ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពបញ្ចប់កូនរដូវប្រាំង ឆ្នាំ២០២៥ ដោយបញ្ជាក់ថា កូនរដូវប្រាំង នឹងបញ្ចប់នៅថ្ងៃទី១០ ខែសីហា ខាងមុខ ហើយចាប់ពីថ្ងៃទី១១ ខែសីហា តទៅ រដូវវស្សា នឹងចូលមកដល់ ដែលអាចមានភ្លៀងធ្លាក់នៅក្របខ័ណ្ឌទូទាំងប្រទេស។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា យោងតាមការអង្កេត ពិនិត្យនិងវិភាគលើស្ថានភាពធាតុអា កាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម សូម ជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា កូនរដូវប្រាំង នឹងបញ្ចប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាង មុខនេះ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ តទៅ រដូវវស្សា នឹងវិលត្រឡប់មកមានលក្ខណៈជាធម្មតាវិញ ដែលអាចមានភ្លៀងធ្លាក់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស និងអាកាសធាតុ នៅក្នុងរដូវវស្សានេះ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹកនិងឧតុនិយម នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល…៕