Saturday, June 28, 2025
Homeព័ត៌មានជាតិជំងឺផ្តាសាយបក្សី ផ្ទុះជាថ្មីនៅកម្ពុជា ស្លាប់១

ជំងឺផ្តាសាយបក្សី ផ្ទុះជាថ្មីនៅកម្ពុជា ស្លាប់១

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បានប្រកាស ពីការផ្ទុះជំងឺផ្តាសាយបក្សី ជាថ្មី ដោយមានបុរសម្នាក់ អាយុ៥០ឆ្នាំ បានស្លាប់ ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណី ដែលត្រូវ បានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើបុរសអាយុ៥០ឆ្នាំ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលមានលំនៅក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាស ហែក ខេត្តស្វាយរៀង។

តាមការសាកសួរ បង្ហាញថា មានផ្ទះអ្នកជិតខាងបុរសខាងលើ បានទិញមាន់មកស្តុកទុកលក់ បន្ទាប់មកក៏ ឃើញមានមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាង ចាប់ផ្តើមងាប់ ប្រមាណជាង៥០ក្បាល ហើយមាន់ងាប់នេះ ក៏បានចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេត ស្រាវជ្រាវ ការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ទាំងផ្នែកសុខាភិបាល និងបសុពេទ្យ ស្វែងរកប្រភពចម្លង ទាំង លើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ក្រសួងសុខាភិបាល ក្រើនរំលឹកសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន លើជំងឺផ្តាសាយបក្សី ជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសលើកុមារ ដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែលបានស្លាប់នេះ គឺជា ករណីផ្តាសាយបក្សី ទី៥៨ (ស្លាប់៣៩នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណី ទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។

របៀបចម្លង ៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅ បក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សី ទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់។ ជំងឺផ្តាសាយបក្សី លើមនុស្ស ជាជំងឺធ្ងន់ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យ ទាន់ ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន ដែលអាចឆ្លងដូច នឹងជំ ងឺផ្តាសាយ តាមរដូវកាលផងដែរ។

វិធានការបង្ការ ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន ៖ លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សី នៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគ ត្រូវចម្អិនឱ្យឆ្អិនល្អ។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាព សាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រ ហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែលគេ ហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨…៕

RELATED ARTICLES