Monday, April 6, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួន១៤នាក់ ឆបោកតាមអនឡាញ

ឃាត់ខ្លួន១៤នាក់ ឆបោកតាមអនឡាញ

ភ្នំពេញៈ កម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ រួមជាមួយរដ្ឋបាលខណ្ឌកំបូល និងកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនបុរសដែលជាជនជាតិបរទេសបានជាង ១០នាក់ ដែលស្នាក់នៅខុសច្បាប់ និងសង្ស័យថាបានប្រព្រឹត្តបទល្មើសអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ព្រមទាំងដកហូតយកបានទូរស័ព្ទដៃ  និងកុំព្យូទ័រ ច្រើនគ្រឿងទៀតផង។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះលេខ 62C ផ្លូវលេខ០២ ក្នុងបុរីកំបូលស៊ី ធី  ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើ ធ្វើឡើងក្រោមការបញ្ជាលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេ នីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកសូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ជនបរទេសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន សរុបចំនួន១៤នាក់ ក្នុងនោះរួមមាន ជនជាតិប៉ាគីស្ថាន ចំនួន៩នាក់ និងជនជាតិបង់ក្លាដែស ចំនួន៥នាក់។ ជាមួយនោះ កម្លាំងសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃ ចំនួន៥៧គ្រឿង កុំព្យូទ័រ All-in-one ចំនួន៥គ្រឿង ព្រមទាំងស៊ីមកាតទូរស័ព្ទដែលជាប្រភេទស៊ីមបរទេស ជាច្រើនទៀត។បន្ទាប់មក ជនបរទេសទាំង១៤នាក់នោះ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់៕

RELATED ARTICLES