ភ្នំពេញៈ សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ( AMERICAN UNIVERSITY OF PHNOM PENH, AUPP) បានបង្ហាញការស្វាគមន៍អ្នកសារព័ត៌មានកម្ពុជា និងបានលើកឡើងពីតួនាទីរបស់អ្នកសារព័ត៌មានថា វិស័យ សារព័ត៌មានបានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ និងតំណាងប្រទេសកម្ពុជា ។ ជាពិសេសអ្នកសារព័ត៌មានរបស់កម្ពុជា រកឃើញថា ខ្លួននៅជួរមុខនៃអ្នកសារព័ត៌មានអន្តរជាតិ ដែលមានតម្លៃ គោរព និងឧស្សាហ៍ព្យាយាមក្នុងសហគមន៍អ្នកសារព័ត៌មានពិភពលោក ។

ថ្លែងជាមតិស្វាគមន៍នៅក្នុងកម្មវិធីប្រកាសជ័យលាភីជើងឯកថតរូបប្រចាំឆ្នាំ២០២៣ ស្ដីពី “សម្រស់សហគមន៍ យើង” ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រុមហ៊ុន ស៊ី ភី អល (ខេមបូឌា) ឯ.ក (CP ALL (Cambodia) Co., Ltd.) និងស្ថាប័នរដ្ឋចំនួន៣ រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងទេសចរណ៍ ធ្វើឡើងនៅសកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត ត្រូយ មែកហ្រ្គាត (Troy McGrath) សកលវិទ្យាធិការ នៃសកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានមានប្រសាសន៍ថា “ ក្នុងនាមតំណាងសាកល វិទ្យាល័យអាមេរិកាំងភ្នំពេញ ខ្ញុំសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ។ សកលវិទ្យាល័យរបស់យើងបានរីកចម្រើននិងមាននិស្សិតកំពុងសិក្សាជាង ១០០០នាក់ ដោយផ្ដល់ជូនកម្មវិធី បរិញ្ញាបត្រ និងអនុបណ្ឌិត ផ្នែកច្បាប់ កិច្ចការសកល ធុរកិច្ច និងបច្ចេកវិទ្យាឌីជីថល ។ វគ្គសិក្សាត្រូវបានធ្វើឡើងជាភាសាអង់គ្លេស ស្របតាមស្ដង់ដារអន្តរជាតិ ។ កម្មវិធីជាច្រើនរបស់យើងគឺជា កម្មវិធីសញ្ញាបត្រពីរ ដែលមានន័យថា និស្សិតទទួលបានសញ្ញាបត្រនៅកម្ពុជា ហើយក្នុងពេលតែមួយក៏ទទួល បានសញ្ញាបត្រមួយទៀតដែលមានការទទួលស្គាល់ពីសាកលវិទ្យាល័យអាមេរិក ។ ជាការពិត AUPP នឹងបន្ថែម បរិញ្ញាបត្រផ្នែកទំនាក់ទំនងនៅឆ្នាំ២០២៤ ដោយមានការសហការជាមួយសកលវិទ្យាល័យ Arizona នៅសហ រដ្ឋអាមេរិក “ ។
លោក Troy McGrath បានមានប្រសាសន៍បន្តថា “ យើងរីករាយជាពិសេសក្នុងការស្វាគមន៍អ្នកសារព័ត៌ មានកម្ពុជាមកកាន់សាកលវិទ្យាល័យរបស់យើង ដោយសារ AUPP យល់ពីតួនាទីដ៏សំខាន់ដែលអ្នកសារព័ត៌ មាន និងវិស័យសារព័ត៌មានដើរតួក្នុងការអភិវឌ្ឍន៍ និងតំណាងប្រទេសកម្ពុជា ។ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គម ស៊ីវិល គឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធប្រជាធិបតេយ្យ ហើយអ្នកសារព័ត៌មានក៏ជាចំណុចកណ្ដាលនៃការរីកចម្រើននៃស្ថាប័នជាមូលដ្ឋានទាំងនោះ ។ ការបង្ហាញអំពីតថភាពជីវិតពិតនៅកម្ពុជាប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ និងការតំណាងឲ្យទស្សន វិស័យ ក្ដីសង្ឃឹម និងក្ដីសុបិនរបស់កម្ពុជា មានសារសំខាន់សម្រាប់ការអភិវឌ្ឍន៍បន្តរបស់ខ្លួនក្នុងនាមជាដៃគូ អន្តរជាតិដ៏មានតម្លៃ ទាំងនៅក្នុងអាស៊ាន និងក្នុងបរិបទសាកលដ៏ទូលំទូលាយ ហើយជាការពិតណាស់ ព័ត៌មានរូបភាព គឺមានសារៈសំខាន់ជាពិសេស ។ ដូចដែលអ្នកនឹងឃើញពីការតាំងពិព័រណ៍ អ្នកសារព័ត៌មាន របស់កម្ពុជារកឃើញថា ខ្លួននៅជួរមុខនៃអ្នកសារព័ត៌មានអន្តរជាតិ ដែលមានតម្លៃ គោរព និងឧស្សាហ៍ ព្យាយាមក្នុងសហគមន៍អ្នកសារព័ត៌មានពិភពលោក” ។
លោក Troy McGrath បានមានប្រសាសន៍បន្ថែមថា “ ខ្ញុំបានធ្វើការជាមួយអ្នកសារព័ត៌មានមកពីប្រទេស ជាច្រើនអស់រយៈពេលជាង៣ទសវត្សរ៍កន្លងមកហើយ ដូច្នេះខ្ញុំបានមើលឃើញថា ការងាររបស់ពួកគេ មានសារៈសំខាន់យ៉ាងណាចំពោះប្រទេសជាច្រើនដែលពួកគេកំពុងធ្វើការ ក៏ដូចជាចំពោះពិភពលោកជាទូទៅ ។ ព័ត៌មានរូបភាព គឺជាកញ្ចក់របស់យើងទៅកាន់ពិភពលោក…វាបង្ហាញការពិត និងសោកនាដកម្ម ក្ដីសង្ឃឹម សុភមង្គល ការពិត និងសក្ដានុពល…ក្នុងន័យច្បាស់លាស់ និងរស់រវើក ។ វាប្រាប់រឿងជាច្រើន រឿងដែលយើង ត្រូវស្ដាប់ និងមើលសម្រាប់ខ្លួនយើង ។ ក្នុងនេះ អ្នកសារព័ត៌មានបានជួយសម្រេចការងារ ដ៏អស្ចារ្យរបស់យើង ទាំងអស់គ្នា ហើយនេះជាមូលហេតុនដែលពួកគេមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គម ។ ដូច្នេះសូមរីករាយជាមួយព្រឹត្តិការណ៍ថ្ងៃនេះ ។ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នានឹងទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើន “ ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសកលវិទ្យាល័យឯកជនឈានមុខគេនៅ កម្ពុជា ដែលផ្ដល់នូវការអប់រំប្រកបដោយគុណភាពស្ដង់ដារអន្តរជាតិ ដោយផ្អែកលើវប្បធម៌នៃប្រទេសកម្ពុជា និងទ្វីបអាស៊ីទាំងមូល ។ AUPP គឺជាសកលវិទ្យាល័យតែមួយគត់ ដែលផ្ដល់ជូននូវកម្មសិក្សាសញ្ញាបត្រពីរដែល ស្របតាមស្ដង់ដារអប់រំរបស់សហរដ្ឋអាមេរិក និងមានការទទួលស្គាល់ក្នុងការសហការដៃគូជាមួយសកល វិទ្យាល័យអារីហ្សូណា (University of Arizona) និងសាកលវិទ្យាល័យហ្វតហេយស៍ស្តេត ( Fort Hays State University) ។ សកលវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយការនាំយកស្ដង់ដារ អន្តរជាតិនៃការអប់រំរបស់សហរដ្ឋអាមេរិកមកកម្ពុជា និងទទួលបានសមិទ្ធផលដ៏ជោគជ័យ ។ សមិទ្ធផលមួយចំនួនដូចជា ការអភិវឌ្ឍន៍កម្មវិធីសិក្សាសញ្ញាបត្រពីរ ដែលនិស្សិតចុះឈ្មោះចូលរៀននៅ AUPP ក្នុងប្រទេសកម្ពុជា និងសាកលវិទ្យាល័យ Arizona ឬ Fort Hays State University នៅសហរដ្ឋអាមេរិក នៅក្នុងពេលតែមួយ នឹងទទួលបានសញ្ញាបត្រពីរ ពី AUPP និងសកលវិទ្យាល័យដែលជាដៃគូ នៅពេលបញ្ចប់ ការសិក្សា ។

ជាមួយនឹងចក្ខុវិស័យក្នុងការកសាងនិស្សិតដោយមានភាពច្នៃប្រឌិត គណៈកម្មការគ្រប់គ្រងរបស់សាកល វិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មានការជឿជាក់យ៉ាងខ្លាំងថា និស្សិតដែលបញ្ចប់ការសិក្សាទាំងអស់ និងប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ពួកគាត់ដើម្បីអភិវឌ្ឍប្រទេស និងបំពេញតម្រូវការពលកម្មរបស់ ប្រទេសកម្ពុជា ។ ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាចំនួនជាង៤០០នាក់ និស្សិតប្រហែល៣០០នាក់បាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនិងទទួលបានសញ្ញាបត្រពីរ ដែលសញ្ញាបត្រមួយមកពីអាមេរិក ដោយបាន សិក្សា១០០% នៅកម្ពុជាទាំងស្រុង ។ និស្សិតក្នុងកម្មវិធីសិក្សាសញ្ញាបត្រក៏មានជម្រើសផ្លាស់ប្ដូរទៅរៀននៅសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក ឬផ្ទេរទៅសិក្សានៅទីនោះទាំងស្រុង ប្រសិនបើពួកគេចង់ទទួលបានបទពិសោធន៍សិក្សា អន្តជាតិផ្ទាល់ក្នុង សហរដ្ឋអាមេរិក ។ និស្សិតបញ្ចប់កម្មវិធីសិក្សាសញ្ញាបត្រពីរ បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ជារៀង រាល់ឆ្នាំ ដើម្បីចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ រួមជាមួយនឹងនិស្សិតបរទេសរាប់សែននាក់ផ្សេងទៀត ៕