ភ្នំពេញ ៖ សុខ ពិសី បានលេង ១ក្បាច់ ដាច់ផ្ងារអស់ប្រុសៗដែលធ្លាប់តែសុំស្នេហ៍នាងទាំងបើកចំហ និង Private ព្រោះតែកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នាងបញ្ចេញរូបប្រុសសង្ហាម្នាក់ ទំនងជាជនជាតិកូរ៉េ កៀកកើយជាមួយនាង នៅមាត់សមុទ្រ យ៉ាងរ៉ូមែនទិក ដែលមើលទៅឱបរឹតគ្នាដូចប្ដីប្រពន្ធទើបរៀបការថ្មោងថ្មី ដឹកដៃគ្នាទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon)។ ប្រុសមិនតិចនាក់ទេ ដែលចុច Unfollow, Blocked និង Unfriend សុខ ពិសី ព្រោះតែពួកគេមិនសប្បាយចិត្ត ខំតស៊ូលួចស្រលាញ់ និងសារភាពស្នេហ៍នាង ជាយូមកហើយ តែទីបំផុត នាងបែជាជ្រើសរើសប្រុសបរទេស ជាសង្សារ មើលរំលងប្រុសខ្មែរ ទៅវិញ ។ ប្រុសខ្លះ ថែមទាំងព្រមានពិសី ថា ស្នេហ៍ប្រុសចិន ឬកូរ៉េ ប្រយ័ត្នញាត់វ៉ាលិស ឬចាក់បេតុង ។

ភ្លាមៗនោះដែរ គេឃើញសុខ ពិសី ប្រញាប់ចេញមកទប់ស្កាត់ការយល់ច្រឡំ ដោយនាងបានសារភាពថា ការពិតបុរសដែលនាងបណ្ដើរនោះ ជាប្រុស AI ហើយនាងប្រកាសនៅពេលនេះថា «សុខ ពិសី អត់សង្សារទេ»។ ពិសី បានចេញវីដេអូ និងសារ ដើម្បីទប់ស្កាត់ប្រុសៗ កុំឲ្យមានការអាក់អន់ចិត្តនឹងនាង ប៉ុន្ដែក្នុងនោះ គេឃើញមានអ្នកជឿនិងមិនជឿការអះអាងរបស់នាងថា ប្រុសនោះជា AI ហាក់មានចំនួនប្រហាក់ប្រហែលគ្នា ពោលគឺអ្នកខ្លះជឿ ខ្លះអត់ជឿរឡើយ បើទោះជាពិសី និយាយដដែលថា បុរសនោះ ជា AI ហើយនាងទើបតែព្យាយាមរៀនកម្មវិធីនេះ និងចាប់ផ្ដើមអនុវត្តលើកដំបូងក្ដី ។

គួរបញ្ជាក់ថា សុខ ពិសី បានក្លាយជាប្រធានបទមានការវែកញែកច្រើនជាងគេ ដែលប្រុសៗ ច្រើនតែប្រាថ្នានាងធ្វើជាសង្សារ តាមរយៈការកាត់តរូបភាពភ្ជាប់ជាមួយនាង ប្រៀបបានជាប្រពន្ធ ឬគូសង្សារ ជាដើម ក្នុងនោះ មានដូចជា ជិះម៉ូតូឱបគ្នា បណ្ដើរគ្នាទៅញ៉ាំការ ឬរូបថតសែនចងដៃជាមួយនាង នៅថ្ងៃរៀបការ ជាដើម ។ ប៉ុន្ដែពិសី មិនដែលប្រតិកម្មខឹងសកម្ម ភាពទាំងនោះទេ ដោយនាងយល់ថា សុទ្ធតែជាអ្នកស្រលាញ់នាង ឬ Fan របស់ខ្លួន តែនៅពេលដែលពិសី តេស្ដទៅលើបុរសៗទាំងនោះថា មានប្រតិកម្មយ៉ាងណា នៅពេលដែលនាងបញ្ចេញរូបជាមួយសង្សារ ជាសាធារណៈនោះ ស្រាប់តែមានប្រុសៗតវ៉ាដូចទឹកបាក់ទំនប់ ក្នុងនោះ សំណួរដែលសួរទៅពិសី ច្រើនជាងគេថា «ហេតុអ្វីបានជានាងជ្រើសស្នេហ៍ ជួញឆ្ងាយ ប្រសើរជាងជួញជិត?» ។

ជុំវិញសុខ ពិសី ស្ងាត់ៗ ស្រាប់តែហ៊ានបង្ហាញមុខប្រុសស្នេហ៍ ដោយបើកចំហ ហើយចុងក្រោយ បែរជាថា ប្រុស AI នេះ មានការលើកឡើងថា បើពិសី ហ៊ានលេងបិទពួនបែបនេះមែន តើនាងមិនខ្លាចសង្សារពិត មិន មែនជា AI ប្រតិកម្មទេឬ? ការលើកឡើងបែបនេះ ព្រោះតែគេគិតថា ពិសី មានម្ចាស់ចិត្តហើយ នោះគឺថៅកែ សាន់ដេ វ័យក្មេង លោកឡាយ សុខចំរើន បើទោះជាអ្នកទាំងពីរ មិនដែលហ៊ានសារភាពស្នេហ៍ម្ដងណាក្ដី ។ ប៉ុន្ដែគេចាំបានថា មុនពិសី បញ្ចេញមុខសង្សារ AI នេះ នាងបាត់មុខពីឆាកតន្រ្ដី រយៈពេលដល់ទៅ ១ខែ ទៅដើរលេងនៅប្រទេសកូរ៉េ និងប្រទេសមួយចំនួនទៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ហើយចុងខែមេសា ទើបនាងវិលមករកឆាកតន្រ្ដីវិញ ។ អ្វីដែលគួរឲ្យចម្លែក ពិសី បន្ទាប់ពីមកពីកូរ៉េ ស្រាប់តែខ្ទង់ច្រមុះនាងស្រួចជាងមុន ហើយពេលខ្លះ ពិសី ជិះរថយន្ដម៉ាក Bentley ឆ្លាស់គ្នាជាមួយឡានLand Cruiser យ៉ាងកាលីពទៀតផង។

ជុំវិញសុខ ពិសី បង្អួតសង្សារដែលនាងថាជាប្រុស AI នេះ តារាវ័យ ៣៦ឆ្នាំ ដូចនាងដែរគឺស្រីស្រស់ មាន សូនីតា ក៏ហ៊ានបង្ហាញមុខប្រុសស្នេហ៍ដែរ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយកៀកកើយគ្នាស្អិតដូចស្ករតាំងម៉ែ ។ ប៉ុន្ដែពិសី ខុសពីសូនីតា ព្រោះនាងថាសង្សារនាងជា AI ចំណែកសូនីតា ហ៊ានបង្ហាញសង្សារពិត ។

ប្រុសមិនតិចនាក់ទេ បានដាក់សំណើទៅសុខ ពិសី ថាកុំលេងម៉ាកៗនេះទៀត ព្រោះបុរសដែលនាងថា AI នោះ ដូចជាប្ដីនាងពិតៗ ហេតុនេះលើកក្រោយ បើពិសី ចង់បញ្ជាក់ថាខ្លួនមានគូស្នេហ៍ហើយ គួរតែមានភាពក្លាហានធ្វើដូច មាន សូនីតា នោះប្រុសៗដែលខកស្នេហ៍នាង ប្រែទៅជាជូនពរពិសី ឲ្យឆាប់រៀបការប្ដី បានកូនបន្ដពូជវិញជាមិនខាន ដែលរូបភាពនោះ ប្រាកដជាធ្វើឲ្យឪពុកនាង លោកសុខ ហេង ជាមន្រ្ដីយោធា ពេញចិត្ដស្ដូកជាមិនខាន ព្រោះលោកចង់ឲ្យពិសី រៀបការប្ដី តាមប្រពៃណីខ្មែរ ជាច្រើនឆ្នាំមកហើយ ៕