
ខេត្តកំពង់ឆ្នាំង ៖ ស្នងការដា្ឋននគរបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីបំភ្លឺព័ត៌មាន ទាក់ទងនឹងមន្រ្តីប៉ុស្តិ៍រដ្ឋបាលពង្រ ចុះទៅថតសកម្មភាពប្រជុំផ្ទៃក្នុង របស់គណបក្សជំនាន់ថ្មី នៅឃុំពង្រ ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា គោលបំណងនៃការចុះទៅនេះ គឺដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយ ទាំងអស់ ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើរបាយការណ៍ជូនថ្នាក់លើ ពុំមានចេតនាបំភិតបំភ័យ គំរាមកំហែង ឬជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយនោះទេ ក៏ប៉ុន្តការអនុវត្តជាក់ស្ដែង នាំឲ្យប៉ះពាល់ដល់ការអនុវត្តតួនាទី ភារកិច្ច របស់កងកម្លាំងនគរបាលជាតិ ហើយមន្ត្រីទាំងពីរនាក់នោះ ត្រូវបានហៅមកធ្វើការអប់រំណែនាំរួចហើយ។
ការបំភ្លឺនេះ ជាការឆ្លើយតបទៅនឹងប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ជំរុញទៅកាន់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពិនិត្យនិងណែនាំបន្ថែមដល់សមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យយល់ដឹងច្បាស់អំពីតួនាទី ភារកិច្ច និងព្រំដែនច្បាប់ ក្នុងការអនុវត្តការងារពាក់ព័ន្ធនឹងសកម្មភាពរបស់គណបក្សនយោបាយ ចៀសវាងការរំលោភលើដែនសមត្ថកិច្ច និងសិទ្ធិសេរីភាពផ្ទៃក្នុងរបស់គណបក្ស។
សេចក្ដីបំភ្លឺព័ត៌មានរបស់ស្នងការដា្ឋននគរបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានកិត្តិយស សូមគោរពជម្រាបជូនដល់សាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មានជាតិ បានជ្រាបថា ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ មានគេហទំព័រហ្វេសប៊ុក ឈ្មោះ មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបង្ហោះសាររបស់លោកថា ៖ សូមផ្តាំផ្ញើទៅក្រសួងមហាផ្ទៃ ឬអគ្គស្នងការនគរបាលជាតិ សូមឱ្យពិនិត្យមើលកូនចៅនៅថ្នាក់មូលដ្ឋានផង កុំឱ្យចេះតែទទឹងទិស ខុសច្បាប់អ៊ីចឹង។
ក្រោយពីទទួលបានព័ត៌មាន លោកស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញអញ្ជើញលោកអនុសេនីយ៍ឯក កែ ច័ន្ទមករា ឋានៈនាយប៉ុស្តិ៍រដ្ឋបាលពង្រ និងលោកស្រីព្រឹន្ទបាលឯក ជូ ស៊ិនណារី ឋានៈមន្ត្រី មកសាកសួរ។
តាមការបំភ្លឺរបស់លោកនាយប៉ុស្តិ៍ពង្រ បានទទួលស្គាល់ថា ខ្លួនពិតជាបានបញ្ជាលោកស្រីព្រឹន្ទបាលឯក ជូ ស៊ិនណារី ឲ្យទៅទីស្នាក់ការគណបក្សជំនាន់ថ្មី ស្ថិតក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ប្រាកដមែន។
គោលបំណងរបស់លោកនាយប៉ុស្តិ៍រដ្ឋបាលពង្រ គឺដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយទាំងអស់ ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើរបាយការណ៍ជូនថ្នាក់លើ ពុំមានចេតនាបំភិតបំភ័យ គំរាមកំហែង ឬជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយនោះទេ ក៏ប៉ុន្តការអនុវត្តជាក់ស្ដែង នាំឲ្យប៉ះពាល់ដល់ការអនុវត្តតួនាទី ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ហើយមន្ត្រីទាំងពីរនាក់ខាងលើ ត្រូវបានលោកស្នងការនគរបាលខេត្ត ហៅមកធ្វើការអប់រំណែនាំរួចហើយ។
អាស្រ័យដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបជាព័ត៌មាន“ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សជំនាន់ថ្មីខេត្តកំពង់ឆ្នាំង មានការប្រជុំផ្ទៃក្នុងបក្ស ក្រោមអធិបតីភាពលោកមាជ សុវណ្ណារ៉ា ប្រធានគណបក្ស និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។ នៅពេលនោះ ស្រាប់តែមានសមត្ថកិច្ចនគរបាលឃុំ បានចុះមកថតរូប និងអង្គុយស្ដាប់ តាមដានសកម្មភាពនៃការប្រជុំនេះ ដែលធ្វើឲ្យគណបក្សជំនាន់ថ្មី ចាត់ទុកជាការរំខាន រឹតត្បិតសេរីភាពនៃការជួបជុំផ្ទៃក្នុងរបស់គណបក្សខ្លួន ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ។ រហូតការចុះថតសកម្មភាពបក្សជំនាន់ថ្មី ប្រជុំនេះ បានផ្ទុះការភ្ញាក់ផ្អើល និងវែកញែកពេញបណ្ដាញសង្គម ដោយក្នុងនោះមតិភាគច្រើន យល់ថា ជាការដាក់សម្ពាធគណបក្សនយោបាយ មិនឲ្យប្រជុំផ្ទៃក្នុង និងការជួបជុំសកម្មជន ប្រព្រឹត្តទៅដោយរលូន ដែលសកម្មភាពបែបនេះ ធ្លាប់បានសង្កេតឃើញ នាពេលកន្លងមក មុនការបោះឆ្នោត ។
ក្នុងនាមប្រធានគណបក្សជំនាន់ថ្មី ក្រៅពីបាននិយាយជាមួយមន្រ្តីប៉ុស្តិ៍នោះ លោក មាជ សុវណ្ណារ៉ា ក៏បានជំរុញក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យនិងណែនាំបន្ថែមដល់សមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យយល់ដឹងច្បាស់អំពីតួនាទី ភារកិច្ច និងព្រំដែនច្បាប់ ក្នុងការអនុវត្តការងារ ពាក់ព័ន្ធនឹងសកម្មភាពរបស់គណបក្សនយោបាយ ចៀសវាងការរំលោភលើដែនសមត្ថកិច្ច និងសិទ្ធិសេរីភាពផ្ទៃក្នុងរបស់គណបក្ស ព្រោះយោងតាមច្បាប់ មន្ត្រីនគរបាលមូលដ្ឋាន មិនមានសិទ្ធិចុះទៅថតរូបសកម្មភាពប្រជុំផ្ទៃក្នុងរបស់គណបក្សនយោបាយស្របច្បាប់ ណាមួយឡើយ ប្រសិនបើគ្មានការស្នើសុំកិច្ចអន្តរាគមន៍ ឬការជូនដំណឹងជាមុន។

លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់តាមគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ក្រសួងមហាផ្ទៃ ឬអគ្គស្នងការនគរបាលជាតិ គួរតែរំឭកឬណែនាំសារាចរស្តីពីច្បាប់គណបក្សនយោបាយ ឱ្យប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ ទូទាំងប្រទេស ដឹងផង នូវតួនាទីនិងកាតព្វកិច្ចរបស់ខ្លួន នៃបែបបទរដ្ឋបាលការងារ ត្រង់ចំណុចណាដែលត្រូវសហការ ក្នុងការការពារសន្តិសុខ ឬសុំរបាយការណ៍ក្នុងសកម្មភាពបក្ស ជាសាធារណៈ ឬក្នុងទីស្នាក់ការបក្ស ដែលខ្លួនត្រូវបំពេញតួនាទី ។ ដូចជាព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សជំនាន់ថ្មី ខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំគណបក្ស បានរៀបចំប្រជុំការងារ ក្នុងរង្វង់ទីស្នាក់ការរបស់គេ (សកម្មភាពផ្ទៃក្នុងបក្ស) ពោលគឺក្នុងផ្ទះយើងផ្ទាល់ ដោយស្របច្បាប់ ពីក្រសួងមហាផ្ទៃ ឬអាជ្ញាធរខេត្តកំពង់ឆ្នាំង បែរជាមានសមត្ថកិច្ចនគរបាលឃុំ មកថត មកអង្គុយស្តាប់ ។ ខ្ញុំ មាជ សុវណ្ណារ៉ា បានហៅស្រ្តីនគរបាលម្នាក់នេះ មកប្រាប់រឿងផ្លូវច្បាប់រដ្ឋបាល ក្នុងតួនាទីរបស់ខ្លួន ទៅនឹងច្បាប់គណបក្សនយោបាយ ដោយមិនស្តីបន្ទោសដល់គាត់ទេ តែសូមផ្តាំទៅមេប៉ុស្តិ៍របស់គាត់ កុំឱ្យមានកំហុសបែបនេះទៀត ពីព្រោះការធ្វើទង្វើបែបនេះ គឺរំលោភច្បាប់ហើយក្នុងនាមជាសមត្ថកិច្ចរបស់រដ្ឋ អាចថាជាការគំរាមកំហែង ឬបំភិតបំភ័យ ។ ប៉ុន្តែក៏មិនខុសអ្វីដែរ បើមកសហការក្នុងបំណងការពារសុវត្ថិភាព គឺនៅក្រៅរបងទីស្នាក់ការ ព្រោះការជួបប្រជុំនេះ មិនមែនជាវេទិកាសាធារណៈទេ គឺជាការប្រជុំការងារផ្ទៃក្នុង នៃថ្នាក់ដឹកនាំបក្ស ដូច្នេះសូមកុំហួសហេតុពេក“ ។
ទោះបីយ៉ាងណា លោក មាជ សុវណ្ណារ៉ា បានអរគុណដល់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលបានណែនាំពីកំហុសខុសឆ្គងទៅនឹងការងាររដ្ឋបាលរបស់សមត្ថកិច្ចនគរបាលនៅមូលដ្ឋាន ដែលលោកចាត់ទុកថា នេះជាគំរូសម្រាប់បណ្តាខេត្តផ្សេងៗ មិនឱ្យរំលោភដែនសមត្ថកិច្ចរបស់ខ្លួន ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ថា “នេះគឺជាការចាប់ផ្តើមនៃគំរូ នៃការចេះហ៊ានទទួលខុសត្រូវរបស់ដែនសមត្ថកិច្ច ដែលមិនរំលោភរំលោភនូវតួនាទី រំលោភនូវច្បាប់ទម្លាប់ដែលបានចែង មិនថាច្បាប់របស់កងនគរបាលជាតិ ឬក៏ច្បាប់ការបង្កើតគណបក្សនយោបាយ និងច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ អ៊ីចឹងហើយ ខ្ញុំឃើញថា នេះជាគំរូនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ដែលលោកស្នងការហ្នឹង លោកបានហៅមេប៉ុស្តិ៍និងមន្ត្រីនគរបាល ដែលគាត់កន្លងមកហ្នឹង បានទៅចូលក្នុងទីស្នាក់ការគណបក្ស ។ វាមិនមែនជាការខុសឆ្គង ជួនកាលគាត់មិនយល់ថា តើអ្វីទៅជាការប្រជុំផ្ទៃក្នុងគណបក្ស នៅក្នុងការស្របច្បាប់របស់គេ? ហើយអ្វីទៅជាវេទិកាសាធារណៈ នៅក្រៅទីស្នាក់ការ ធ្វើនៅកន្លែងសាធារណៈណាដែលត្រូវទៅសហការក្នុងការការពារសន្តិសុខ សុវត្ថិភាព និងស្ថិរភាព កុំឲ្យមានបាតុភាពអីកើតឡើង? ហ្នឹងវាជាករណីដែលត្រូវចែកដាច់ពីគ្នា រវាងផ្ទៃក្នុងគណបក្ស ដែលគេប្រជុំផ្ទៃក្នុងបក្ស ទៅនឹងកិច្ចការប្រជុំជាប្រចាំថ្ងៃ ជាការប្រជុំលក្ខណៈពិសេសបែបណាៗ គឺយើងមក ត្រូវសួរ ត្រូវនាំថា ការប្រជុំបែបនេះ វាជាការប្រជុំបែបផ្ទៃក្នុងបក្ស ឬក៏ជាការប្រជុំបែបសាធារណៈ? អាហ្នឹងបានគាត់មានសិទ្ធិទៅថត ទៅអី សួរនាំអី ស្ដាប់អីបាន ព្រោះវាជាការធ្វើវេទិកាសាធារណៈ ប្រជុំមានមហាជន មានប្រជាពលរដ្ឋចូលរួម តែការប្រជុំផ្ទៃក្នុងបក្ស ក្នុងកិច្ចការផ្ទៃក្នុងបក្ស គឺថាយើងមិនអាចទៅថត ទៅស្ដាប់អីទេ ព្រោះក្នុងផ្ទះគេ ក្នុងទីស្នាក់ការរបស់គេ វាជាដែនយុត្តាធិការ វាជាដែនដីនៃគណបក្សរបស់គេ ក៏ដូចជាមិនខុសពីស្ថានទូត គឺទឹកដីរបស់ប្រទេសដែលគេដាក់ទូត គេស្របច្បាប់ជាមួយនឹងរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អីជាដើម ។ អ៊ីចឹងវាមិនខុសគ្នាពីគណបក្សនយោបាយ អ៊ីចឹងយើងឃើញថា នេះជាគំរូល្អ ដើម្បីឲ្យមន្ត្រីថ្នាក់ក្រោមជាតិ នៅតាមមូលដ្ឋានហ្នឹង ឲ្យគាត់ធ្វើកិច្ចការ របៀបជាកិច្ចសហការ របៀបជាការទៅដោយមិនជាការគំរាមកំហែង បំភិតបំភ័យ ទៅជាការសហការការពារនូវសន្តិសុខ សុវត្ថិភាព ជាជាងការភ័យខ្លាច ការមើលឃើញគ្នាខុស បាត់នូវកិច្ចសហការ ។ អ៊ីចឹងហើយ ចែកគ្នាឲ្យដាច់ គឺវាជាគំរូល្អរបស់មន្ត្រីមូលដ្ឋាន ជាសមត្ថកិច្ចហ្នឹង គឺថាយើងត្រូវតែមានកិច្ចសហការ ព្រោះប្រទេសក្នុងប្រទេស គ្មានរដ្ឋក្នុងរដ្ឋទេ មានន័យថា យើងធ្វើក្នុងនាមជាប្រទេសសេរីពហុបក្សមួយ ដែលមិនអាចអ្នកណាធ្វើអីប្រាសចាក ផ្ទុយពីច្បាប់ របស់ប្រទេស។ អ៊ីចឹងហើយ ចង់ឱ្យសមត្ថកិច្ចហ្នឹង បំពេញតួនាទី កុំរំលោភដែនសមត្ថកិច្ចរបស់ខ្លួន ទៅនឹងច្បាប់ទម្លាប់ ។ អ៊ីចឹងការហៅមន្ត្រីនគរបាលថ្នាក់ក្រោមជាតិ នៅឯមូលដ្ឋាន មកអប់រំណែនាំហ្នឹង ឲ្យគាត់យល់ពីតួនាទី កាតព្វកិច្ចក្នុងការការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជាជាងទៅបំភិតបំភ័យ ប្រើសម្តីបែបណាដែលជាការគំរាមកំហែងប្រយោល ការគាបសង្កត់ផ្នែកនយោបាយណា ។ អាហ្នឹងវាជារឿងល្អ ដែលជាគំរូ ហើយយើងសង្ឃឹមថា បណ្ដាខេត្ត រាជធានីផ្សេងៗ នឹងអនុវត្តដូចអ្វីដែលលោកស្នងការខេត្តកំពង់ឆ្នាំង ហើយខ្ញុំសូមកោតសរសើរនូវរបៀបការងារធ្វើជានីតិរដ្ឋបាលរបស់លោក គឺត្រឹមត្រូវ បានចែកគ្នាដាច់រវាងនិន្នាការបក្ស ទៅនឹងនិន្នាការនៃសមត្ថកិច្ច ព្រោះសមត្ថកិច្ច ជាសមត្ថកិច្ចរបស់ប្រទេសជាតិ សមត្ថកិច្ចរបស់ប្រជាពលរដ្ឋ មិនមែនជាសមត្ថកិច្ចមាននិន្នាការទៅរកគណបក្សនយោបាយណាមួយ ក្រៅពីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពឲ្យប្រជាពលរដ្ឋ ឲ្យគណបក្សនយោបាយគ្រប់ស្រទាប់ ក៏ដូចជាមហាជនណាដែលមិនចង់ឃើញអសន្តិសុខ ឃើញបាតុភាពមិនប្រក្រតីកើតឡើង“ ៕ កុលបុត្រ