ភ្នំពេញ៖កូកា-កូឡា ដែលជាម៉ាកផលិតផលដើម របស់សហរដ្ឋអាមេរិក មានរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានផ្តាច់កុងត្រាជាមួយតារាចម្រៀង ម៉ាន់ វណ្ណដា ស្រាប់តែមានពលរដ្ឋខ្មែរមួយចំនួន យល់ច្រឡំថា កូកា-កូឡា ជាក្រុមហ៊ុនថៃ និងផ្អើលតាគ្នាប្រកាសធ្វើពហិការ ឈប់ផឹកកូកា-កូឡា នោះមក សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិ មេត្តារក្សាភាពស្ងប់ស្ងាត់ និងពិចារណាឲ្យបានដិតដល់ ព្រោះកូកា-កូឡា ជាផលិតផលរបស់ខ្មែរ ផលិតនៅក្នុងប្រទេសកម្ពុជា ដែលកម្មករខ្មែរ ជាអ្នកធ្វើការនិងទទួលផល ឯការបង់ពន្ធ ក៏បានមកកម្ពុជា ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ដូច្នេះប្រសិនបើក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជា នោះកម្ពុជា គឺជាអ្នកខាតបង់ ដែលសត្រូវរបស់យើង ជាអ្នកទទួលផល។

សម្តេចហ៊ុន សែន អំពាវនាវដល់ជនរួមជាតិខ្មែរ សូមកុំចូលអន្ទាក់របស់សត្រូវឲ្យសោះ ព្រោះសូម្បីតែក្រុមហ៊ុនថៃ ដែលកំពុងវិនិយោគនៅកម្ពុជា ក៏យើងត្រូវខិតខំរក្សាដើម្បីជាប្រយោជន៍ជាតិយើងដែរ។ ជាមួយនេះ សម្តេច សង្ឃឹមថា វណ្ណដា នឹងយល់ពីបញ្ហានេះ ទោះគេបញ្ឈប់កុងត្រា ដោយមូលហេតុណាក៏ដោយ គប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ ដោយសម្តេច ថ្លែងសង្កត់ធ្ងន់ថា វណ្ណដា តំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ។

សម្តេចហ៊ុន សែន បានសរសេរខម្មិនតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា «សូមបងប្អូនជនរួមជាតិ មេត្តារក្សាភាពស្ងប់ស្ងាត់សិន និងពិចារណាឲ្យបានដិតដល់។ ដំបូងយើងត្រូវដឹងថា តើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយវណ្ណដាដោយសារវណ្ណដា ស្រឡាញ់ជាតិ ឬយ៉ាងណា? បន្ទាប់មកយើងត្រូវដឹងថា ទោះជាកូកា ជាផលិតផលអាមេរិក តែវាក៏ជាផលិតផលរបស់ខ្មែរ ព្រោះផលិតនៅក្នុងកម្ពុជា ដែលកម្មករខ្មែរ ជាអ្នកធ្វើការនិងទទួលផល។ ការបង់ពន្ធ ក៏បានមកកម្ពុជា ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជា នោះកម្ពុជា គឺជាអ្នកខាតបង់ ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើង ចង់វាយខាងសេដ្ឋកិច្ចយើង តាំងពីដំបូង ដូចជាគំរាមកាត់ផ្តាច់អគ្គិសនី ផ្តាច់អ៊ីនធឺរណិត ឈប់លក់ប្រេង តែយើងបានម្ចាសការកាត់ផ្តាច់និងឈប់ទិញជាមុន ដើម្បីកុំឲ្យគេគំរាមយើងបានទៀត»។

សម្តេចហ៊ុន សែន បន្តថា «ខ្ញុំមិនជំទាស់ទេ ប្រសិនបើកូកា នេះផលិតនៅថៃ បងប្អូនអាចឈប់ប្រើបាន តែបើកូកា នេះផលិតនៅកម្ពុជា បងប្អូនពហិការ មិនប្រើ កម្ពុជា គឺជាអ្នកខាតបង់ទាំងការងារ ទាំងប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោល របស់ប្រជាជននិងចំណូលរដ្ឋ។ ក្រៅពីរឿងសេដ្ឋកិច្ច នៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិក តែម្តង ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា ជាមួយអាមេរិក តែម្តង»។

សម្តេចប្រធានព្រឹទ្ធសភា បន្តទៀតថា «សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។ សូម្បីតែក្រុមហ៊ុនថៃ ដែលកំពុងវិនិយោគនៅកម្ពុជា ក៏យើងត្រូវខិតខំរក្សា ដើម្បីជាប្រយោជន៍របស់យើងដែរ។ ពុកសង្ឃឹមថា វណ្ណដា នឹងយល់ ទោះគេបញ្ឈប់កូន ដោយមូលហេតុណាក៏ដោយកូនគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ។ វណ្ណដា តំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ»។

ចំណែកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសរសេរនៅក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា «More than a Father… ជាអ្វីដែលខ្ញុំតែងតែលើកឡើង!
ពីយប់មិញ យើងបានឃើញសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្ញើរសារជូនជនរួមជាតិ ទាក់ទងទៅនឹងការវិវត្តចុងក្រោយនេះ ក្នុងនោះពាក់ព័ន្ធនឹងការធ្វើពហិការលើ Coca ហើយរាល់ការអនុវត្ត គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍យូរអង្វែងរបស់កម្ពុជា ទេ? ហើយលើសពីនេះ តើនឹងចូលអន្ទាក់របស់សត្រូវរបស់យើងពេលនេះដែរឬទេ?
ថ្ងៃមុន ខ្ញុំបានលើកក្នុងកម្មវិធី ស.ស.យ.ក ម្តងរួចហើយថា ៖
១. ខ្ញុំបានយល់ច្បាស់ពីអារម្មណ៍របស់បងប្អូន ដែលចង់បង្ហាញស្មារតីស្នេហាជាតិ និងការគាំទ្រ តាមរយៈការធ្វើពហិការផលិតផលថៃ ព្រោះថា យើងទាំងអស់គ្នា ពិតជាមានការឈឺចាប់ សម្រាប់អ្វីដែលសង្រ្គាមនេះ បាននាំមកប្រទេស និងប្រជាជនរបស់យើង។
២. ទោះយ៉ាងណា យើងត្រូវប្រមូលស្មារតីរួមរបស់យើង ហើយកំណត់ឲ្យច្បាស់ថា អ្នកណា ជាសត្រូវពិតប្រាកដ អ្នកណាដែលនាំឲ្យសន្តិភាពនៅកម្ពុជា បាត់បង់តាំងពីថ្ងៃ ២៤ កក្កដា ២០២៥ ហើយមកដល់ពេលនេះ មិនទាន់បានចប់ និងសន្តិភាពមិនទាន់បានវិលត្រឡប់មកវិញទាំងស្រុង»។

លោកហ៊ុន ម៉ានី បន្តថា «ម៉ោងនេះ ពេលនេះ យើងមិនត្រូវបង្វែរស្មារតី សំឡេង និងសកម្មភាពទៅណាក្រៅតែពី ការពារទឹកដី ការផ្តល់កម្លាំងចិត្ត និងជំនឿទុកចិត្តដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង គាំទ្រវិធានការរបស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្ត “បទឈប់បាញ់” “ដោះស្រាយបញ្ហាដោយសន្តិវិធី ឈានទៅដល់ការដោះលែង ទាហានរបស់យើងទាំង ១៨នាក់ ដោយសុវត្ថិភាព”, “ការបើកច្រកព្រំដែនដូចមុនថ្ងៃ៧ មិថុនា ២០២៥ ដើម្បីឲ្យពាណិជ្ជកម្មមានស្ថានភាពធម្មតា ជាពិសេសសម្រាប់បងប្អូនខ្មែរយើង ដែលឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ អាចវិលត្រឡប់ទៅធម្មតាវិញ”, “ហើយការបន្តអនុវត្ត MoU ឆ្នាំ២០០០ ដើម្បីឈានទៅបញ្ចប់ការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍សម្រាប់កូនខ្មែរ គ្រប់ជំនាន់ទៅមុខ កុំឲ្យមានសង្គ្រាម និងការឈ្លានពានព្រំដែនជាថ្មីម្តងទៀត”។

ខាងលើ សុទ្ធតែជាអ្វីដែលស្មារតីជាតិរបស់យើងទាំងអស់គ្នា នាពេលនេះ គួរត្រូវផ្តោត ព្រោះសំឡេងរបស់យើងរួមគ្នា ក្នុងខឿនការពារជាតិប្រជាជន បានផ្តល់ជាកម្លាំង ថាមពលដ៏ក្លាំងក្លា ដល់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី និងកម្លាំងថាមពលដល់វីរកងទ័ពរបស់យើង សូមបន្តស្មារតីរួបរួមដ៏ខ្លាំងក្លានេះជានិរន្តរ៍ គាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ពរបស់យើង ក្នុងបេសកកម្មការពារទឹកដី ដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងភាពត្រឹមត្រូវរបស់កម្ពុជាយើង»។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា «សាជាថ្មី ស្មារតី សំឡេង និងសកម្មភាពជួយគ្នា បង្ហាញនូវការគាំទ្ររបស់ប្រជាជនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស មិត្តភក្តិអន្តរជាតិដែលបានយល់ច្បាស់ និងបង្ហាញការគាំទ្រមកដល់ប្រទេសកម្ពុជា ទាំងអស់នេះហើយដែល ជាកម្លាំងពិតប្រាកដរបស់យើង ហើយកម្លាំងនេះហើយដែលជាថាមពលដល់រាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើង ដើម្បីដោះស្រាយនិងបញ្ចប់សង្រ្គាមមួយនេះ។ ការពហិការ មិនប្រើប្រាស់ផលិតផលថៃ ដែលចេញមកពីការឈឺចាប់របស់បងប្អូនមួយចំនួន មិនខុសទេ ហើយខ្ញុំក៏យល់ តែយើងត្រូវគិតគូរបន្ថែមដូចអ្វីដែលសម្តេចតេជោ/ពុក បានលើកឡើងនៅក្នុងសារខាងលើរបស់គាត់។ ច្បាស់ណាស់ យើងត្រូវតែបន្តពង្រឹងសមត្ថភាពខ្លួនឯង ហើយច្បាស់ណាស់ថាយើងត្រូវធ្វើអ្វីៗដើម្បីការពារ ពង្រឹងនិងពង្រីកផលប្រយោជន៍ជាតិយើង ថ្ងៃនេះតទៅមុខ និងកាត់បន្ថយសកម្មភាពណាដែលអាចប៉ះពាល់ដល់ភាពរឹងមាំរបស់យើង ទាំងពេលបច្ចុប្បន្ន រយៈពេលមធ្យម និងវែងឆ្ងាយទៅមុខ»៕ ខៀវទុំ