Wednesday, January 21, 2026
Homeសេដ្ឋកិច្ចជាតិអាជ្ញាធរសង់ស្ពានបាឡេថ្មី ក្រោយទឹកជំនន់ហូរកាត់ផ្តាច់

អាជ្ញាធរសង់ស្ពានបាឡេថ្មី ក្រោយទឹកជំនន់ហូរកាត់ផ្តាច់

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង បានសាងសង់ស្ពានបាឡេ ឡើងវិញក្រោយពីជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់ ធ្វើឱ្យប្រជាពលរដ្ឋជិត១០០គ្រួសារ រស់នៅចំណុចស្រែតាចាន់ ក្នុងឃុំក្បាលរមាស ស្រុកសេ សាន ខេត្តស្ទឹងត្រែង មិនអាចធ្វើចរាចរណ៍ដឹកកសិផលទៅកាន់ទីផ្សារបាន។

លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ចាក់ថា ផ្លូវ ស្ពាន តាមបណ្តោយផ្លូវលេខ៧៨ចាស់នេះ ជាបណ្តាញតភ្ជាប់រវាងចំណុចស្រែតាចាន់ មកទីប្រជុំជន នៅចំណុចភូមិច្រប់ ផ្លូវ៧៨ថ្មី ចេញទៅខេត្តរតនគិរី និងមកកាន់ទីរួមខេត្តស្ទឹងត្រែង។

លោកអភិបាលស្រុក បន្តថា ពេលបានស្ពានថ្មីនេះ ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ព្រោះស្ពានដែក យើងបានសាងសង់លើកឱ្យខ្ពស់ មិនឱ្យទឹកលិច នៅខែវស្សាទៀតទេ។

លោកប៉ែន សុបុល មេឃុំក្បាលរមាស បានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីដែលអាជ្ញាធរខេត្តបានប្រឹងប្រែងធ្វើការសាងសង់ឡើង ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនយើង សម្រាប់ទំនាក់ទំនងគ្នាក្នុងការដោះដូរទំនិញ និងផលកសិកម្ម បង្កើនសេដ្ឋកិច្ចគ្រួសារ។ លោកបន្តថា ពីដើម ផ្លូវនេះ ជាផ្លូវយុទ្ធសាស្ត្រមួយ ឆ្ពោះទៅកាន់ខេត្តរតនគិរី ហើយក្រោយពីមានផ្លូវ៧៨ថ្មីមក និងទឹកទំបន់វារីលិចផង ផ្លូវនេះបានកាត់ផ្តាច់មួយភាគធំ តែទោះជាយ៉ាងណា អាជ្ញាធរមិនបោះបង់ចោលទេ នៅតែបន្តថែរក្សានិងជួសជុល ដើម្បីប្រយោជន៍ប្រជាពលរដ្ឋយើងបានប្រើប្រាស់។    

លោក វេង វុន ប្រជាពលរដ្ឋនៅភូមិស្រែតាចាន់ បានគាំទ្រចំពោះការយកចិត្កទុកដាក់ពីថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរឃុំ ជាពិសេស មន្ត្រីជំនាញបានរៀបចំសាងសង់ស្ពាននេះ ឱ្យមានភាពរឹងមាំ បម្រើឱ្យការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋយើងនៅតំបន់នេះ។ ស្ពានដែកមានគុណភាពប្រើប្រាស់បានយូរអង្វែង បានឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្ន សង្កេតឃើញរាជរដ្ឋាភិបាល បានផ្លាស់ប្តូរយុទ្ធសាស្ត្រនៅតាមភូមិ ឃុំ បានសាងសង់ផ្លួវ ស្ពានបេតុង ទោះបីមានភាពយឺតយ៉ាវបន្តិច តែវាល្អជាងដែលមិនបានធ្វើសោះ៕

RELATED ARTICLES