Thursday, April 9, 2026
Homeព័ត៌មានជាតិរដ្ឋមន្ត្រីការពារជាតិកម្ពុជា ទស្សនកិច្ចនាវាចម្បាំងរុស្ស៊ី

រដ្ឋមន្ត្រីការពារជាតិកម្ពុជា ទស្សនកិច្ចនាវាចម្បាំងរុស្ស៊ី

ខេត្តព្រះសីហនុ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញទស្សនកិច្ច និងទទួលសូមស្វាគមន៍នាវាចម្បាំងរបស់រុស្ស៊ី ចំនួន២គ្រឿង (នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣) មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅកម្ពុជា ជាមួយនាវិកសរុបប្រមាណ ២៦២នាក់។

ប្រមុខការពារជាតិកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំង នាពេលនេះ នឹងលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំង ពីរ តែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ី នឹងនៅតែបន្តគាំទ្រនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត ជាពិសេសការបណ្តុះបណ្តានធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នា នាពេលអនា គត ។

 លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា បញ្ជាក់ថា “សូមស្វាគមន៍នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង (នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣) មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក នៃកងទ័ពជើង ទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច រយៈពេល ៣ថ្ងៃ នៅកម្ពុជា ជាមួយនាវិកសរុបប្រមាណ ២៦២នាក់។ ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំង នាពេលនេះ នឹងលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។ ខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត ជាពិសេស ការបណ្តុះបណ្តានធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នា នាពេលអនាគត ។

គួរបញ្ជាក់ថា នាវាចម្បាំងរុស្ស៊ី ចំនួន២គ្រឿង ឈ្មោះ Sovershenny លេខ៣៣៣ និងឈ្មោះ Rezky លេខ៣៤៣ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ។

នាវាចម្បាំងទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាននាវិកសរុបប្រមាណ ២៦២នាក់ ដែលនឹងសំចតនៅកម្ពុជា រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។

ការមកដល់របស់នាវាចម្បាំងរុស្ស៊ី ទាំងពីរគ្រឿងនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ជាមួយកងទ័ពជើងទឹករបស់កម្ពុជា ចំនួន៦០នាក់ ដោយមានការចូលរួមពីឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកម្ពុជា ផងដែរ ។

ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំងពីរគ្រឿងនេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរ តែងតែប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនងរបស់ខ្លួន ។

តាមការគ្រោងទុក ក្នុងឱកាសនៃការចតនាវានេះ កងទ័ពជើងទឹកកម្ពុជា និងរុស្ស៊ី ក៏នឹងមានការប្រកួតបាល់ ទាត់មិត្តភាពផងដែរ  ។

សូមជម្រាបថា នាវាចម្បាំង Sovershennyy ដាក់ដំណើរការកាលពីឆ្នាំ២០១៧។ វាជានាវាចម្បាំងប្រភេទ corvette ថ្នាក់ Steregushchy-class ទម្ងន់២២០០តោន ប្រវែង១០៤ម៉ែត្រ ដើរដោយម៉ាស៊ីនម៉ាស៊ូត និងល្បឿន៤៨គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នាវាចម្បាំងនេះ មានបំពាក់ប្រព័ន្ធរ៉ាដា និងមីសស៊ីលចម្រុះ ហើយមានកន្លែងសម្រាប់ឱ្យឧទ្ធម្ភាគចក្រ អាចចុះចតបាន ។

ចំណែកនាវាចម្បាំង Rezky គឺជាប្រភេទនាវាការពារមាត់ច្រាំង (Corvette) ដែលទើបដាក់ឱ្យចូលបម្រើការក្នុងកងទ័ពជើងទឹករុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣ (ដាក់ដំណើរការកាលពីឆ្នាំ២០២៣) ។ វាមានលក្ខណៈបច្ចេកទេសស្រដៀងគ្នាទៅនឹងនាវាចម្បាំង Sovershennyy ដែរ ដោយសារជានាវាប្រភេទ corvette ស្ថិតក្នុងថ្នាក់ Steregushchy-class ដូចគ្នា។ នាវានេះមានសមត្ថភាពបំបាំងកាយពីរ៉ាដា អាចការពារខ្លួនពីការវាយប្រហារបានយ៉ាងរហ័ស និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការវិភាគ និងបញ្ជាទៅកាន់ប្រព័ន្ធអាវុធដោយស្វ័យប្រវត្តិ ដើម្បីកម្ទេចគោលដៅទាំងលើអាកាស ផ្ទៃទឹក និងក្រោមទឹក ។

 នាវាចម្បាំងទាំងពីរ មានតម្លៃខ្ទង់ ១២០-១៥០លានដុល្លារ ក្នុងមួយគ្រឿង។ 

ចាប់តាំងពីនាវាទាំងពីរនេះ បានចាកចេញពីច្រាំងសមុទ្ររុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ វាក៏ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់វិទ្យាស្ថានកងទ័ពជើងទឹកសហរដ្ឋអាមេរិក (U.S. Naval Institute) ផងដែរ។

យោងតាមការចុះផ្សាយរបស់ USNI News កាលពីខែកុម្ភៈ បានឱ្យដឹងថា ការដាក់ពង្រាយកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី ក្នុងឆ្នាំនេះ អាចនឹងលាតសន្ធឹងដល់តំបន់មជ្ឈិមបូព៌ា ដើម្បីចូលរួមក្នុងសមយុទ្ធ “ខ្សែក្រវាត់ សន្តិសុខសមុទ្រ” រួមជាមួយអ៊ីរ៉ង់ និងចិន។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថា តើនាវាទាំងនេះ នឹងបន្តទៅចូលរួមក្នុងសមយុទ្ធនោះដែរឬទេ? ស្របពេលដែលមានភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងកើតឡើង។

 កាលពីខែកុម្ភៈ កងទ័ពជើងទឹករុស្ស៊ី ប្រចាំតំបន់ប៉ាស៊ីហ្វិក បានប្រកាសថា នាវាចម្បាំង SOVERSHENNYY (៣៣៣), REZKIY (៣៤៣) និងនាវាដឹកប្រេង Pechenga នឹងធ្វើសមយុទ្ធជាបន្តបន្ទាប់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងចូលចតនៅកំពង់ផែនៃបណ្តាប្រទេសជាមិត្តក្នុងតំបន់។ មុនពេលមកដល់កម្ពុជា នាវា REZKIY (៣៤៣) បានចូលចតនៅប្រទេសម៉ាឡេស៊ី ឥណ្ឌា បង់ក្លាដែស និងមីយ៉ាន់ម៉ា ខណៈដែលកម្ពុជា អាចជាប្រទេសចុងក្រោយក្នុងបេសកកម្មចេញឆ្ងាយពីផ្ទះ ជាលើកដំបូងរបស់នាវានេះ។

របាយការណ៍បានបង្ហាញថា គិតចាប់ពីឆ្នាំ២០១១មក នាវាចម្បាំងរុស្ស៊ី បានចូលចតនៅកម្ពុជា ចំនួន៨លើក ស្មើនឹង១៨គ្រឿង ៕

RELATED ARTICLES