ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ បានថ្លែងថា យ៉ាងយូរ ៣ឆ្នាំទៀត កម្ពុជា នឹងមានរោងចម្រាញ់ប្រេងឆៅ ដើម្បីផ្គត់ផ្គង់តម្រូវការប្រេងក្នុងស្រុក។ លោកបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេងឆៅ មិនមែនចេះតែធ្វើទេ ព្រោះដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាត ទាល់តែមានមាត្រដ្ឋានសេដ្ឋកិច្ចធំ ទីផ្សារធំ ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងជជែកពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ដែលសុទិដ្ឋិនិយមនៃការចរចានេះ នឹងអាចលេចចេញជារូបរាងនូវរោងចក្រចម្រាញ់ប្រេងឆៅ នៅក្នុងរយៈពេលយ៉ាងយូរ ៣ឆ្នាំខាងមុខ។ បន្ថែមពីលើនេះដែរ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទោះបីសង្គ្រាមនៅមជ្ឈិមបូព៌ា ធ្វើឱ្យប្រេងឡើងថ្លៃ តែកម្ពុជា មិនខ្វះប្រេងប្រើប្រាស់ទេ ឯតម្លៃអគ្គិសនីនៅកម្ពុជា មិនដំឡើងថ្លៃទេ គឺអ្នកប្រើប្រាស់រថយន្តអគ្គិសនី សប្បាយចិត្ត អត់ខ្វល់ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ថ្លែងសុន្ទរកថា និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា ដោយសារកម្ពុជា មិនទាន់មានរោងចក្រចម្រាញ់ប្រេងកាត ហើយពុំទាន់មានលទ្ធភាពស្តុកទុកប្រេងឆៅ ដើម្បីយកមកកែច្នៃនៅឡើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបើកកិច្ចពិភាក្សាជាមួយបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ។ លោកបន្តថា ដើម្បីឈានទៅសម្រេចបង្កើតរោងចក្រប្រេងកាតមួយបាន ទាល់តែមាត្រដ្ឋានសេដ្ឋកិច្ច និងទីផ្សារយ៉ាងធំទូលាយ ខណៈកន្លងមក សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ក៏មានបំ ណងបង្កើតដែរ ប៉ុន្តែដោយសារសេដ្ឋកិច្ចនិងទីផ្សារកម្ពុជា នៅមានលក្ខណៈតូចចង្អៀតនៅឡើយ ជាហេតុផលមិនទាន់សមស្របក្នុងការបង្កើត ព្រោះការវិនិយោគរោងចក្រចម្រាញ់ប្រេងកាតនេះ គឺទាមទារឲ្យមានទីផ្សារធំ តែទីផ្សារកម្ពុជាតូចនៅឡើយ ទើបមានការពន្យារពេល ។ យ៉ាងណា លោករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា បើគ្មានការប្រែប្រួល យ៉ាងយូរ ៣ឆ្នាំទៀត រោងចក្រចម្រាញ់ប្រេងកាតនេះ នឹងលេចចេញជារូបរាង បើសិនជាការចរចារវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន មានសុទិដ្ឋិ និយមល្អ ។
លោក កែវ រតនៈ បានមានប្រសាសន៍ថា “យើងមានប្រេងបម្រុងក្នុងស្ថានភាពដែលយើងនិយាយសំដៅទៅលើប្រេងម៉ាស៊ូត ប្រេងសាំង ដែលជាប្រេងដែលគេនាំចូលមក ដែលយើងទាមទារឲ្យក្រុមហ៊ុនវិនិយោគ មានការធ្វើការដាក់ផែនការត្រឹមត្រូវឲ្យយើង ។ អ៊ីចឹងអ្វីដែលជាស្ដុករបស់គាត់ គឺយើងសុំឲ្យពេញ ហើយនិងការយកបន្ថែមតាមការត្រូវការ ។ ប៉ុន្តែប្រទេសកម្ពុជាយើង ដូចបងប្អូនប្រជាពលរដ្ឋបានដឹងហើយថា យើងអត់ទាន់មានរោងចក្រចម្រាញ់ប្រេងកាតទេ ។ ដូច្នេះយើងអត់ទាន់មានលទ្ធភាពដើម្បីស្ដុកប្រេងឆៅ ដើម្បីយកមកកែច្នៃទេ ។ ឥឡូវនេះ រាជរដ្ឋាភិបាល កំពុងតែជជែកជាមួយនឹងក្រុមហ៊ុនវិនិយោគមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាត នៅកម្ពុជា ។ បងប្អូនប្រជាពលរដ្ឋ កន្លងមក បានមានការខម្មិនទៅលើបញ្ហាហ្វេសប៊ុក មួយចំនួន ថាយូរហើយ ម៉េចក៏មិនធ្វើ? មិនមែនចេះតែនឹកឃើញចង់ធ្វើបានទេ ពីព្រោះដើម្បីធ្វើរោងចក្រចម្រាញ់ប្រេងកាត ទាល់តែមានមាត្រដ្ឋានសេដ្ឋកិច្ចមួយធំ ទីផ្សារធំស្រូបរបស់វា ។ ប៉ុន្មានឆ្នាំមុននោះ សម្ដេច តេជោ ហ៊ុន សែន គាត់ធ្លាប់ចង់ធ្វើរោងចក្រប្រេងកាតនេះដែរ មិនមែនសម្ដេច មិនដែលគិតទេ សម្ដេច បានគិតល្អិតល្អន់ណាស់ ប៉ុន្តែទីផ្សាររបស់កម្ពុជា នៅមានសេដ្ឋកិច្ចមាត្រដ្ឋានទាបតូច មិនទាន់អាចធ្វើបានទេ ។ ដូចឧទាហរណ៍ថា ចុះម៉េចក៏មិនធ្វើកប៉ាល់ហោះ នៅស្រុកខ្មែរ? ចុះម៉េចមិនធ្វើរោងចក្រដំឡើងយន្តហោះទៅ? សួរថា យើងមិនចង់ធ្វើអ្ហែ៎? យើងចង់ធ្វើ ប៉ុន្តែសួរថា តើទីផ្សារយើង អាចធ្វើរោងចក្រ ដើម្បីដំឡើងយន្តហោះបានទេ? បញ្ហានេះ ខ្ញុំសូមជម្រាបជូនថា ឥឡូវនេះ រដ្ឋាភិបាលកំពុងតែជជែកយ៉ាងសកម្ម ក្នុងការឈានទៅបង្កើតរោង ចក្រចម្រាញ់ប្រេងកាតនេះ ។ បើសិនជាយើងមានរោងចក្រនេះ គឺយើងអាចស្ដុកប្រេងឆៅ ប៉ុន្តែឥឡូវកំពុងជជែកគ្នា ហើយការជជែកគ្នាហ្នឹង ប្រហែលជាបីបួនប្រាំខែហើយ ប៉ុន្តែកំពុងជជែកគ្នា ដើម្បីធ្វើម៉េច ឲ្យរោងចក្រនេះចេញ ហើយយើងចង់បានណាស់ ។ ដូចសម្ដេចតេជោ ចង់បាន សម្ដេចមហាបវរធិបតី ក៏ចង់បានដែរ ហើយយើងចង់បានណាស់ ប៉ុន្តែសំខាន់លើថា ការវិនិយោគនេះ គឺវាទាមទារទីផ្សារមួយធំ ហើយទីផ្សារយើងវាតូច ហ្នឹងបញ្ហានៅត្រង់ហ្នឹងឯង ដែលពិបាក ។ ជាសុទិដ្ឋិនិយមនៃការចរចា ប្រសិនបើមិនមានអីប្រែប្រួល ខ្ញុំសង្ឃឹមថា រោងចក្រនេះ នឹងអាចចេញជារូបរាងនៅក្នុងត្រឹមប្រហែលជា ៣ឆ្នាំខាងមុខ“ ។
ជុំវិញការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ទាក់ទងនឹងការបង្កើតរោងចក្រចម្រាញ់ប្រេងឆៅ នៅកម្ពុជា នេះ សម្រាប់អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការបង្កើតរោងចក្រចម្រាញ់ប្រេងក្នុងស្រុកនេះ វានឹងអាចជួយឱ្យតម្លៃប្រេងនៅកម្ពុជា ធ្លាក់ចុះចន្លោះពី ៥% ទៅ ១៥% ។ ដូច្នេះដល់ពេលដែលកម្ពុជា ត្រូវគាស់កាយធនធានរ៉ែប្រេង ដើម្បីអភិវឌ្ឍប្រទេស ស្តារសេដ្ឋកិច្ច ពង្រឹងវិស័យយោធា វិស័យអប់រំ និងជីវភាពប្រជាជនកម្ពុជា។ ពោលគឺការចម្រាញ់ថាមពលក្នុងស្រុក នឹងជួយឲ្យមានលំនឹងទីផ្សារក្នុងប្រទេស។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ថា ទោះបីតម្លៃប្រេងឆៅ ត្រូវពឹងផ្អែកលើទីផ្សារសកល ប៉ុន្តែការមានរោងចក្រផ្ទាល់ខ្លួន នឹងផ្តល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ ចំនួន៣ គឺការកាត់បន្ថយថ្លៃដឹកជញ្ជូន និងសេវាធានារ៉ាប់រង, កាត់បន្ថយពន្ធនាំចូល និងការបង្កើនការប្រកួតប្រជែង។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកជំនាញស្រាវជ្រាវអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានបញ្ជាក់ថា កម្ពុជា អាចរក្សាបាននិរន្តរភាពនៃការផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាមានភាពធន់ ទប់ទល់ផលប៉ះពាល់ពីសង្គ្រាមខាងក្រៅ ដែលធ្វើឱ្យការផ្តត់ផ្គង់ប្រេង មានការខ្វះខាត តម្លៃឡើងថ្លៃខ្លាំង ជាដើម។ លោកបន្តថា ការនាំចូលថាមពលរបស់កម្ពុជា កាលពីឆ្នាំ២០២៥ មានទំហំប្រមាណ ២,៤៣ពាន់លានដុល្លារ ហើយប្រសិនបើកម្ពុជា អាចបង្កើតរោងចក្រចម្រាញ់ប្រេង ដោយខ្លួនឯង នោះសាច់ប្រាក់ទាំងនេះ នឹងហូរចូលសេដ្ឋកិច្ចជាតិ ដោយផ្ទាល់។
គួររំលឹកថា ពាក់ព័ន្ធនឹងវិស័យប្រេងឆៅ ក្រសួងរ៉ែនិងថាមពល បានសម្រេចផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន EnerCam Resources Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Angkor Resources របស់ប្រទេសកាណាដា ធ្វើការសិក្សាស្រាវជ្រាវ រុករកប្រេងនិងឧស្ម័ន នៅប្លុក៨ ដែលជាប្លុកនៅលើដែនគោក ស្ថិតក្នុងខេត្តចំនួន៥ របស់កម្ពុជា រួមមាន ខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងខេត្តកែប ដែលមានផ្ទៃក្រឡាប្រហែល ៥ពាន់គីឡូម៉ែត្រការ៉េ។
ក្រុមហ៊ុន Angkor Resources បានរាយការណ៍តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ពីការកំណត់រកឃើញគោលដៅចោះស្វែងរកប្រេងនិងឧស្ម័ន ចំនួន ៤កន្លែង នៅតំបន់ភ្នំបូកគោ និងគិរីរម្យ ដោយបានឱ្យដឹងថា ខ្លួនកំពុងត្រៀមលក្ខណៈសម្រាប់ចោះសាកល្បងបូមប្រេង នៅទីតាំងដែលបានរកឃើញទាំងនេះ ។
ដោយឡែក ជាការកត់សម្គាល់ផងដែរ តម្លៃប្រេងនៅលើពិភពលោក បាននិងកំពុងហក់ឡើង ជាបន្តបន្ទាប់ ក្រោយអ៊ីរ៉ង់ បិទច្រកសមុទ្រអកមូហ្ស ទាំងស្រុង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររួមគ្នាដោយសហរដ្ឋ អាមេរិក និងអ៊ីស្រាអែល។ នៅកម្ពុជា តម្លៃប្រេង បានហក់ឡើងខ្លះដែរ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយគិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ស្ថានីយប្រេងឥន្ទនៈធំៗនៅកម្ពុជា បានកំណត់តម្លៃលក់នៅទីផ្សារសម្រាប់ប្រេងម៉ាស៊ូត តម្លៃ ៣៨៥០រៀល ក្នុងមួយលីត្រ ប្រេងសាំងធម្មតា តម្លៃ ៣៨៥០រៀល ក្នុងមួយលីត្រ និងប្រេងសាំងស៊ុបពែរ តម្លៃ ៤៧០០រៀល ក្នុងមួយលីត្រ។
ជាការកត់សម្គាល់បន្ថែម កាលពីខែមករា ឆ្នាំ២០២៦ កម្ពុជា បានចំណាយលុយប្រមាណ ២១៩.៥លានដុល្លារអាមេរិក ដើម្បីទិញនាំចូលទំនិញយុទ្ធសាស្ត្រ ដូចជា ប្រេងម៉ាស៊ូត ប្រេងសាំង និងហ្គាស់ ពីក្រៅប្រទេស។ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កម្ពុជា បានចំណាយថវិកាប្រមាណ ១៣៣.១លានដុល្លារអាមេរិក ដើម្បីទិញប្រេងម៉ាស៊ូត និងប្រមាណ ៥៥.៥លានដុល្លារអាមេរិក សម្រាប់ទិញប្រេងសាំង និងជិត ៣១លានសម្រាប់ទិញហ្គាស់ ។
បើតាមការថ្លែងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក្នុងករណីដែលតម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិ កើនឡើងចាប់ពី ៩០ដុល្លារ ក្នុងមួយបារ៉ែល រដ្ឋាភិបាល នឹងបញ្ចុះថ្លៃលក់រាយ ១សេន ក្នុងមួយលីត្រ។ ចំណែកប្រេងម៉ាស៊ូត ម្លៃចាប់ពី ១០០ដុល្លារ ក្នុងមួយបារ៉ែល នឹងបញ្ចុះថ្លៃលក់រាយ ១សេន ក្នុងមួយលីត្រ ដែលនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
ជុំវិញតម្លៃប្រេងឥន្ធនៈ ហក់ឡើងនេះ ក្រៅពីមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា ប្រសិនបើការនាំចូលប្រេងមកកម្ពុជា ត្រូវបានបិទ កម្ពុជា មានប្រេងបម្រុងក្នុងស្តុក សម្រាប់ប្រើប្រាស់បានរយៈពេល ១ខែនោះ លោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក៏បានបញ្ជាក់ឲ្យដឹងដែរថា នៅចំពោះមុខ កម្ពុជា មិនមានការខ្វះប្រេង ឥន្ធនៈ សម្រាប់ប្រើប្រាស់នោះទេ តែតម្លៃអាចកើនឡើង ហើយអ្វីដែលនឹងកើតឡើង គឺប្រេងថ្មី នាំចូលមកដល់ ទោះជាបញ្ហាផ្គត់ផ្គង់វាអាចមានការរំខាន ប៉ុន្តែនៅចំពោះមុខនេះ មិនទាន់មានបញ្ហានោះទេ អាចនឹងមានស្ថាន ភាពឧស្ម័ន មានការឡើងថ្លៃ ចំណុចនេះ ជាក្តីកង្វល់រួមរបស់ពិភពលោក ។ ប៉ុន្តែលោកថា ចំពោះបញ្ហានេះ ក៏ត្រូវបានបណ្តាប្រទេសក្នុងពិភពលោក ស្នើឱ្យភាគីមានជម្លោះ រកតុចរចា ដើម្បីរកសន្តិភាពឡើងវិញ ពីព្រោះកាលណាមានសង្គ្រាម គឺបង្កផលប៉ះពាល់ទាំងអស់គ្នា ។

លោក កែវ រតនៈ បានមានប្រសាសន៍ថា «ពេលដែលយើងកំពុងធ្វើកិច្ចការជជែកគ្នានេះ បងប្អូនប្រជាពលរដ្ឋដឹងហើយថា មានសង្រ្គាមនៅមជ្ឈិមបូព៌ា គឺរវាងអាមេរិក និងអ៊ីសា្រអែល ជាមួយអ៊ីរ៉ង់ និងបណ្ដាប្រទេសនៅមជ្ឈិមបូព៌ាទាំងអស់ ដែលត្រូវបានទាញចូលក្នុងជម្លោះនេះឯង ហើយវាមានការប៉ះពាល់ដល់ពិភពលោក ។ ដូច្នេះការប៉ះពាល់នេះ គឺសំដៅមុនដំបូងហ្នឹង គឺដល់ឧស្ម័ន ហើយនិងប្រេង ដែលប្រេង គឺនៅក្នុងការចរាចររាល់ថ្ងៃ គឺប្រមាណជាង ២០% ត្រូវបានឆ្លងកាត់តំបន់មជ្ឈិមបូព៌ានេះ គឺនៅក្នុងច្រកហ័រមូស ដែលឥឡូវនេះប្រទេសអ៊ីរ៉ង់ បានប្រកាសគំរាមកំហែងបាញ់កប៉ាល់ណាដែលឆ្លងកាត់តាមតំបន់នេះ ។ ដូច្នេះវានឹងផ្ដល់ការប៉ះពាល់ភ្លាមតែម្ដង ដល់ការផ្គត់ផ្គង់ទៅលើប្រេងអន្តរជាតិទាំងមូល មិនមែនតែកម្ពុជា ទេ អឺរ៉ុប ក៏ប៉ះពាល់ ចិន ក៏ប៉ះ ពាល់ ឥណ្ឌា ក៏ប៉ះពាល់ ។ អ៊ីចឹងស្អីដែលជាការព្រួយបារម្ភរបស់ពិភពលោក ក៏ដូចជាការព្រួយបារម្ភរបស់កម្ពុជា ដោយសារប្រទេសកម្ពុជា ដូចប្រទេសក្នុងតំបន់និងពិភពលោកដែរ គឺថាជាប្រទេសដែលនាំថាមពលចូល ហើយជាពិសេស ប្រេង និងឧស្ម័នតែម្ដង ។ ដូច្នេះថ្លៃប្រេង នឹងមានការហក់ឡើង ។ ឥឡូវនេះ ថ្លៃប្រេង បានឡើង៣០% រួចទៅហើយ ។ អ៊ីចឹងបើសិនយើងមើលប្រេងប្រូតអីហ្នឹង វាឡើង ៣០% រួចទៅហើយ ។ ប៉ុន្តែចំពោះកម្ពុជា នៅក្នុងពេលខាងមុខនេះ យើងមិនទាន់មានឃើញមានសញ្ញាណាមួយដែលថា កម្ពុជា យើងនឹងរងផលប៉ះពាល់បន្ទាន់ភ្លាម ចំពោះបញ្ហាផ្គត់ផ្គង់ទេ គឺមានន័យថា ក្រុមហ៊ុនដែលផ្គត់ផ្គង់ប្រេងឥន្ធនៈ ឱ្យកម្ពុជា ទាំងអស់ ហើយដែលភាគច្រើន ជាក្រុមហ៊ុនបរទេសធំៗ ដូចជាក្រុមហ៊ុនអាមេរិក Chevron ដែលគ្រប់គ្រងកាល់តិចកម្ពុជា នេះ ដែលជាអ្នកលក់ប្រេងរាល់ថ្ងៃនេះ, ក្រុមហ៊ុនតូតាល់ របស់បារាំង ក្រៅពីនោះ មានក្រុមហ៊ុនជាច្រើនទៀត ដែលកម្ពុជា ធ្វើជាដៃគូជាមួយ ។ អ៊ីចឹងការផ្គត់ផ្គង់ នៅតែមានបន្ត អត់មានការរអាក់រអួលទេ ។ អ្វីដែលនឹងកើតឡើង គឺថ្លៃវានឹងឡើង មានន័យថា ទំនិញថ្មី ចូលមកដល់ ទោះបីជាបញ្ហាផ្គត់ផ្គង់វាអាចមិនមាន ការអាក់ខាន ប៉ុន្តែយើងមានការបារម្ភចំពោះការហក់ឡើងនៃប្រេងឥន្ធនៈ ។ ចំពោះមុខនេះ អត់ទាន់មានបញ្ហាទេ ប៉ុន្តែអាចមានស្ថានភាពដោយថ្លៃប្រេងមានការឡើង ថ្លៃឧស្ម័ន មានការឡើង ហើយនេះជាកង្វល់រួមរបស់ពិភពលោក ។ អាហ្នឹងហើយបានជាពិភពលោក សុំឲ្យភាគីក្រុមជម្លោះហ្នឹង ឆាប់ងាកទៅរកតុចរចា ដើម្បីរកសន្តិភាពឡើងវិញ ពីព្រោះតែកាលណាមានសង្រ្គាមអ៊ីចឹង វាប៉ះពាល់ទាំងអស់គ្នា ។ ដូច្នេះនេះគឺជាកិច្ចការមួយ ប៉ុន្តែសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា មិនមានសញ្ញាណាមួយចំពោះមុខថា នឹងមានការខ្វះប្រេងឥន្ធនៈ មកកម្ពុជា ទេ ។ បញ្ហានេះ ដោយសារមិនទាន់ដល់ពេល ប៉ុន្តែក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងរ៉ែនិងថាម ពល ក៏បានធ្វើការរាយការណ៍ជូនសម្ដេចមហាបវរធិបតី រួចហើយ ហើយក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ កំពុងតែបន្តតាមដានលើការវិវត្តនេះ ។ ដូច្នេះប្រសិនបើពេលវេលាចាំបាច់មកដល់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការផ្ទាល់ ក៏ដូចជាក្រសួងពាណិជ្ជកម្ម នឹងធ្វើការពិភាក្សាគ្នាជាមួយ នឹងសម្ដេច ដើម្បីសុំឱវាទណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេច ។ អាហ្នឹងជាបញ្ហាដែលបងប្អូនអាចទុកចិត្តបាន…” ។
ក្រៅពីបញ្ជាក់ទាក់ទងនឹងតម្លៃប្រេងឥន្ធនៈនៅកម្ពុជា លោករដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក៏បានលើកឡើងអំពីអគ្គិសនីនៅកម្ពុជា ផងដែរ ដោយលោកបញ្ជាក់ថា ទោះបីសង្រ្គាមនៅមជ្ឈិមបូព៌ា ធ្វើឲ្យប្រេងឡើងថ្លៃ តែតម្លៃអគ្គិសនីនៅកម្ពុជា មិនឡើងថ្លៃទេ អ្នកប្រើប្រាស់រថយន្តអគ្គីសនី “សប្បាយចិត្ត អត់ខ្វល់” ដោយសារកម្ពុជា បានប្រើប្រាស់ថាមពលអគ្គិសនី ពីទំនប់វារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ ប្រភពអគ្គិសនីដើរដោយថាមពលឧស្ម័ន និងការតភ្ជាប់អគ្គិសនីពីប្រទេសឡាវ ជាដើម។ ដូច្នេះសម្រាប់បងប្អូនដែលប្រើប្រាស់រថយន្តអគ្គិសនី ទោះបីតម្លៃប្រេងឥន្ធនៈក្នុងពិភពលោក ឡើងថ្លៃ ក៏មិនបារម្ភ ព្រោះថ្លៃអគ្គិសនី មិនឡើងថ្លៃនោះទេ ហើយរដ្ឋ ក៏កំពុងជំរុញឱ្យមានស្ថានីយបញ្ចូលថាមពលល្បឿនលឿន ឱ្យបានពាសពេញផ្ទៃប្រទេសផងដែរ ។
លោក កែវ រតនៈ បានមានប្រសាសន៍បន្តថា “ប៉ុន្តែដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ពីអតីតកាល និងបន្តដោយសម្ដេចមហាបវរធិបតី បច្ចុប្បន្ននេះ ឥឡូវនេះសភាពការណ៍ប្រេង បច្ចុប្បន្ននេះ បងប្អូនអាចនៅផ្ទះ បងប្អូនអាចធ្វើរោងចក្រ ដោយជឿជាក់ថា ថ្លៃភ្លើងមិនឡើងទេ ។ ដោយសារអី? ដោយសារយើងមានវារីអគ្គិសនីយើងជាគោល ដោយសារយើងមានថាមពលអគ្គិសនីយើង ដើរដោយពន្លឺព្រះអាទិត្យ ជាគោល ដោយសារយើងមានទំនាក់ទំនង ភ្ជាប់ទំនាក់ទំនងអគ្គិសនី ជាមួយប្រទេសជិតខាង ជាពិសេសជាមួយប្រទេសឡាវ ឧទាហរណ៍អ៊ីចឹង ដែលធ្វើឲ្យថាមពលស្អាតយើង ក៏ជាចំណែកមួយបន្ថែមទៀត យកពីឡាវ មកបំពេញបន្ថែម មិនមែនជំនួសទេ បំពេញបន្ថែមបន្តិចទៀត ហើយយើងកំពុងតែអភិវឌ្ឍប្រភពផ្សេងៗទៀត ដូចជាប្រភពដើរដោយឧស្មន នៅកោះកុង ដែលអ្នកឧកញ៉ា គិត ម៉េង រ៉ូយ៉ាល់ គ្រុប កំពុងតែសាងសង់ ហើយនឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២៧ ។ ដូច្នេះបើនិយាយពីសន្តិសុខថាមពលជាតិ របស់កម្ពុជា ចេញពីទស្សនៈអគ្គិសនី គឺកុំបារម្ភ ថៃ្លមិនឡើង មិនខ្វះជូន ហើយនេះក៏ជាការបើកផ្លូវឲ្យបងប្អូនយើងគិតអំពីការប្រើ ប្រាស់រថយន្តបន្ត ។ ឥឡូវនេះ បើអ្នកណាប្រើប្រាស់រថយន្តដើរដោយអគ្គិសនី ដេកផ្ទះ សប្បាយចិត្ត អត់ខ្វល់ថ្លៃភ្លើង ។ ដោយសារអី? ដោយសារភ្លើង យើងអត់ឡើងថ្លៃ ដោយសារយើងអត់ជំពាក់ជាមួយនឹងប្រេង ដើម្បីមកបញ្ឆេះធ្វើអគ្គិសនីទេ ហើយអគ្គិសនីកម្ពុជា ខ្ញុំកំពុងតែរៀបផែនការដើម្បីជំរុញឪឲ្យមានការដាក់ពង្រាយស្ថានីយសាករថយន្តអគ្គិសនី ទូទាំងប្រទេស ថែមថវិកាជាង ១០លានទៀត ដើម្បីធ្វើម៉េច ឲ្យបងប្អូនយើងជិះឡាន ទូ ទាំងប្រទេស អត់ខ្វះកន្លែងសាករថយន្តថ្ងៃក្រោយ តាមផ្លូវជាតិធំៗ ។ ដូច្នេះសូមកុំឲ្យបារម្ភពីរឿងបញ្ហាថ្លៃភ្លើង អត់ឡើងទេ ដោយសារយើងមានភ្លើង ពីប្រភពស្អាតច្រើន ក្នុងស្រុកច្រើន ហើយក៏ដោយសារការអភិវឌ្ឍន៍ជាបន្ត ។ ដូច្នេះហើយ យកឱកាសនេះ សូមសំណូមពរឲ្យបងប្អូន បន្តគាំទ្រដល់ការអភិវឌ្ឍត្រឹមត្រូវរបស់យើង ដូចអ៊ីចឹង ប្រសិនបើយើងស្ដាប់ពួកប្រឆាំង កាលពី ២០ឆ្នាំំមុន យើងថ្ងៃហ្នឹង ងាប់! ប៉ុន្តែដោយសារបងប្អូនចេះតែគាំទ្រការអភិវឌ្ឍ ថ្ងៃនេះយើងឃើញភ្លើងយើងសម្បូរគ្រប់គ្រាន់ ហើយយើងនឹងមិនឲ្យបងប្អូនមានការឡើងថ្លៃភ្លើង និងខ្វះភ្លើង ពេលខាងមុខទេ“ ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងថាមពលអគ្គិសនី ក្រសួងរ៉ែនិងថាមពល កំពុងសម្រុកធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគបៃតងកំពូលមួយ នៅក្នុងតំបន់។ ផែនការយុទ្ធសាស្ត្ររយៈពេលវែងនេះ នឹងផ្តោតសំខាន់លើការប្តូរទៅប្រើថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងហ្វូស៊ីល, ការបង្កើតការងារ តាមរយៈការទាក់ទាញរោងចក្រដែលប្រើប្រាស់ថាមពលកកើតឡើងវិញ និងការរក្សានិរន្តរភាពសេដ្ឋកិច្ច ដោយធានាថា ការរីកចម្រើន មិនប៉ះពាល់ដល់បរិស្ថាន សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងទៅអនាគត។ សរុបមក ការរក្សាតម្លៃអគ្គិសនីឱ្យនៅថេរ មិនត្រឹមតែជាការសម្រាលបន្ទុកជីវភាពពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបោះជំហានយុទ្ធសាស្ត្រ ដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជាតំបន់សុវត្ថិភាពសេដ្ឋកិច្ច ក្នុងចំណោមពិភពលោក ដែលកំពុងមានភាពចលាចល ៕ កុលបុត្រ