ខេត្តស្វាយរៀង ៖ សមត្ថកិច្ចក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ ចំនួន៥នាក់ យកមកធ្វើការអប់រំ។
តាមប្រភពសមត្ថកិច្ចនគរបាលក្រុងបាវិត បានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ថា ក្មេងទំនើងទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះធឿន ចំរើន អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី២-ឈ្មោះណេង ផាន់ណា អាយុ១៥ឆ្នាំ ស្រុកកំណើតភូមិក្បាលជ័រ ឃុំសម្បុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ទី៣-ឈ្មោះម៉ុង ដែន អាយុ២៣ឆ្នាំ ស្រុកកំណើតភូមិព្រៃភូមិ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ទី៤-ឈ្មោះអ៊ាង សុផុន អាយុ១៨ឆ្មាំ ស្រុកកំណើតភូមិកាគុត ឃុំសម្បុក ស្រុកចិត្របុរី ខេត្តក្រចេះ និងទី៥-ឈ្មោះចំរើន សាវដេត អាយុ១៥ឆ្នាំ ស្រុកកំណើតភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

ប្រភពដដែល បញ្ជាក់ថា កាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ច ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា នៅចំណុចផ្លូវបេតុង ច្រកចូលសាលាក្រុងបាវិត ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត មានករណីក្មេងទំនើងបង្ហោះម៉ូតូ។ ភ្លាមនោះ ដោយមានបទបញ្ជាពីលោកអធិការនគរបាលក្រុង កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះបង្ក្រាបនិងឃាត់ខ្លួនបានក្មេងទំនើង ចំនួន៥នាក់ ជាកម្មករដឹកម្ហូប និងធ្វើការនៅហាងចិន ក្នុងក្រុងបាវិត រួមនិងវត្ថុតាង ម៉ូតូ ចំនួន២គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1U-0455 និងម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ស្វាយរៀង 1H-9652)។
ក្មេងទំនើងទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅអប់រំបន្ត។ ចំណែកម៉ូតូ ទាំង២គ្រឿង ត្រូវបានដកហូតរក្សាទុកជាបណ្តោះអាសន្ន រយៈពេល៣ខែ៕