ខេត្តបាត់ដំបង ៖ បុរស ២នាក់ ជាក្លើ បានអង្គុយផឹកស្រាជាមួយគ្នា រហូតដល់ស្រវឹងជោក ចាប់ផ្តើមកើតមានជំម្លោះពាក្យសម្តី ពីរឿងលើកអត់ដាច់ ធ្វើឱ្យភាគីម្ខាងផ្ទុះកំហឹង ស្ទុះទៅទាញដំបងឈើ មកវាយក្លើ ១ដំបង បណ្តាលឱ្យរងរបួសដៃ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះជនបង្កហេតុ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មី ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហឺយ ហឿត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះ ចន វឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង (រងរបួសដៃខាងស្តាំ ១ដំបង)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងធ្វើការបង្ក្រាបករណីហិង្សាដោយចេតនា បណ្តាលឱ្យរងរបួសជនរងគ្រោះ មួយករណី ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះហឺយ ហឿត ព្រមទាំងដកហូតបានវត្ថុតាង ដំបងឈើ ចំនួន១ដើម រួចក៏នាំខ្លួន ជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហឺយ ហឿត បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សា វាយទៅលើជនរងគ្រោះ ចំនួន១ដំបងមែន នៅក្នុងពេលផឹកស្រាជាមួយគ្នា ដោយមូលហេតុផ្តើមចេញពីជម្លោះពាក្យសម្តី រឿងលើកអត់ដាច់។
ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕