ភ្នំពេញ ៖ រយៈពេលពេញ ១ខែកក្កដា ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់កុមារដែលមានជំងឺ ចំនួន៣០០១នាក់ ដោយឥតគិតថ្លៃ និងដោយគ្មានការរើសអើង។ ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូង តាមសរសៃឈាម លើកុមារ ចំនួន៨៤នាក់។

ជារួម នៅក្នុងរយៈពេលពេញ ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺ ចំនួន ៩២ ១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ក្នុងចំណោមនេះ កុមារមានជំងឺធ្ងន់ៗ ២២ ៩១៧នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យ។ ក្នុងនោះមន្ទីរពេទ្យគន្ធបុប្ផា ក៏បានព្យាបាលលើកុមារមានជំងឺគ្រុនឈាម ចំនួន ៣ ៩១៨នាក់។

ក្រៅពីព្យាបាលកុមារ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជយវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក៏បានពិនិត្យផ្ទៃពោះ និងព្យាបាលជូនស្ត្រីមានផ្ទៃពោះ ចំនួន ៨ ៩៣៣នាក់ ដែលមកពិនិត្យតាមដានផ្ទៃពោះ និងទទួលសេវាព្យាបាល។ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ក្រុមគ្រូពេទ្យជំនាញ បានជួយសម្រាលកូនបានលើស្ត្រីចំនួន ១ ៦០២នាក់។

មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ និងដោយគ្មានការរើសអើង សម្រាប់អ្នកមកទទួលសេវាគ្រប់ៗគ្នា។

គួរបញ្ជាក់ថា តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញ នៅឆ្នាំ១៩៩២ មន្ទីរពេទ្យនេះបានទទួល ការពិនិត្យនិងព្យាបាល នៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្ត្រីមានផ្ទៃពោះចំនួនប្រមាណ ២៣លានករណី បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្ត្រីមានផ្ទៃពោះចំនួន ប្រមាណ៤១ម៉ឺននាក់។

កាលពីឆ្នាំ២០២៤ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប បានពិនិត្យ និងព្យាបាលលើកុមារ ទារក និងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាជាង ៤០លានដុល្លារសហរដ្ឋ ដើម្បី សង្គ្រោះអាយុជីវិតកុមារកម្ពុជា។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា ធ្លាប់បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលដណ្តើមជីវិតកុមារកម្ពុជា ជាច្រើន ពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យ ហើយបានជួយ ព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា៕
