ភ្នំពេញ ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រសិទ្ធនាមស្ពានទី២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ជា “ស្ពានតេជោសន្តិ ភាពឫស្សីជ្រំ”។

យោងតាមលិខិតផ្លូវការរបស់ទីស្តីការគណ:រដ្ឋមន្ត្រី ដែលសារព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា រាជរដ្ឋាភិបាល សម្រេចប្រសិទ្ធនាមស្ពានទី២៨ នៃគម្រោងសាងសង់ ផ្លូវជាតិលេខ១០ ដែលជាស្ពានខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជា ជា “ស្ពានតេជោសន្តិភាពឫស្សីជ្រំ”។

សូមបញ្ជាក់ថា ស្ពានលេខ២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា។ ស្ពាននេះជាផ្នែកមួយ នៃគម្រោង ស្តារឡើងវិញផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៧,៣គីឡូម៉ែត្រ តភ្ជាប់ខេត្តបាត់ដំបង និងខេត្តកោះកុង។

ស្ពានតេជោសន្តិភាពឫស្សីជ្រំ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ និងបានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ កាលពីពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៕




