ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានប្រកាសនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឱ្យពាណិជ្ជករ អាជីវករ ត្រូវបញ្ឈប់ការលក់ចែកចាយផលិតផលទឹកដោះគោម្សៅ Babybio Optima 1 ព្រមទាំងរក្សាទុកជាបណ្តោះអាសន្ន និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីអនុវត្តនីតិវិធី នៃការដកហូតត្រឡប់មកវិញ ព្រោះអាចមានវត្តមានជាតិពុល (TOXIN) ឈ្មោះ Cereulide ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ជម្រាបជូន ពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ មេត្តាជ្រាបថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន កុងទ័រ ភើហ្វឹក ហ្វាមេដ ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខលក់និងចែកចាយផលិតផលម៉ាក Babybio នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងថា អាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុងផលិតផលទឹកដោះគោម្សៅ ម៉ាក Babybio Optima 1 ចំនួន៣ប្រភេទ ដែលកំពុងចរាចរលើទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ៖
១- ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូត៏ Lot 894408 (Exp : 09/07/2027)
២- ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូត៏ Lot 900035 (Exp : 12/08/2027)
៣- ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 400g មានលេខឡូត៏ Lot 900932 (Exp : 18/08/2027)
ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដូចខាងក្រោម ៖
– ចំពោះពាណិជ្ជករ អាជីវករធ្វើធុរកិច្ចផលិតផលទឹកដោះគោម្សៅ ៖ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំងរក្សាទុកជាបណ្តោះអាសន្ន និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីអនុវត្តនីតិវិធីនៃការដកហូតត្រលប់មកវិញ នូវផលិតផលទាំង៣ប្រភេទខាងលើ។
– ចំពោះមាតាបិតា និងអ្នកប្រើប្រាស់ ៖ ចៀសវាងការទិញផលិតផលទឹកដោះគោម្សៅ ទាំង ៣ប្រភេទ ខាងលើ និង/ឬត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយទំនាក់ទំនងមកអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីទទួលបានព័ត៌ មានបន្ថែម ឬទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីប្តូរយក ផលិតផលថ្មី។
អាស្រ័យហេតុនេះ សូមពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ មេត្តាទទួលជ្រាប និងសហការផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខ 1266 ៕