Saturday, June 6, 2026
Homeសន្ដិសុខសង្គមបង្ក្រាបបទល្មើសធនធានធម្មជាតិ ៥ខែ ជិត៩០០ករណី វ៉ៃខ្នោះ៤៣នាក់

បង្ក្រាបបទល្មើសធនធានធម្មជាតិ ៥ខែ ជិត៩០០ករណី វ៉ៃខ្នោះ៤៣នាក់

ភ្នំពេញ ៖ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានចុះល្បាតនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៨៩៦ករណី និងបានឃាត់ខ្លួនជនល្មើស បញ្ជូនទៅតុលាការ ចំនួន៤៣នាក់។

ក្រសួងបរិស្ថាន បានចុះអនុវត្តច្បាប់ ពង្រឹងប្រព័ន្ធការពារធនធានធម្មជាតិ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងរយៈ ពេល ៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារបានធ្វើសកម្មភាពល្បាត ចំនួន៥៣៣៨លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៨៩៦ករណី មានជាអាទិ៍ បទល្មើសព្រៃឈើ ចំនួន២៩៣ករណី បទល្មើសសត្វព្រៃ ចំនួន២២៦ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋ ចំនួន២៤២ករណី បទល្មើសនេសាទ ចំ នួន១២៦ករណី និងបទល្មើសធនធានរ៉ែ ៩ករណី។

កុងរយៈពេលដូចគ្នា ក្រុមការងារបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ​ ចំនួន៦៨សំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅតុលាការ ចំនួន ៤៣នាក់។ ជាមួយគ្នានេះ ក្រុមការងារបានដកហូតមធ្យោបាយប្រព្រឹត្តបទ ល្មើស រួមមាន រណារយន្ត ចំនួន២២៨គ្រឿង គោយន្ត ចំនួន១៨គ្រឿង ម៉ូតូ ចំនួន៣៣គ្រឿង និងគ្រឿងយន្ត មួយចំនួន ។ លើសពីនេះ ក្រុមការងារបានចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស រួមមាន កាំភ្លើងកែច្នៃ ចំនួន ៨៦ ដើម មានគ្រាប់ ១៥គ្រាប់ អាវុធ ៤ដើម គ្រាប់ ៥១គ្រប់ អន្ទាក់ឆក់ ចំនួន១២២៥ម៉ែត្រ និងអន្ទាក់ខ្សែ មានចំនួន ១១ ២២០ខ្សែ។

សូមបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស បានចុះល្បាតជាប្រចាំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ១២៩០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ១៧៨ករណី មានជាអាទិ៍ បទល្មើសព្រៃឈើ ចំនួន៦៥ករណី បទល្មើសសត្វព្រៃ ចំនួន៤៤ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋ ចំនួន៤៤ករណី បទល្មើសនេ សាទ ចំនួន២៤ករណី និងបទល្មើសធនធានរ៉ែ ១ករណី។

ក្រសួងបរិស្ថាន បានបន្តពង្រឹងការល្បាតការពារព្រៃឈើនិងសត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិ ទាំង៧៣ កន្លែង។ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ត្រូវបានដាក់ចេញនូវការគ្រប់គ្រង អភិរក្សនិងការពារធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស បន្តពង្រឹងកិច្ចសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ និងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីធានាការការពារនិងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព៕

RELATED ARTICLES