ភ្នំពេញ ៖ ការប្រឡងបាក់ឌុប ឆ្នាំ២០២៣ ដំណើរការឈានដល់ថ្ងៃទី២ហើយ ។ ក្នុងដំណើរការសំណេរ នាថ្ងៃទី១ (០៦ វិច្ឆិកា) នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ពេលព្រឹក មានពីរមុខវិជ្ជា គឺប្រវត្តិវិទ្យា និង ជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ។ ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិ ទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ដោយឡែករសៀល មាន ២មុខវិជ្ជា គឺ គីមីវិទ្យា និងភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងភូមិវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយ រលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

តាមប្រភពក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា សរុបថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនអវត្តមាន ចំនួន ២ ១៣៤នាក់ ស្រី ៨៧១នាក់ (ក្នុងនោះបេក្ខជនស្វៃរិន ១ ៧៣២នាក់ ស្រី៧២៤នាក់) ស្មើនឹង ១,៥៥ភាគរយ មានបញ្ហាសុខភាព ៣៨ករណី ដែលក្នុងនោះមានករណីបញ្ជូនទៅមន្ទីរពេទ្យ ចំនួន០៤ករណី និងមានបេក្ខជន ចំនួន០៣រូប ជួបគ្រោះថ្នាក់ ចរាចរណ៍ស្រាល។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ បានបន្តការប្រឡងជាធម្មតា ក្រោមការយក ចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីអាការបានធូរស្រាល លើកលែង ០៣ករណី។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាកនិងបរិភោគអា ហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។

ដោយឡែកអាកាសធាតុនៅមណ្ឌលប្រឡងមួយចំនួនតូច មិនអំណោយផល មានភ្លៀងធ្លាក់ដោយកន្លែង។នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាម សេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួម សហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថ កិច្ច ពាក់ព័ន្ធ។ គួបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡង សរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥៥៤៣បន្ទប់។

ក្រសួងអប់រំ យុវជននិងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមាន ផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ៕ ខៀវទុំ








