ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ ២នាក់ប្តីប្រពន្ធ (ប្រពន្ធមានផ្ទៃពោះគ្រប់ខែ) ទើបនឹងត្រឡប់ពីធ្វើការ នៅប្រទេសថៃ ដល់អូរព្រំដែន ស្រាប់តែស្ត្រីជាប្រពន្ធបានឈឺពោះសម្រាលកូន និងត្រូវបានកម្លាំងយោ ធាការពារព្រំដែន ជួយអន្តរាគមន៍សង្គ្រោះ ដោយដាក់ស្ត្រីជាប្រពន្ធ ក្នុង ធុងជ័រលាយស៊ីម៉ងត៍ ឆ្លងទឹក អូរដែលកំពុងជន់ហូរយ៉ាងខ្លាំង រហូតដល់ឆ្លងមកត្រើយម្ខាងព្រំដែនកម្ពុជា ប្រកបដោយសុវត្ថិភាពរួចដឹក បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ច្រករបៀងអូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ។
លោកវរសេនីយ៍ត្រី សុខ ចន្ថា ជំនួយការសេនាធិការវរសេនាតូចថ្មើជើង លេខ៥១១ បាន បញ្ជាក់ប្រាប់ថា ពលករដែលទើបនឹងត្រឡប់មកពីធ្វើការនៅប្រទេសថៃ ទាំង២នាក់ប្តីប្រពន្ធបុរសជាប្តី មានឈ្មោះវ៉ាន់ ដេត អាយុ២៨ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះណា វិន អាយុ២៤ឆ្នាំ និងមានកូនប្រុសតូចម្នាក់ អាយុប្រ មាណ៥ឆ្នាំ និងមានស្រុកកំណើតនៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោកវរសេនីយ៍ត្រី សុខ ចន្ថា បានបន្តថា ពលករខ្មែរ ២នាក់ប្តីប្រពន្ធខាងលើ បាននាំកូនប្រុសតូចម្នាក់ ត្រឡប់ពីធ្វើការនៅប្រទេសថៃ ដោយព្យាយាមចូលមកតាមច្រករបៀងខុសច្បាប់ ស្រាប់តែពេលមក ដល់ចំណុចអូរព្រំដែន ដែលកំពុងមានទឹកជន់ឡើងខ្លាំង ស្ត្រីជាប្រពន្ធ ដែលកំពុងមានផ្ទៃពោះគ្រប់ខែ បានឈឺពោះសម្រាលកូនក្នុងទឹកដីថៃ (ត្រើយម្ខាងអូរ) ហើយភ្លាមនោះ ត្រូវបានកម្លាំងភាគីកម្ពុជា ជួយអន្តរាគមន៍ ដោយយកធុងជ័រលាយស៊ីម៉ងត៍ ដាក់ឱ្យស្ត្រីរងគ្រោះជិះ ដើម្បីឆ្លងអូរព្រំដែន ទាំងដែល ទឹកកំពុងជន់និងហូរខ្លាំង រហូតដល់ចម្លងក្រុមគ្រួសារខាងលើ មកដល់ត្រើយអូរទឹកដីកម្ពុជា ប្រកបដោយ សុវត្ថិភាព។

ក្រោយពីជួយចម្លងស្ត្រីសម្រាលកូនខាងលើ មកដល់ទឹកដីកម្ពុជា រួចហើយ កម្លាំងយោធា បានជួយដឹក បញ្ជូនស្ត្រីរងគ្រោះ តាមម៉ូតូកង់បី ទៅកាន់មណ្ឌលសុខភាពបឹងបេង ស្រុកម៉ាឡៃ ដើម្បីឱ្យក្រុម គ្រូពេទ្យ ជួយសង្គ្រោះបន្ត៕


