ខេត្តសៀមរាប ៖ មគ្គុទេសក៍ទេសចរណ៍អង្គរ ជាង៥ពាន់នាក់ បានទាមទារឲ្យលោកជា ចន្ទបរិបូរណ៍ រដ្ឋលេខា ធិការក្រសួងព័ត៌មាន ធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពីបានលើកឡើងថា បញ្ហាទេសចរណ៍ដែលកើត មាននៅខេត្តសៀមរាប ដែលជាផ្នែកមួយបំផ្លាញវិស័យទេសចរណ៍របស់កម្ពុជា ដោយសារតែមគ្គុទេសក័ទេស ចរណ៍ យកកម្រៃជើងសារបន្ថែម មានគំនិតកាប់ភ្ញៀវ រើសយកតែក្រដាសប្រាក់ដុល្លារល្អ ចាស់ឬប្រឡាក់បន្តិច បន្តួចមិនយក និងតែងនិយាយពីចំណុចអវិជ្ជមាននៅក្នុងស្រុករបស់ខ្លួនប្រាប់ទៅទេសចរណ៍បរទេស ។ មគ្គុទេសក៍ទាំងនេះ បញ្ជាក់ថា ការលើកឡើងរបស់លោកជា ចន្ទបរិបូរណ៌ គ្មានមូលដ្ឋានច្បាស់លាស់ដែល ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមគ្គុទេសទេសចរណ៍ ដូច្នេះលោកជា ចន្ទបរិបូរណ៌ ចាំបាច់ត្រូវតែធ្វើការសុំទោស ពួកគេជាសាធារណៈ ។

លោកកេស ថេង មគ្គុទេសក៍ទេសចរណ៍អង្គរ ផ្នែកភាសាអង់គ្លេស និងភាសាអេស្ប៉ាញ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ក្នុងនាមលោកជាមគ្គុទេសក៍ម្នាក់ ក្នុងចំណោមមគ្គុទេសក៍ទេស ចរណ៍ ចំនួន៥១១៧នាក់ ផ្នែកភាសាអេស្ប៉ាញ អង់គ្លេស តំបន់សៀមរាប ភ្នំពេញ និងតំបន់ជុំវិញ សូមបដិសេធ កាលើកឡើងរបស់លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានលើកឡើងថា មគ្គុទេស ក៍ទេសចរណ៍ យកកម្រៃជើងសារបន្ថែម មានគំនិតកាប់ភ្ញៀវ រើសយកតែក្រដាសប្រាក់ដុល្លារល្អ ចាស់ឬប្រ ឡាក់បន្តិចបន្តួចមិនយក និងតែងនិយាយពីចំណុចអវិជ្ជមាននៅក្នុងស្រុករបស់ខ្លួន ប្រាប់ទៅទេសចរបរទេស ។ ការលើកឡើងនេះ ជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសមគ្គុ ទេសទេសចរណ៍។ ដូច្នេះលោកសូមស្នើឲ្យលោកជា ច័ន្ទបរិបូរណ៍ សុំទោសជាសាធារណៈ ដូចអ្វីដែលលោក លើកឡើងជាសាធរណៈ ។
លោកេស ថេង បានមានប្រសាសន៍ថា “បាទ! វាប៉ះពាល់ទៅលើអារម្មណ៍ដែរ អារម្មណ៍ដែលគាត់ខិតខំធ្វើការ ។ មានន័យថា វាអត់ដែលកើតមានឡើងទេ ភាគច្រើនតែមានការឯកភាពគ្នា ហើយដួចគាត់ថា លុយដុល្លារ ចាស់ៗ មគ្គុទេសក៍មិនយកអីហ្នឹង វាមិនមែនជាការពិតទេ ភាគច្រើនមគ្គុទេសក៍ គាត់ជាអ្នកទទួលរង បន្ទុក ទៅវិញទេ នៅក្នុងការសម្របសម្រួលជាមួយភ្ញៀវ ព្រោះធម្មតាយើងទទួលគាត់ ភ្ញៀវដែលមកដល់ព្រលាន ឬព្រំប្រទល់អីអ៊ីចឹង ភាគច្រើនគាត់ត្រូវបំពេញវីសា ចូលក្នុងប្រទេសរបស់យើង ។ ដល់យើងទទួលព័ត៌មាន ពីគាត់នៅតាមព្រលាន នៅតាមព្រំដែន គាត់ទទួលបានលុយអាប់ពីការបំពេញវីសាហ្នឹង ភាគច្រើនជាលុយ ចាស់ៗដែលបានមកពីអ្នកទទួលផ្នែកធ្វើវីសា ឲ្យគាត់ ហើយគាត់ក៏អត់ដឹងដែរថា គេនៅចាយលុយចាស់ឬលុយ ថ្មីដែរ អ្វីដែលគាត់មក បើសិនជាភ្ញៀវមកពីប៉ែកអឺរ៉ុប អីអ៊ីចឹង គឺគាត់មានលុយយូរ៉ូ ឬដុល្លារ អ៊ីចឹងទៅ គាត់ដូរនៅក្នុងព្រលានហ្នឹងស្រេចហើយ ។

លោកកេស ថេង បន្តថា “ចំពោះកម្រៃជើងសារ មិនដឹងគាត់ចង់និយាយពីចំណុចណា តែកម្រៃជើងសារ ឧទាហរណ៍ថា ភ្ញៀវគាត់មកស្រុកខ្មែរ ធម្មតាគាត់ទិញកញ្ចប់តូចមួយយល់ព្រមជាមួយនឹង ក្រុមហ៊ុនទេសចរណ៍ មួយហ្នឹង តែនៅក្នុងកម្មវិធីរបស់គាត់ ឧទាហរណ៍ថា មើល ៣ប្រាសាទ អង្គរវត្ត តំបន់អង្គរធំ ហ្នឹង តំបន់បាយ័ន តំបន់ប្រាសាទណាផ្សេងៗនៅតំបន់អង្គរធំ ហ្នឹង ប្រាសាទតាព្រហ្ម ហើយជាកញ្ចប់របស់គាត់ ក្នុង១ថ្ងៃ ទស្សនា ប្រាសាទ តែគាត់នៅ ៣ថ្ងៃ ៤ថ្ងៃ អ៊ីចឹងទៅ អាថ្ងៃទី១ ទី២ ដែលគាត់ទំនេរ ភាគច្រើនគាត់សួរយើងជាមគ្គុទេសក៍ ហើយការចង់ទៅមើលតំបន់ហ្នឹង ថែមប៉ុនណាៗ? អាហ្នឹងជាការស្ម័គ្រចិត្តយល់ព្រមជាមួយគាត់ ហើយជាទូទៅ ខ្ញុំធ្លាប់ដើរផ្នែកវិស័យទេសចរណ៍ ជាង១០ឆ្នាំ ដូចជាមិនដែលមានភ្ញៀវណាដែលថា គាត់រអ៊ូរទាំជាមួយនឹងការ ទិញកញ្ចប់បន្ថែម មើលភ្នំគូលែន ទៅបន្ទាយស្រី ឬមើលប្រាសាទកោះកេរ ដែលឆ្ងាយៗហ្នឹងទេ ភាគច្រើនពួក គាត់មិនដែលមានបញ្ហាទេ ។ អ្វីដែលគាត់មកដល់ អត់សប្បាយចិត្តដំបូង គឺមកដល់ភ្លាម មានបញ្ហាទាក់ទង នឹងការបម្រើសេវាកម្ម ទាក់ទងនឹងការអាប់លុយ ។ ឧទាហរណ៍គាត់អាប់លុយចាស់មកអ៊ីចឹង គាត់ចេញមកក្រៅ គាត់ត្រូវការទិញស៊ីមកាត នៅតំបន់ស្រុកខ្មែរ ដល់ពេលគាត់យកអាលុយហ្នឹងទៅទិញស៊ីមកាត គេអត់ទទួល ហើយពេលអត់ទទួល សុំចូលវិញ ក៏គេអត់ឲ្យចូលដែរ គាត់មកក្រៅហើយ អានេះក៏ជាបញ្ហា ។ អ៊ីចឹងជារឿងធ្វើឲ្យគាត់អស់ទំនុកចិត្ត តាំងពីហ្នឹង ហើយថាឲ្យកម្រៃជើងសារផ្សេងៗហ្នឹង មិនដឹងគាត់ចង់ និយាយសំដៅលើអីទេ ប៉ុន្តែគ្រាន់តែថា ពីកម្រៃជើងសារ ចង់ឲ្យគាត់បកឲ្យយល់ថាជាអ្វី? តម្លៃជើងសារហ្នឹង យ៉ាងម៉េច?“ ។
មគ្គុទេសក៍ ខាងលើ បន្តទៀតថា “ចំពោះថា កាប់ភ្ញៀវហ្នឹង មិនដឹងថា គាត់ចង់មានន័យថាម៉េច ព្រោះជាទូទៅ ភ្ញៀវដែលគាត់មក គាត់ទិញសេវាពីក្រុមហ៊ុនទេសចរណ៍ ទី១ ហើយបើគាត់មកដល់ គាត់អត់ទិញសេវា ផ្នែកមគ្គុ ទេសក៍ ឬនិយាយឲ្យងាយយល់ថា មធ្យោបាយធ្វើដំណើររបស់គាត់ហ្នឹង គាត់មិនទាន់ទិញ មកដល់អូតែល គាត់អាចទិញនៅអូតែល ហើយនិងមានតម្លៃឲ្យគាត់មើល ហើយអ៊ីចឹងគាត់មិនអស់ចិត្ត ។ តែជាការធ្វើ Survey តិចតួចទៅ មិនថានៅក្រុមហ៊ុនទេសចរណ៍អីនេះ គឺគាត់មិនដែលរអ៊ូរទាំកាប់យ៉ាងម៉េចទេ គឺសួរថា Guide ហ្នឹង កាប់យ៉ាងម៉េច? កាប់បែបណា លើភ្ញៀវហ្នឹង? ហើយទាក់ទងនឹងបញ្ហាថា ពួកយើងតែងនិយាយពីចំណុចអវិជ្ជ មាននៅក្នុងស្រុករបស់ខ្លួន ប្រាប់ទៅទេសចរបរទេស ទោះបីជាក្នុងប្រទេសរបស់យើងមានរឿងខ្លះវាអវិជ្ជមាន ក៏យើងមិនអាចធ្វើប្រាប់គាត់ដែរ ធ្វើម៉េចឲ្យគាត់សប្បាយ ព្រោះពេលខ្លះទៅលេងប្រទេសគេមុន យើងក្រោយ ។ អ៊ីចឹងយើងទទួលថ្មបាក់ពីគាត់អ៊ីចឹង អារម្មណ៍គាត់មិនសូវជាសប្បាយទេ ពេលខ្លះមកព្រលានហ្នឹង សឹងតែមិននិ យាយរកយើងផងហ្នឹង តែយ៉ាងណា មគ្គុទេសក៍ អាចនិយាយបានថា ៩០%ជាង គាត់មិនដែលនិយាយ រឿង អសមត្ថភាពនៅក្នុងប្រទេសទេ យើងនិយាយអំពីហេតុផលពីដើមឡើយ យើងមិនអាចថា ឆ្នាំនេះអ៊ីចេះ តែយើង អត់បានលើកពីឆ្នាំទៅ យើងអាចលើកថា ពីមុនយើងមានសង្រ្គាម យើងមិនអាចយកប្រទេសយើងទៅ ប្រៀប ធៀបជាមួយប្រទេសជិតខាង ក៏អីផ្សេងៗ ទេ ។ ជាទូទៅយើងលើកហេតុផលពីដើមដល់ចប់ បានគាត់យល់ បើយើងនិយាយថា ផ្លូវត្រង់នេះពិបាក សុទ្ធតែជាការសម្របសម្រួលរវាងមគ្គុទេសក៍ ជាមួយនឹងភ្ញៀវ គាត់អត់ ដែលនិយាយថា អូ! អានេះអសមត្ថភាពអ៊ីចេះ អានេះដឹកនាំអ៊ីចេះៗ អត់ទេ! ជួនកាលយើងធ្វើម៉េចឲ្យគាត់ មានភាពកក់ក្ដៅ ហើយនៅពេលដែលយើងពន្យល់ពីដើមហេតុដល់ចប់ គាត់នឹងយល់ ហើយនឹងសប្បាយចិត្ត“ ។
លោកកេស ថេង បានមានប្រសាសន៍បន្ថែមថា “ក្នុងន័យនេះ ជារួម គាត់ (ជា ច័ន្ទបរិបូរណ៍) និយាយភាសាថា មិនទាន់បានគ្រប់ជ្រុងជ្រោយ ប៉ុន្តែគាត់មិនបានគិតថា គាត់លើកមកនិយាយអត់គ្រប់ជ្រុងជ្រោយ ព្រោះគាត់អត់ បានសិក្សាឲ្យច្បាស់ អត់បានធ្វើ Survey ជាមួយនឹងសណ្ឋាគារ ជាមួយនឹងភោជនីយដ្ឋាន ជាមួយនឹងមគ្គុទេស ក៍ទេសចរណ៍អីហ្នឹង ។ អ៊ីចឹងគ្រាន់តែជាការសាទរ បើសិនចង់ដឹងច្បាស់ យើងចង់ពិភាក្សាច្បាស់ ហើយគាត់គិត ថា ចង់បានព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ គាត់ជាអ្នកព័ត៌មានស្រាប់ទៅហើយ អាចធ្វើជាសាលសន្និសីទ ឬសួរជា មួយក្រុមមគ្គុទេសក៍ទៅ ហើយយើងមានសមាគមមគ្គុទេសក៍ទេសចរណ៍ និងសមាគមមគ្គុទេសក៍ទេសចរណ៍ អ៊ីចឹងគាត់អាចធ្វើសាលសន្និសីទ ដើម្បីបានព័ត៌មានច្បាស់ ចៀសវាងការលើកឡើងមក វាប៉ះពាល់អារម្មណ៍ ព្រោះពេលខ្លះកម្រៃជើងសារ មិនគ្រប់នូវអ្វីដែលយើងធ្វើការឲ្យគាត់ ប្រាសាទមួយ ទៅប្រាសាទមួយ យើងចំ ណាយពេលដើរ ចំពោះភ្ញៀវខ្លះ គាត់ពិការទៅ តួនាទីយើងបានតែត្រឹមនាំគាត់ដើរទៅមើល តែពេលដែលគាត់ ដើរអត់រួច យើងនៅតែមានវិធីសាស្រ្តរកគាត់អ៊ីចឹង ។ អ៊ីចឹងអានេះជាកាតព្វកិច្ច និងជំរុញទឹកចិត្តឲ្យគាត់ដឹង ឲ្យគាត់ស្គាល់ច្បាស់ពីស្រុកខ្មែរ ហ្នឹងវាយ៉ាងម៉េច? របៀបរបបបែបណាខ្លះក្នុងវិស័យទេសចរណ៍ កុំឲ្យដូចអ្វីដែល គាត់គិតកន្លងមក ដែលគាត់មិនដែលបានមក ហើយគាត់ទទួលព័ត៌មានដែលមិនច្បាស់លាស់ អាហ្នឹងមគ្គុទេស ក៍ គាត់នឹងព្យាយាមបកស្រាយប្រាប់គាត់ច្រើនបែបហ្នឹង ។ អ៊ីចឹងសំំណូមពរឲ្យគាត់និយាយសាថ្មីមក ហើយកុំ យកចំណុចដែលមិនសមនឹងនិយាយ មកនិយាយ ហើយរឿងមិនគួរនិយាយ មិនមកនិយាយ ។ សរុបទៅ ខ្ញុំអត់ ទៅទទូចឲ្យគាត់សុំទោសខ្លាំងអីទេ គ្រាន់តែឲ្យគាត់កែសម្រួលការនិយាយ គាត់ហ៊ាននិយាយ ក៏គាត់គួរហ៊ានកែ ប្រែដែរ ដោយសារអី? ខ្ញុំឲ្យឧទាហរណ៍ថា ជណ្ដើរយើងបកពីលើចុះក្រោម តែគាត់បកពីក្រោមឡើងលើអ៊ីចឹង អ៊ីចឹងគាត់ជារដ្ឋលេខាធិការមួយរូប គាត់យល់ហើយថា គាត់គួរកែប្រែយ៉ាងម៉េច គួរនិយាយយ៉ាងម៉េច ចាប់ពី ណាទៅណា? អ៊ីចឹងគាត់សុំទោស ឬមិនសុំទោស ជាសិទ្ធិរបស់គាត់ទេ ប៉ុន្តែក្នុងករណីបច្ចុប្បន្ន វាប៉ះពាល់ដល់ អារម្មណ៍ដែរ ក្នុងក្រុមមគ្គុទេសក៍ជាង ៥ពាន់នាក់ ដែលមិនមានន័យថា គាត់ទាំងអស់ហ្នឹង ធ្វើការបានទាំង អស់គ្នាទេ វិស័យទេសចរណ៍ ។ អ៊ីចឹងការផ្សព្វផ្សាយ ភ្ញៀវមួយជំនាន់ៗ គាត់មកស្រុកខ្មែរ មកកម្ពុជា គឺគាត់នឹង ជួបជាមួយមគ្គុទេសក៍ហើយ ហើយមគ្គុទេសក៍ គឺជាអ្នកនាំពាក្យសម្ដី នាំសម្ដី ជាអ្នករ៉ាយរ៉ាប់ ។ អ៊ីចឹងគាត់គួរ តែយល់ពីអ្វីដែលមគ្គុទេសក៍ព្យាយាមធ្វើកន្លងមក“ ។
គួរបញ្ជាក់ថា ការផ្ទុះប្រតិកម្មរបស់មគ្គុទេសក៍ទេសចរណ៍ ជាង៥ពាននាក់ខាងលើ បានធ្វើឡើងក្រោយពេល ដែលលោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា បញ្ហាទេសចរណ៍ដែលកើតមាននៅ ខេត្តសៀមរាប ដែលជាផ្នែកមួយបំផ្លាញវិស័យទេសចរណ៍របស់យើងនៅទីនោះ គឺ១. បន្ថែមកម្រៃជើងសារ ចូលទៅក្នុងសេវាផ្សេងៗរបស់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកដឹកភ្ញៀវ។ ២. មគ្គុទ្ទេសក៍ និងអ្នកដឹកភ្ញៀវ ទេសចរខ្លះ មានគំនិតកាប់ភ្ញៀវដោយថា ៖ ទេសចរគេមកស្រុកយើង តែម្តងទេ។ ៣. ការចាយវាយប្រាក់ដុល្លារ យើងរើសយកតែក្រដាស់ប្រាក់ល្អ ចាស់ឬប្រឡាក់បន្តិចបន្តួច មិនយកទេ និង៤. បុគ្គលខ្លះរកស៊ីលើវិស័យ សេវាកម្ម និយាយពីចំណុចអវិជ្ជមានស្រុកយើង ប្រាប់ទៅទេសចរ។

ក្រោយការផ្ទុះប្រតិកម្ម ដោយឲ្យសុំទោសជាសាធារណៈ ពីមគ្គុទេសក៍ទេសចរណ៍ ជុំវិញការថ្លែងរបស់ខ្លួន ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការឆ្លើយតបពីលោកជា ច័ន្ទបរិបូរណ៍ បានទេ កាលពីម្សិលមិញ ។ទោះបីជាយ៉ាងណា លោកជា ច័ន្ទបរិបូរណ៍ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា “បញ្ហាទេសចរណ៍ដែលកើតមាននៅខេត្តសៀមរាប ដែលជាផ្នែកមួយ បំផ្លាញវិស័យទេសចរណ៍របស់យើងនៅទីនោះ” ថា “ខ្ញុំសូមអរគុណ និងទទួលយកប្រតិកម្មត្រឡប់មកវិញ លើប្រធានបទនេះ ។ ខ្ញុំដឹងថា បញ្ហាទេសចរណ៍នេះ រាជរដ្ឋាភិបាល ក៏ត្រូវកែប្រែចំណុចមួយចំនួនដែលលើក ឡើងដោយសមាគមទេសចរណ៍ និងបញ្ហាមួយចំនួនទៀតដែលបង្កដោយមន្រ្តីអសកម្ម ។ល។ ខ្ញុំលើកឡើង ៤ចំណុចខាងលើ គ្រាន់តែមានបំណងឲ្យយើងចូលរួមទាំងអស់គ្នា ដូចជា លុយចាស់ ពិបាកចាយនៅកម្ពុជា ។ល។“ ។
លោកជា ច័ន្ទបរិបូរណ៍ បានសរសេរបន្តថា “ទេសចរណ៍យើងមិនទូលាយដូចថៃ យួនទេ ទេសចរមកលេង យើង ជាទេសចរមានព្រំដែន ដែលរាជរដ្ឋាភិបាល លើកឡើងថា ៖ទេសចរណ៍វប្បធម៍ ធម្មជាតិ ដែលខុសពីប្រ ទេសជិតខាង ជាពិសេសថៃ ល្បីពេញពិភពលោក ខាងស្រើបស្រាល សិច សប្បាយ ឥឡូវថៃ បើកឲ្យប្រើប្រាស់ កញ្ឆាទៀត វាកាន់តែទាក់ទាញពួកទេសចរថែមទៀត។ ដូច្នេះខ្ញុំយល់ថា បញ្ហានៅកម្ពុជា របស់យើង មានច្រើន ដែលយើងត្រូវចូលរួមទាំងអស់គ្នា“ ៕ កុលបុត្រ