ភ្នំពេញ ៖ អតីតតារាសម្ដែង ឡុង ថាវរី នៅតែប្រកាន់ជំហរថា នឹងមិនវិលករកអាជីពចាស់វិញទេ ក្រោយរៀប ការស្វាមី ជាង៣ឆ្នាំ និងពេលនេះមានកូនស្រីម្នាក់ អាយុជាង៥ខែ ។ ប្រភពបានឲ្យដឹងថា មូលហេតុដែល ថាវរី ឈប់ថតសម្ដែងភាពយន្ដ និងមិនទទួលការងារសិល្បៈផ្សេងៗទៀតនោះ ព្រោះតែនាងចង់បំពេញចិត្តស្វាមី ដែលមិនចង់ឲ្យនាងលេងសិល្បៈថតសម្ដែង មានតារាប្រុស ឱបថើបនាងទៀត ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឡុង ថាវរី បាននិយាយយ៉ាងខ្លីថា នាងពិតជាឈប់ពីអាជីពសិល្បៈដាច់ទាំងស្រុងទៅហើយ ។ ចំពោះមូលហេតុ គឺមកពីស្វាមីជាអ្នករកស៊ី ហើយគាត់ចង់ឲ្យនាងរកស៊ីដែរ ។

ឡុង ថាវរី មិនប្ដូរចិត្តនោះទេ ពោលគឺនាងលាអាជីពសិល្បៈ រហូតតែម្ដង ក្រោយបានផ្អាកជាង ៤ឆ្នាំមកនេះ បន្ទាប់ពីការប្តីរួច។ ប៉ុន្ដែនៅតាមកម្មវិធីមិត្តភក្ដិ អ្នករួមអាជីព គេឃើញថាវរី តែងតែបណ្ដើរស្វាមី ទៅចូលរួមធម្មតា គ្រាន់តែមិនទទួលការថតភាពយន្ដ និងMV ឬស្ពត ដូចមុនទៀតទេ ។ ប្រភពបានឲ្យដឹងថា ថាវរី ពេលនេះមានអ្វីគ្រប់យ៉ាងទៅហើយ ដូចជា ផ្ទះ លុយ ឡាន ហើយជាញឹកញាប់ ស្វាមីនាំនាងទៅដើរកម្សាន្ដនៅបរទេស ដើរចាយលុយ ដូចជាទៅអាមេរិក និងចិន ជាដើម ។

គួររំលឹកថា ឡុង ថាវរី បានរៀបការជាមួយអ្នកជំនួញទ្រព្យស្ដុកម្នាក់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ហើយសម្រាលបានកូនស្រីមួយ ឈ្មោះហ៊ួយ យឿន អាយុជាង៥ខែ ។ ថាវរី ជាតារាសុខចិត្តផ្គាប់ចិត្តស្វាមី បោះបង់អាជីពចាស់ ដូចតារាស្រីមួយចំនួន មានដូចជា អ្នកនាង លី យ៉ាណា, អេនជី, ផាន់ ម៉ូនីកា និងអ៊ឹម សុគន្ធា ជាដើម ។ ថាវរី កាន់តែទទួលបានការថ្នាក់ថ្នមពីស្វាមីនិងស្រលាញ់នាងទ្វេដងនោះ គឺក្រោយនាងបង្កើតបានកូនស្រីម្នាក់ដ៏ស្រស់ស្អាត ជូនប្ដី ហើយពេលនេះ ទោះជានាងគីឡូឡើង បែកសាច់ បន្ដិចមែន ប៉ុន្ដែសម្រស់នាងនៅតែទាក់ទាញពិសេស គឺទម្រង់មុខ ចង្កា ច្រមុះ និងដើមទ្រូង ជាដើម ដែលប្រែប្រួលខុសពីមុនទាំងស្រុង រហូតគេសង្ស័យថា នាងបានកែកុនតាំងពីក្រោយរៀបការ ដើម្បីវាយលុកមួយប្រាវទៀត លើការងារសិល្បៈទាំងថតភាពយន្ដ និង MV ។ ប៉ុន្ដែគួរឲ្យស្ដាយ ពេលនេះតារាកូនមួយនេះ មិននៅអាល័យរកលុយល្អិតទៀតទេ ។

សូមបញ្ជាក់ថា ឡុង ថាវរី ជាអតីតកញ្ញាឯក NIKON ហើយនាងបានលេចមុខថតភាពយន្ដនៅ LD រួមទាំងសម្ដែង MV បទព្រាប សុវត្ថិ «ពេលណាជួបគេម្ដងទៀត?»។ យ៉ាងណា គេនៅមិនទាន់ដឹងថា ប្ដីអ្នកនាងថាវរី នឹងត្រៀមបោះលុយធំ ឲ្យនាងរកស៊ីលើមុខរបរអ្វីខ្លះទេ ព្រោះបាយបាយពីអាជីពចាស់នេះ ភាគច្រើនអ្នកនាងថាវរី ផ្ដោតទៅលើការថែសម្រស់ច្រើនជាង។ចំណែកតារារួមអាជីពថា ថាវរី ក្រោយមានកូនមួយ បណ្ដោយឲ្យឡើងគីឡូជ្រុល ហេតុនេះបើសិនជានាងចង់ចងចិត្តលោកប្ដី កុំឲ្យមើលឃើញស្រីផ្សេងនោះ ទាល់តែប្រញាប់សម្រកគីឡូឲ្យរាងស្វែលវិញ ទើបអាចចងចិត្តប្ដីបាន ព្រោះបើគ្រាន់តែផ្ដាច់ខ្លួនពីសិល្បៈនោះ មិនអាចមានសុវត្ថិភាពមួរយភាគរយឡើយ ៕



