួងព័ត៌មាន។

លិខិតរបស់ក្រសួងព័ត៌មាន លេខ០៥៧ សជណ ពម ចុះថ្ងៃទីពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្រ្តី នេត្រ ភក្រ្តា បានជម្រាប ជូនក្រុមហ៊ុនកាស៊ីណូ ថបដាយអិអ៊ិន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ដែលមានពាក់ព័ន្ធ ក្នុងកម្មវត្ថុ «ព្រមាន ឲ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឲ្យផ្ដល់ការសហការដោះស្រាយ បញ្ហាបង្កើតឡើង ដោយសកម្មភាពល្មើសច្បាប់» ដោយយោង ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន អនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន អនុក្រឹត្យលេខ ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋានរដ្ឋបាល សោតទស្សន៍ ជាអគ្គ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន និង កិច្ចសន្យាដែលមានតម្កល់នៅក្រសួងព័ត៌មាន ។
លោកនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់នៅក្នុងលិខិតនេះថា “សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិង យោងខាងលើ ខ្ញុំសូមជម្រាបជូនលោក លោកស្រី ជ្រាបថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ី ណូ ថបដាយអ៊ិមិន (TOP DIAMOND CASINO) បានចេញផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា “ មានសារព័ត៌មានមកពីអង្គភាពប្រមាណ៧០០ ទៅ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និង បានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ ។
ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន យល់ឃើញថា ទាំង ភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនោះ ពិតជារួមគ្នា ធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃ ទៀតនៅកម្ពុជា។ ករណីនេះ ក្រសួងព័ត៌មាន សូមព្រមានជាសាធារណៈ ដូចខាងក្រោម ៖
១. អ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទារ ប្រាក់នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានទាំងនោះ នឹងត្រូវបញ្ឈប់លែងឲ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។ អ្នកសារព័ត៌មានដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូលខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្នុងរយៈពេល ១ខែ យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីរឹងរូសមិនព្រមចូលខ្លួនរាយការណ៍ អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន ចំពោះការប្រព្រឹត្តរបស់ខ្លួន។
២. ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ដែលមានអ្នកសារព័ត៌មានរបស់ខ្លួនជាប់ពាក់ព័ន្ធ ទៅនឹងករណីខាងលើ ត្រូវធានាទប់ស្កាត់ និងបញ្ឈប់ឲ្យខានតែបាននូវការប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ ពីសំណាក់អ្នកសារព័ត៌មាន របស់ខ្លួនតទៅទៀត ហើយត្រូវធ្វើការអប់រំណែនាំដល់អ្នកសារព័ត៌មានរបស់ខ្លួន និងត្រូវរាយការណ៍ពីសកម្ម ភាពទាំងនេះ ដោយបញ្ជាក់នូវឈ្មោះរបស់អ្នកសារព័ត៌មានក្រោមឱវាទអង្គភាពរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធមក ក្រសួងព័ត៌មាន។ ម្ចាស់អង្គភាពសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធ ត្រូវចូលខ្លួនមករាយការណ៍នៅអគ្គនាយក ដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ករណីរឹងរូសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាន នឹងធ្វើការលុបអាជ្ញាប័ណ្ណ និងត្រូវទទួលខុសត្រូវចំ ពោះមុខច្បាប់ជាធរមាន។
៣. ចំពោះម្ចាស់ក្រុមហ៊ុនកាស៊ីណូ ថបដោយអិម៉ិន TOP DIAMOND CASINO ដែលបានធ្វើការផ្សព្វផ្សាយ អំពីការផ្ដល់លុយកាក់ និងផ្ដល់ការឧបត្ថម្ភនានា ឲ្យអ្នកសារព័ត៌មាន ប្រមាណ ៧០០ ទៅ ៩០០អង្គភាព កន្លង មកនោះ ក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានដែលពាក់ ព័ន្ធនៅក្នុង ការផ្សព្វផ្សាយរបស់ខ្លួននោះ និងត្រូវធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណីនៃការផ្តល់លុយកាក់ ឬការ ឧបត្ថម្ភនីមួយៗ រួចបញ្ជូនមកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថ លេខានេះតទៅ។ ក្នុងករណីក្រុមហ៊ុនមិនសហការអនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មាន រក្សាសិទ្ធិ ក្នុងការចាត់វិធានការនានាចាំបាច់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឲ្យចុះខ្សោយក្រមសីលធម៌វិស័យ សារព័ត៌មាននៅកម្ពុជា។ ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយដែលមិន ស្របតាម ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែលពាក់ព័ន្ធ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
ក្រសួងព័ត៌មាន សូមបញ្ជាក់សាជាថ្មីថា ការប្រកាសនេះធ្វើជាសាធារណៈ និងក្នុងករណីរឹងរូស មិនរាងចាល ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែងឡើយ ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ជ្រាប និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ កុំបីខាន» ។
គួរបញ្ជាក់ថា ការចេញលិខិតព្រមាន របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខាងលើនេះ បានធ្វើឡើងក្រោយ ពេលថ្មីៗ នេះ ក្រុមហ៊ុនកាស៊ីណូ ថបដាយអ៊ិមិន (TOP DIAMOND CASINO) បានប្រកាសជាសាធារណៈតាមរយៈ លិខិតរបស់ខ្លួនថា ឈប់ផ្ដល់ប្រាក់ឧបត្ថម្ភទៅឲ្យអ្នកសារព័ត៌មាន ចាប់ដើមខែកញ្ញា តទៅហើយ ព្រោះមាន អង្គភាពសារព័ត៌មានច្រើនពេក គឺប្រមាណ៧០០ ទៅ៩០០អង្គភាព បានមកសុំលុយក្រុមហ៊ុន ដែលធ្វើឲ្យក្រុម ហ៊ុនមិនអាចរ៉ាប់រងបាន ។
នៅក្នុងសេចក្ដីជូនដំណឹង ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ គណៈគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូ ថបដាយអ៊ិមិន បានជម្រាបជូនដល់បងប្អូនដែលជាភ្នាក់ងារសារព័ត៌មានទាំងអស់ ជ្រាបថា «កន្លងមក ក្រោយពីរដូវកូវីដក្រុម ហ៊ុនបានផ្ដល់ប្រាក់ឧបត្ថម្ភជាលក្ខណៈមនោសញ្ចេតនា សម្រាប់បាយ-ទឹក និងសាំង ដល់បងប្អូន អ្នកសារ ព័ត៌មានយើងទាំងអស់ ដែលបានឆ្លងកាត់ទីនេះ បើទោះបីជាតិចក្ដី ច្រើនក្ដី ទៅតាមលទ្ធភាពរបស់ក្រុមហ៊ុន មិនដែលអាក់ខានឡើយ ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ បងប្អូនអ្នកសារព័ត៌មានយើងបាន ចូលមក សុំប្រាក់ឧបត្ថម្ភនោះ មានចំនួនច្រើនហួសហេតុពេក ធ្វើឲ្យក្រុមហ៊ុន មិនអាចមានលទ្ធភាពដោះស្រាយជូនបាន ។ ដូច្នេះចាប់ពីថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ ក្រុមហ៊ុននឹងមិនមានការផ្ដល់ប្រាក់ ឧបត្ថម្ភជូនបងប្អូនអ្នក សារព័ត៌មានយើងទាំងអស់ទៀតទេ ។ អាស្រ័យហេតុនេះ សូមបងប្អូនអ្នកសារព័ត៌មានយើងទាំង អស់ដែល ឆ្លងកាត់ទីនេះ ជា្របជាព័ត៌មាន» ៕ កុលបុត្រ