ភ្នំពេញ ៖ វណ្ណដា មិនបានបង្ហាញខ្លួនចូលរួមមង្គលការរបស់ងួន ចាន់ដេវីត-ទេព បូព្រឹក្ស កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ទេ បើទោះជាអាពាហ៍ពិពាហ៍តារារ៉េប ១គូនេះ ផ្អើលអស់តារារ៉េប (Rapper) ទាំងឡាយ មកជួបជុំគ្នាលើសចំនួនក្ដី ។ បញ្ហានេះធ្វើឲ្យមានការលើកឡើងថា រឿងវណ្ណដា និងដេវីត អត់ត្រូវគ្នា ឬកាច់កុងគ្នា នៅ តែបន្ដស្ថិតក្នុងចិត្ត Fan របស់ពួកគេ ទាំងសងខាងតទៅទៀត ។ ប៉ុន្ដែប្រសិនបើវណ្ណដា ទៅចូលរួមមង្គលការរបស់ដេវីត ច្បាស់ជាដាច់ផ្ងារ Fan ដែលគិតថាពួកគេជាសត្រូវគ្នានោះ ជាមិនខាន ។

សូមរំលឹកថា វណ្ណដា-ដេវីត បានចេញបទចម្រៀងបង្កប់អត្ថន័យផ្លែផ្កា ដៀមដាម (Diss Track) គ្នា ជាច្រើនឆ្នាំមកហើយ ដូចជាពេលវណ្ណដា ច្រៀងបទ «J+o2 » ដេវីត ចេញបទ «ចុមអាអូនអត់ដេក?» វណ្ណដា ចេញបទ «J+O Zero 3» ដេវីត ចេញបទ «ថីអ្ហែងថី!» នាំឲ្យ Fan ទាំងសងខាង ពាក់មុខយក្សដាក់គ្នា ដោយសាតែស្នា ដៃតារាចម្រៀងរ៉េប ទាំងពីរដួង។ ប៉ុន្ដែកាលពីដើមខែមីនា ឆ្នាំ២០២៥ វណ្ណដា-ដេវីត ធ្វើឲ្យ Fan ទាំងសងខាង ស្រឡាំងកាំង និយាយអត់ចេញ ដោយសាតែនៅពេលឡើងឆាកតែមួយ ប៉ះគ្នា ហើយពេលសមចម្រៀង លោកដេវីត បែរជាច្រៀងបទរបស់វណ្ណដា «ខូចចិត្តព្រោះអ្នកណា?» ដែលពេលនោះ វណ្ណដា និងសង្សារនាងឡូរីន (Lauryn) ឈរក្បែដេវីត ហើយចាំបន្ទរទៅវិញ ។ សកម្មភាពបែបនេះ នាំឲ្យមានការលើកឡើងថា វណ្ណដា និងដេវីត បានវិលមកត្រូវរ៉ូវគ្នា ហើយអ្នកដែលដាច់ចង្កេះ គឺ Fan តារាទាំងពីរ ដែលឈ្លោះគ្នាបែកផ្សែងជាច្រើនឆ្នាំ តែ Idol របស់ពួកគេ ឈ្លោះគ្នាតែតាមបទចម្រៀង តែខាងក្រៅឆាក ក្រេបទឹកឃ្មុំជាមួយគ្នា។ រូបភាពនោះ គេក៏អាចវាយតម្លៃបានដែរថា វណ្ណដា នឹងលាងជម្រះមន្ទិលសង្ស័យថា លោកជាសត្រូវរបស់ដេវីត បើសិនជាទៅស៊ីកា ដេវីត ។ ប៉ុន្ដែផ្ទុយទៅវិញ គេបែជាមិនឃើញស្រមោលតារាផលិតកម្មបារមី រូបនេះ ទៅអើតរោងការដេវីត ទៅវិញ បើទោះជាកម្មវិធីនោះ ត្រូវបានជំនួយការរបស់បូព្រឹក្ស ថាហៅភ្ញៀវ ១០០តុ ហើយភ្ញៀវមកដល់ទៅ ៣០០តុ ក៏ដោយ ។



សូមបញ្ជាក់ថា វណ្ណដា នៅតែមានទីផ្សារចម្រៀងរ៉េប ល្អ នៅឆ្នាំ២០២៥ នេះហើយរូបគេកាន់តែមានក្ដីសុខជា មួយសង្សារថ្មី ឡូរីន (Lauryn) បន្ទាប់ពីបានទិញផ្ទះថ្មី និងរថយន្ដទំនើបម៉ាក Lamborghini URUS 2022 តម្លៃជាង ៣០ម៉ឺនដុល្លារ ។ ប្រភពបានឲ្យដឹងថា វណ្ណដា ត្រូវក្រុមគ្រួសារទាំងសងខាងជំរុញឲ្យរៀបការដូចដេវីត ដែរ ប៉ុន្ដែពេលនេះ នៅមិនទាន់មានដំណឹងលោកដឹកដៃសង្សារ ក្រាបផ្ទឹមឡើយ ។ ចំណែកដេវីត កាន់តែមានក្ដីសុខជាមួយភរិយាទេព បូព្រឹក្ស ហើយការងារបន្ទាប់ដែលពួកគេត្រូវធ្វើជាចាំបាច់នោះ គឺនាំប្រពន្ធ ទៅក្រេបចន្ទទឹកឃុំ (Honey Moon) នៅក្រៅស្រុក និងយកកូនថែម ។



មជ្ឈដ្ឋានមហាជនរង់ចាំមើលថា វណ្ណដា-ដេវីត នឹងហ៊ានចេញបទ Diss Track គ្នាតទៅទៀតឬអត់ នៅឆ្នាំ២០២៥ បន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ណែនាំដល់សិល្បករ បុគ្គលដែលប្រើប្រាស់បណ្ដាញសង្គម ឈរលើមូលដ្ឋានសិល្បៈ វប្បធម៌ សូមបញ្ឈប់ជាបន្ទាន់នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានាដែលមានខ្លឹមសារគ្រោតគ្រាត អសុររោះ ប្រាសចាកក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរសង្គម និងសូមលុបនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្ដាញសង្គម នាពេលកន្លងមក ។ ប្រសិនបើវណ្ណដា នៅតែចេញចម្រៀង Diss Track ជាមួយដេវីត ទៀតនោះ ច្បាស់ជា Fan ទាំងសងខាង ឡើងកម្ដៅសាជាថ្មីមិនខាន ដែលពេលនោះ ទស្សនិក ជននឹងងាកទៅតាមដានក្រសួងពាក់ព័ន្ធវិញម្ដង ថាតើនឹងហ៊ានចាត់ការបទចម្រៀងពួកគេឬអត់?…៕
