ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីកុមារី អាយុ២ឆ្នាំម្នាក់ទៀតបាន ស្លាប់ដោយសារជំងឺផ្តាសាយបក្សី (H5N1) នៅភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បន្ទាប់ពីបុរសម្នាក់ អាយុ៥០ឆ្នាំ នៅស្រុករមាសហែក ខេត្តស្វាយរៀង បានស្លាប់ដោយជំងឺឆ្លងនេះ។ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះជំងឺផ្តា សាយបក្សី ឱ្យបានជាប់ជានិច្ច ព្រោះជំងឺនេះ បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ពិសេសលើកុមារ ដែលជា ក្រុមហានិភ័យនិងងាយរងគ្រោះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្តីពីករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សី លើកុមារី អាយុ២ឆ្នាំ បានបញ្ជាក់ថា មានជំងឺផ្តាសាយបក្សី ចំនួន ១ករណីទៀត កើតលើកុមារីអាយុ២ឆ្នាំ ដែលបានស្លាប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ដែលមានលំនៅក្នុងភូមិឆ្មា លោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ តាមការសាកសួរ បង្ហាញថា នៅផ្ទះកុមារ មានមាន់ ងាប់ជាហូរហែ។

នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេត ស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅ តាមវិធី សាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុម ឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃ ទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថ តាមីហ្វ្លូ 9ទាមិថលុប ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការ អប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខ ភាពប្រជាពលរដ្ឋ ជាពិសេសលើកុមារ ដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែលបានស្លាប់នេះ គឺជាករណីផ្តាសាយបក្សី ទី៥៩ (ស្លាប់៤០នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពី ឆ្នាំ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។
របៀបចម្លង ៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សី ផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សី ទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សី លើមនុស្ស ជាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យ ទាន់ពេល វេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្ស ទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន អាចឆ្លងដូចនឹងជំងឺផ្តាសាយ តាមរដូវកាលផងដែរ។
វិធានការបង្ការ ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន ៖ លាងងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី។ ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅ ឱ្យឆ្ងាយពីកន្លែងរស់នៅ។ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគ ត្រូវចម្អិន ឱ្យឆ្អិនល្អ។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសា ធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេស ប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ ww.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើលនិងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ ទងទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខា ភិបាល តាមរយៈលេខ ទូរស័ព្ទ ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕