Thursday, February 5, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះក្បែរផ្សារប៉េសេ ស្លាប់ម្ចាស់ផ្ទះ

ភ្លើងឆេះផ្ទះក្បែរផ្សារប៉េសេ ស្លាប់ម្ចាស់ផ្ទះ

ភ្នំពេញ ៖ ផ្ទះជួសជុលគ្រឿងអេឡិចត្រូនិក ១កន្លែង ស្ថិតនៅក្បែរផ្សារប៉េសេ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យម្ចាស់ផ្ទះ ជាប់នៅខាងក្នុង ត្រូវភ្លើងឆេះស្លាប់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុច ផ្ទះលេខ 9C ជាផ្ទះជួសជុលគ្រឿងអេឡិចត្រូនិក ស្ថិតនៅខាងលិចផ្សារប៉េសេ តាមបណ្តោយផ្លូវ៣៧១ ភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។

ជនរងគ្រោះដែលត្រូវភ្លើងឆេះស្លាប់ មានឈ្មោះឡុង សារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាងជួសជុលទូរទស្សន៍ និងកង្ហារ ស្នាក់នៅផ្ទះកើតហេតុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះផ្ទះជួសជុលគ្រឿង អេឡិចត្រូនិក ខាងលើ បង្កជាផ្សែងហុយខ្មួលខ្មាញ់ និងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនៅក្បែរខាង នាំគ្នាជញ្ជូនអីវ៉ាន់ចេញ។

នៅក្នុងហេតុការណ៍នោះ អាជ្ញាធរនិងសមត្ថកិច្ច បានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ខណ:ភ្លើងបានឆេះពេញបន្ទុកទៅហើយ។ លុះក្រោយពីសមត្ថកិច្ចបាញ់ទឹកពន្លត់ភ្លើងបានទាំងស្រុង ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ ដែលជាម្ចាស់ផ្ទះ ត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័ម។

ជុំវិញហេតុការណ៍អគ្គិភ័យខាងលើ សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់ឱ្យដឹងពីមូលហេតុបាននៅឡើយ ដោយថាកំពុងធ្វើការស្រាវជ្រាវ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES