ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីប្រកាសថា វិញ្ញាសាគណិតវិទ្យា មិនមែនបែកធ្លាយមុនម៉ោងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៨ សីហា ២០២៥ នោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «វិញ្ញាសាគណិតវិទ្យា មិនមានបែកធ្លាយមុនម៉ោងប្រឡងទេ! ទោះបីក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) មមាញឹកយ៉ាងខ្លាំងលើការងារជាច្រើនក្តី ប៉ុន្តែការងាររកឃើញថា ការធ្លាយវិញ្ញាសា គណិតវិទ្យា មុនម៉ោងប្រឡង មានមែនពិត ឬមិនមាន នៅតែជាការងារដែលក្រុមកាងារដឹកនាំដោយឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព ត្រូវតែបំពេញឱ្យបានចប់សព្វគ្រប់។
ការសង្ស័យនូវលទ្ធភាពបែកធ្លាយ តាមដំណាក់កាលខ្លះៗ ៖
១. តើក្នុងដំណាក់កាលតាក់តែង បោះពុម្ភ ថតចម្លង វេចខ្ចប់ អាចមានការបែកធ្លាយឬទេ? គ្រប់អ្នកតាក់តែងវិញ្ញាសាទាំងអស់ ទាំងវិញ្ញាសាគណិតវិទ្យាផង ត្រូវបញ្ជូនទៅតែឯកឧត្តមមួយរូបប៉ុណ្ណោះ (អនុរដ្ឋលេខាធិការ) ហើយឯកឧត្តមមួយរូបនេះ ជាអ្នករៀបចំដាក់ជូនរដ្ឋមន្ត្រីក្រសួង អប់រំ យុវជននិងកីឡា (អ.យ.ក) ពិនិត្យ និងមានហត្ថលេខាសង្ខេប (Griff) ហើយទទួលពីរដ្ឋមន្ត្រី មកវិញ ឯកឧត្តមមួយរូបនេះ ឈរបោះពុម្ភ ថតចម្លងវិញ្ញាសា ជាមួយម៉ាស៊ីន ៦គ្រឿង តែម្នាក់ឯង ហើយវិញ្ញាសាគណិតវិទ្យា ថតចេញមកដោយផ្កាប់ (មើលមិនឃើញវិញ្ញាសា) ត្រូវរាប់ដោយមនុស្ស ១០នាក់ ហើយអ្នករៀបចំយកវិញ្ញាសានោះដាក់ចូលក្នុងស្រោមសំបុត្រ មានតែ២នាក់គត់ ដោយដំណើរការសន្លឹកផ្កាប់ទាំងអស់។ បញ្ចូលវិញ្ញាសាគណិតវិទ្យា ថតចម្លងរួចហើយ ដាក់ក្នុងស្រោមសំបុត្រ មានលក្ខណៈគិតគូរវិទ្យាសាស្ត្រយ៉ាងហ្មត់ចត់ ៖
– ស្រោមសំបុត្រទី ១ ៖ ដាក់វិញ្ញាសាគណិតវិទ្យា ១០០សន្លឹក (សម្រាប់៤បន្ទប់ ដែលមាន បេក្ខជន២៥នាក់ ក្នុងមួយបន្ទប់)
– ស្រោមសំបុត្រទី ២ ៖ ដាក់វិញ្ញាសាគណិតវិទ្យា ២០សន្លឹក (សម្រាប់បម្រុង)
– ស្រោមសំបុត្រទី ៣ ៖ ដាក់វិញ្ញាសាគណិតវិទ្យា តាមចំនួនលេខកន្ទុយបេក្ខជនចុងក្រោយក្នុង មណ្ឌល (ឧទា. មណ្ឌល មាន៥០បន្ទប់ ហើយបន្ទប់ទី៥០ មានបេក្ខជន ១៧នាក់ គឺដាក់សន្លឹកវិញ្ញាសាគណិតវិទ្យា ១៧សន្លឹកប៉ុណ្ណោះ
– ស្រោមសំបុត្រទី ៤ ៖ ជាស្រោមសំបុត្រធំជាង សម្រាប់ដាក់នូវស្រោមសំបុត្រទាំង៣ ខាងលើ នេះ ទើបរៀបចំដាក់ក្នុងហិបមួយ សម្រាប់បញ្ជូនទៅតាមមណ្ឌលប្រឡង។
ទាំងស្រោមសំបុត្រតូចធំ ទាំងហិបដាក់ស្រោមសំបុត្រដែលមានសោចាក់ជាប់ សុទ្ធតែមានបិទ ភ្ជិតបន្ថែម (Seal/Scelle) ទាំងអស់។
ក្នុងដំណាក់កាលតាក់តែងវិញ្ញាសា និងបោះពុម្ភ ថតចម្លង វេចខ្ចប់វិញ្ញាសាទាំងនេះ ការស្រាវជ្រាវរបស់ក្រុមការងារ អ.ប.ព ឃើញថា ពុំមានបែកធ្លាយមួយសន្លឹកណាឡើយ។
២. ថ្ងៃទី២៤ សីហា ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ (NIE) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង អ.យ.ក បើកការប្រជុំណែនាំបច្ចេកទេសទូទាំងប្រទេស ដែលថ្នាក់ដឹកនាំ និងមន្ត្រី អ.ប.ព ចូលរួមជាមួយ។
– ពីពេលនោះមក ជាដំណាក់កាលដឹកបញ្ជូនហឹបវិញ្ញាសា ទៅរាជធានី-ខេត្ត ដែល អ.ប.ព ចាប់ផ្តើមសង្កេត ការណ៍ ហើយប្រការជាសំខាន់បំផុត ពិនិត្យមើលការបិទភ្ជិតសោហឹប (Seal/Scelle) ដែលត្រូវរក្សាមិនឱ្យមានរបើក រហូតដល់ថ្លៃប្រឡង និងរហូតដល់ពេលចាប់ផ្តើមបើកសោហិប ទម្លាយការបិទភ្ជិត (Seal/Scellé) ដើម្បីជូនបេក្ខជនអ្នកសង្កេតការណ៍ មន្ត្រីសមត្ថកិច្ច (អ.ប.ព – អប្បមាទ – អនុរក្ស – គណៈកម្មាធិការ ប្រធានមណ្ឌល…) ពិនិត្យទាំងទ្រង់ទ្រាយហិប – សោរ ការបិទភ្ជិត។ ក្រោយពិនិត្យឃើញថា ការបិទភ្ជិត (Seal/Scellé) នេះត្រឹមត្រូវហើយ ទើបដំណើការបើកយកស្រោមសំបុត្រដាក់វិញ្ញាសា។
ដំណាក់កាលដឹកជញ្ជូនហឹបវិញ្ញាសា រហូតបើកហិប កាត់ស្រោមសំបុត្រយកវិញ្ញាសាគណិតវិទ្យា ចែកទៅដល់សិស្សម្នាក់ៗ – អ.ប.ព និងអ្នកសង្កេតការណ៍ អ.ប.ព សង្កេតឃើញហ្មត់ចត់ ប្រធានវិញ្ញាសា ត្រូវបានប្រមូលមកឱ្យតែប្រធានមណ្ឌលម្នាក់គត់ ជាអ្នករក្សាទុក តាមការផ្ទៀងផ្ទាត់លេខច្បាស់លាស់។
ពេលធ្វើវិញ្ញាសាគណិតវិទ្យា ចប់ហើយ (ទោះបីអ្នកធ្វើចប់មុនម៉ោង ក៏មិនទាន់អាចចេញពីថ្នាក់បានឡើយ) នោះ គឺជាការប្រមូលសន្លឹកវិញ្ញាសាគណិតវិទ្យា ត្រឡប់មកវិញ (អ.ប.ព យល់ថា ដូចជាមិនមានប្រយោជន៍ប្រមូលមកវិញទេ ព្រោះប្រឡងចប់ហើយ គួរទុកឱ្យបេក្ខជន ជាឯកសារចែកចាយ រៀនសូត្រ) ក៏ អ.យ.ក យកចិត្តទុកដាក់មិនមានប្រហែស ដើម្បីធ្វើការប្រមូលមកវិញនោះដែរ – ប៉ុន្តែដូចឆ្នាំនេះ ការប្រមូលវិញ្ញាសាគណិតវិទ្យា មកវិញ ដែលបានចែកជូនបេក្ខជនជាង ១៤ម៉ឺននាក់ (១៤៦ ៧២០នាក់) ពីបន្ទប់ប្រឡង ជិត ៦ពាន់បន្ទប់ (៥ ៩២៤បន្ទប់) នៅ ២៤១មណ្ឌល ទូទាំង ២៥រាជធានីខេត្ត បើមានបេក្ខជនណាម្នាក់ លួចបត់រក្សាទុក ១សន្លឹក គឺប្រហែលជាអាចកើតមាន។ ដូចឆ្នាំមុន មានខេត្ត ចំនួន២ បានប្រមូលសន្លឹកវិញ្ញាសា គណិតវិទ្យាពីបេក្ខជន មកវិញ ខ្វះក្នុង ១មណ្ឌល ១នាក់ (២ករណី លើជាង១៤ម៉ឺននាក់)។ ឆ្នាំនេះវិញ្ញាសា គណិតវិទ្យា ដែលបានបង្ហោះ ក៏សុទ្ធតែក្រោយម៉ោងប្រឡង ហើយរូបវិញ្ញាសាដែលដូចបេះបិទទៅនឹងវិញ្ញាសាគណិតវិទ្យា ១០០ភាគរយ ជារូបដែលបត់ជា ៤ រួចហើយ ទើបលា យកមកថត អាចកើតមានតែនៅក្រោយការប្រឡងរួចប៉ុណ្ណោះ។
៣. រាល់វិញ្ញាសាគណិតវិទ្យា ដែលបានបង្ហោះតាំងពីរូបវិញ្ញាសាដូចគ្នា ៨០ភាគរយ (រូបវាយឡើងវិញ) រហូតដូច ១០០ភាគរយ (រូបវិញ្ញាសាមានពាក្យកាចណាស់ និងមានស្នាមបត់ច្រើនផ្នត់) សុទ្ធតែបានបង្ហោះក្រោយម៉ោងប្រឡងទាំងអស់។ រីឯការបង្ហោះផ្សេងទៀត នាំឱ្យ សង្ស័យថា មានលេចធ្លាយវិញ្ញាសាគណិតវិទ្យា ដូចជាការបង្ហោះចម្លើយវិញ្ញាសាគណិតវិទ្យា មានពេលវេលាដែលពុំទាន់មានមូលដ្ឋានជឿជាក់បាន ៖
– វីដេអូបង្រៀនចម្លើយវិញ្ញាសាគណិតវិទ្យា វាយឡើងវិញ បង្ហោះនៅថ្ងៃទី២៩/០៨-២០២៥ ម៉ោង២០ៈ៤០ (ក្រោយម៉ោងប្រឡង) ក្នុងនោះវីដេអូបង្រៀន ចុះថ្ងៃ២៨/០៨-២០២៥ ម៉ោង ១៨ៈ៤៦ ហើយឯកសារដែលយកមកបង្រៀន ចុះថ្ងៃ២៨/០៨-២០២៥ ម៉ោង ១៧ៈ០៤ ។
ដោយការបង្ហោះនេះ ធ្វើឡើងនៅក្រោយម៉ោងប្រឡង ឯកាលបរិច្ឆេទ ២ទៀត ក៏សុទ្ធតែអាចរៀបចំបានជាមុន (Setting) យើងពុំមានមូលដ្ឋានសន្និដ្ឋានថា ការបង្រៀនវិញ្ញាសាដែល លំដាប់លំដោយលេខរៀងរ៉ូមាំង – លេខស្វ័យគុណ និងអក្សរតាងនៃអនុគមន៍ដែលបង្រៀននោះ គឺខុសពីវិញ្ញាសាគណិតវិទ្យាដែលមានរូបពិត ដែលប្រការនេះហើយ អ.ប.ព លំបាកជឿជាក់។
៤. ការកែទម្រង់ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គឺជាការកែទម្រង់មួយស៊ីជម្រៅ ដល់ឫសគល់ ហើយបើកទូលំទូលាយពេញផ្ទៃប្រទេស ដែលរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តើមឡើងពីឆ្នាំ២០១៤ មកដល់ពេលនេះ ១១ឆ្នាំ ហើយ (ប្រឡងបាក់ឌុប ១២ដង) រាជរដ្ឋាភិបាលសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នៅតែពង្រឹងការកែទម្រង់ផ្នត់គំនិតសង្គមមួយទាំងមូលនេះ (ទាំងការគិតរបស់សិស្ស របស់ឪពុកម្តាយ អាណាព្យាបាលសិស្ស – គ្រូបង្រៀន និងមន្ត្រីរាជការ ព្រមទាំងប្រជាជនទាំងមូល) ដែលចាប់យកខិតខំរៀនសូត្រឱ្យចេះ ទើបបានជាប់ដោយពេញសមត្ថភាព ពេញកិត្តិយស ហើយអ្វីដែលខុសពីនេះ ដូចជាមធ្យោបាយលុយកាក់ ការស្គាល់គ្នា ការលួចចម្លងគ្នា ការលួចកែពិន្ទុ ការបែកធ្លាយវិញ្ញាសា យកមកពីមុនប្រឡង…ត្រូវបានជីកកប់បាត់ហើយ។ រាជរដ្ឋាភិបាលតេជោ-ធិបតី និងសង្គមទាំងមូល កោតសរសើរស្ញប់ស្ញែងដល់ឥស្សរជនជាច្រើននៅក្រសួង អ.យ.ក ដែលបានជ្រោងទង់កែទម្រង់នេះ ប្រកបដោយភាពប្តូរផ្តាច់ ៖ បណ្ឌិតសភាចារ្យ ២រូប គឺបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អ.យ.ក ដែលជាមេទ័ពប្រកប ដោយគតិបណ្ឌិតនៃការកែទម្រង់ប្រឡងបាក់ឌុប ផ្លាស់ប្តូរផ្នត់គំនិតសង្គមកម្ពុជា បានដោយជោគជ័យ ក៏ដូចជា បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ជាមហាបញ្ញវន្តនៃគ្រូបង្រៀនដ៏មានបទពិសោធន៍ ជាអ្នករៀបចំគ្រោងឆ្អឹងធំៗទាំងអស់ ប្រកបដោយវិទ្យាសាស្ត្រ ធ្វើឱ្យការប្រឡង ១១ឆ្នាំមកនេះ រលូន – យុត្តិធម៌ – ទទួលយកបាន។ កិត្តិនាម និងការប្តេជ្ញាចិត្តរបស់បណ្ឌិតសភាចារ្យទាំង២រូបនេះ សមល្មមតំណាងឱ្យឆន្ទៈកែទម្រង់ទាំងអស់ របស់ឥស្សរជនឆ្នើមៗជាច្រើនរូប ក្នុងវិស័យអប់រំ ដែលនៅថ្នាក់ណា ឬនៅផ្នែកណា សុទ្ធតែបាននាំមុខ ហើយកៀកស្មាជាមួយសហការីរបស់ខ្លួន អនុវត្តការងារប្រកបដោយមនសិការ។

សូមជឿជាក់លើក្រសួងអប់រំ យុវជននិងកីឡា ហើយបេក្ខជនទាំងអស់ដែលបានប្រឡងជាប់ បាក់ឌុប រួចមកហើយ ក៏ដូចជានឹងត្រូវទទួលលទ្ធផលជាប់ ពេលប្រកាសនាពេលដ៏ខ្លីខាងមុខ ទោះបីនិទ្ទេស A ក្តី និទ្ទេស E ក្តី គឺពិតជាស័ក្តិសមនឹងជាប់ ដោយសមត្ថភាពរបស់ខ្លួនពិត ប្រាកដមែន»៕