ភ្នំពេញ ៖ បន្ទាប់ពីមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបកស្រាយអំពីបញ្ហាមិនបើកប្រាក់ខែឱ្យយោធិន តាមប្រព័ន្ធធនាគារ ដោយសារបញ្ហាសន្តិសុខព័ត៌មាន និងមិនធ្វើប័ណ្ណ បសស ឱ្យយោធិន ដោយសារមានមន្ទីរពេទ្យ យោធានោះ អ្នកវិភាគ បានលើកឡើងថា ទោះបីជាយ៉ាងណា ប្រាក់ខែយោធិន គួរធ្វើទំនើបកម្ម បើកផ្តល់តាមប្រព័ន្ធធនាគារ ព្រោះជាសញ្ញាណនៃអភិបាលកិច្ចល្អ និងតម្លាភាពក្នុងរដ្ឋបាលសាធារណៈទំនើប ហើយដើម្បីធានាថា ថវិកាជាតិ ទៅដល់ដៃបុគ្គលផ្ទាល់ និងកាត់បន្ថយបាតុភាពអសកម្ម។ ចំណែកការផ្ដល់ប័ណ្ណ បស ស ដល់យោធិន និងគ្រួសារយោធិន ដើម្បីធានាស្មារតីការពារជាតិ ពង្រឹងខឿនការពារជាតិ ព្រោះសុខុមាល ភាពគ្រួសារទាហាន គឺជាកត្តាកំណត់នូវស្មារតីប្រយុទ្ធ និងភក្តីភាព។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានលើកឡើងតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នាពេលថ្មីៗនេះថា «យោងតាមការបកស្រាយរបស់មន្ត្រីក្រសួងសេដ្ឋកិច្ច អំពីបញ្ហាមិនបើកប្រាក់ខែឱ្យយោធិនតាមប្រព័ន្ធធនាគារ (បញ្ហាសន្តិសុខព័ត៌មាន) និងមិនធ្វើ បសស ឱ្យពួកគាត់ (មានមន្ទីរពេទ្យយោធា), ទោះបីជាខ្ញុំមិនមែនជាអ្នកជំនាញផ្នែកយោធា ប៉ុន្តែក្នុងនាមជាអ្នកស្រាវជ្រាវផ្នែកគោលនយោបាយ មួយរួប ខ្ញុំសូមជូនយោបល់ដូចខាងក្រោម ៖
១. ការធ្វើទំនើបកម្មប្រព័ន្ធបៀវត្សរ៍ តាមធនាគារ ៖
ការបើកប្រាក់បៀវត្សរ៍ តាមប្រព័ន្ធធនាគារ គឺជាសញ្ញាណនៃអភិបាលកិច្ចល្អ និងតម្លាភាពក្នុងរដ្ឋបាលសាធារណៈទំនើប។
ទស្សនៈវិភាគ ៖ បណ្តាប្រទេសជឿនលឿន (អាមេរិក បារាំង ជប៉ុន) បានប្រើប្រាស់ប្រព័ន្ធធនាគារ សម្រាប់បើកប្រាក់ខែ ឱ្យយោធិន យូរមកហើយ ដើម្បីធានាថា ថវិកាជាតិ ទៅដល់ដៃបុគ្គលផ្ទាល់ និងកាត់បន្ថយបាតុភាពអសកម្ម។
អនុសាសន៍ ៖ រដ្ឋ អាចអនុវត្តប្រព័ន្ធនេះ ដោយប្រើប្រាស់បណ្តាញធនាគារ ឬប្រព័ន្ធឌីជីថលដែលត្រូវបានអ៊ិនគ្រីប (Encrypted) ដែលមានសុវត្ថិភាពខ្ពស់ ដើម្បីរក្សាការសម្ងាត់ និងសន្តិសុខព័ត៌មាន។
២. ការពង្រីកវិសាលភាព បសស លើសពីសេវាព្យាបាលយោធា ៖
ការយល់ឃើញថា “មន្ទីរពេទ្យយោធា អាចជំនួស បសស” គឺជាការយល់ច្រឡំ រវាង “សេវាព្យាបាល” និង “ប្រព័ន្ធគាំពារសង្គម”។
អត្ថប្រយោជន៍ បសស លើសពីការព្យាបាល ៖ បសស ផ្តល់នូវរបបហានិភ័យការងារ (គ្រោះថ្នាក់/ពិការភាព) និងរបបសោធននិវត្តន៍ដែលមានចីរភាព ដែលមន្ទីរពេទ្យយោធា មិនអាចផ្តល់ជូនបាន។
ភាពបត់បែននៃសេវា (Portability) : កាត បសស អនុញ្ញាតឱ្យយោធិន ទទួលបានសេវាសុខភាព ទូទាំងប្រទេស គ្រប់ទីកន្លែងដែលមានដៃគូ បសស ដោយមិនចាំបាច់ធ្វើដំណើរមកមន្ទីរពេទ្យយោធា ក្នុងករណីបន្ទាន់ ឬស្ថិតនៅតំបន់ដាច់ស្រយាល។
៣. ការផ្ដល់ បសស ដល់គ្រួសារយោធិន ៖ យុទ្ធសាស្ត្រពង្រឹងខឿនការពារជាតិ
សុខុមាលភាពគ្រួសារទាហាន គឺជាកត្តាកំណត់នូវស្មារតីប្រយុទ្ធ និងភក្តីភាព។
ខែលការពារហិរញ្ញវត្ថុ ៖ ពលទាហានដែលមានចំណូលមធ្យម ងាយរងគ្រោះដោយសារចំណាយសុខភាពគ្រួសារ។ បសស នឹងជួយការពារពួកគាត់ ពីបំណុល និងភាពក្រីក្រ។
ការលើកទឹកចិត្ត ៖ ការផ្ដល់របប បសស ជូនសមាជិកគ្រួសារពលទាហាន គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការ “ពង្រឹងខឿនការពារជាតិ” និងលើកកម្ពស់មនសិការស្នេហាជាតិ។ តាមទស្សនៈគោលនយោបាយ ការធ្វើបែបនេះ នឹងជួយដោះស្រាយកង្វល់ “ពីក្រោយខ្នង” (ប្រពន្ធ កូន ឪពុកម្តាយ) របស់កងទ័ព ដែលអនុញ្ញាតឱ្យពួកគាត់បំពេ ញភារកិច្ចនៅជួរមុខ ដោយស្មារតីរឹងមាំ និងកាត់បន្ថយហានិភ័យនៃការធ្លាក់ចូលក្នុងភាពក្រីក្រ ដោយសារចំ ណាយលើសេវាសុខភាព។ ការថែទាំដល់ “អ្នកនៅពីក្រោយខ្នង” គឺជាមេដែកស្រូបទាញយុវជន ឱ្យចូលបម្រើជាតិ និងកាត់បន្ថយអត្រាបោះបង់ជួររបស់យោធិន។
៤. សេចក្តីសន្និដ្ឋាននិងអនុសាសន៍ ៖
រដ្ឋាភិបាល គួរតែ ៖
បើកប្រាក់បៀវត្សរ៍ឱ្យយោធិន តាមប្រព័ន្ធធនាគារ ដើម្បីធានាថា ថវិកាជាតិ ទៅដល់ដៃបុគ្គលផ្ទាល់ និងកាត់បន្ថយបាតុភាពអសកម្ម។
រួមបញ្ចូលយោធិន ទៅក្នុងប្រព័ន្ធ បសស ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ (ហានិភ័យការងារ និងសោធន)។
ពង្រីកការគ្របដណ្ដប់ បសស ដល់សមាជិកគ្រួសារកងទ័ព ដើម្បីធានាស្មារតីការពារជាតិ។
ធ្វើសុខដុមនីយកម្ម រវាងមន្ទីរពេទ្យយោធា និងប្រព័ន្ធ បសស ដើម្បីបង្កើនជម្រើស និងគុណភាពសេវាជូនយោធិន»។
ដោយឡែក លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានឋាន:ស្មើទេសរដ្ឋមន្ត្រី បានលើកឡើងថា ការបើកប្រាក់បៀវត្សយោធា តាមប្រព័ន្ធធនាគារ មិនអាចធ្វើបានទេ តែបើបើកប្រាក់សុទ្ធ រៀងរាល់ខែទៀងទាត់ និងពង្រឹងគុណភាពសេវាពេទ្យយោធា និងគ្រួសារកងទ័ព រដ្ឋអាចធ្វើបាន។
លោក រស់ សារ៉ុម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា «ធនាគារយោធា បើចង់ឱ្យយោធា បើកលុយតាមប្រព័ន្ធធនាគារ ប៉ុន្តែខ្ញុំសួរ ៣ចំណុច ៖
១. តើប្រព័ន្ធសន្តិសុខបច្ចេកវិទ្យាក្នុងស្រុកយើង អាចទប់ទល់ចារកម្មបរទេស បានទេ? ចុះបើយោធា បញ្ចាំកាតប្រាក់ខែ?
២. តើសេវាយោធា ដំណើការដូចម្តេច? ធានាថា ប្រជុំជួរទៀងទាត់ ទាន់ពេលវេលា ហានិភ័យបន្ទាន់? ក្តាប់កម្លាំងប្រដាប់អាវុធ មិនស្រួលដូចគ្រប់គ្រងរដ្ឋបាលស៊ីវិលឡើយ។
៣. សេវាសុខភាពយោធា រឹតតែសម្ងាត់ ពេលហានិភ័យកើតឡើង តើរដ្ឋ អាចឱ្យយោធា ដើរព្យាបាលតាមចិត្តបានទេ? រក្សាការសម្ងាត់យោធា ចំណុចស្លាប់រស់។
លើសកលលោកនេះ មានតែបិតាប្រទេសជឿនលឿន មួយចំនួនតូចប៉ុណ្ណោះ អាចធ្វើបាន ហើយមានកម្រិតតឹងតែង។
សម្រាប់ខ្ញុំ កុំចង់តាមអារម្មណ៍! យោបល់ល្អ អនុវត្តមិនកើត។ ប៉ុន្តែការបើកប្រាក់សុទ្ធរៀងរាល់ខែ ទៀងទាត់ និងពង្រឹងគុណភាពសេវាពេទ្យកងទ័ព និងគ្រួសារកងទ័ព រដ្ឋអាចធ្វើបាន”។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៦ ថា «ចំពោះរឿងការបើកលុយរបស់កងទ័ព តាមប្រព័ន្ធធនាគារនេះ យើងបានពិភាក្សាច្រើនហើយ ជាមួយរាជរដ្ឋាភិបាល ក្នុងនាមឧត្ដមក្រុមប្រឹក្សានេះ គឺយើងក៏ចង់បានដែរ ប៉ុន្តែការងារនេះ គឺពិបាកនៅក្នុងការទៅរួច ពីព្រោះវាប៉ះពាល់ទៅដល់សន្តិសុខជាតិ អាហ្នឹងជារឿងដែលសំខាន់។ មួយទៀត យើងក៏សុំផ្ញើសារខ្លះ ទៅកាន់អ្នកវិភាគ និងបងប្អូនមួយចំនួន ដែលចង់បានការធ្វើទំនើបកម្មបៀវត្សរបស់កងទ័ព តាមប្រព័ន្ធធនាគារនេះ យើងមើលទៅហាក់ដូចល្អ ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងនៅក្នុងមូលដ្ឋានកងកម្លាំងប្រដាប់ អាវុធ ជាពិសេសក្រសួងការពារជាតិ គឺពុំអាចធ្វើបានទេ ពីព្រោះប្រព័ន្ធបច្ចេកវិទ្យាយោធា នៅក្នុងប្រព័ន្ធធនាគារ នៅក្នុងប្រទេសកម្ពុជា យើងនេះ យើងទៅអត់រួចទេ ពីព្រោះយើងមើលពីប្រទេសមហាអំណាច នៅលើលោកនេះ គឺមានតែសហរដ្ឋអាមេរិក ទេ ដែលមានធនាគារយោធា ហើយប្រទេសមួយចំនួនទៀត ក៏មានធនាគារយោធាដែរ ដូចជប៉ុន បារាំង អង់គ្លេស កាណាដា ហ្នឹងវាមានហើយ ប៉ុន្តែការបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនា គារនេះ គឺវាបង្កនូវផលប៉ះពាល់ខ្លាំង ទាក់ទងនឹងវិស័យការពារជាតិ។ អ៊ីចឹងខ្ញុំសុំបញ្ជាក់ថា ការធ្វើទនើបកម្ម បើកប្រាក់បៀវត្សរបស់យោធិន តាមប្រព័ន្ធធនាគារនេះ វាពិបាកនៅក្នុងការទទួលណាស់ ហ្នឹងទី១»។

លោក រស់ សារ៉ុម បន្តថា «ទី២ ទាក់ទងជាមួយនឹងបំណុលឯកជនក្រៅផ្លូវការ របស់យុទ្ធជន នៅតាមកន្លែងជាក់ស្ដែង ដូចជា តាមកងពល ឬក៏តាមកន្លែងជាទូទៅ យើងឃើញថា កងទ័ព ច្រើនតែជំពាក់លុយមេបញ្ជាការ ខ្ចីប្រពន្ធមេបញ្ជាការ បំណុលក្រៅផ្លូវការផ្សេងៗអ៊ីចឹងទៅ រឿងហ្នឹងប្រាកដជាមានហើយ។ ក៏ប៉ុន្តែ ការទាំងអស់នោះ គឺយើងឃើញថា វាមិនមានភាគច្រើនទេ វាមានភាគតិចទេ។ អ៊ីចឹងការមានបំំណុលឯកជនក្រៅផ្លូវការ របស់កងទ័ពនេះ វាក៏ធ្វើឲ្យប៉ះពាល់ដែរ។ អ៊ីចឹងហើយ បានជាយើងតម្រូវឲ្យកងទ័ពទាំងអស់ ដែលបើកប្រាក់ ជាលុយសុទ្ធនេះ គឺសិទ្ធិនៅក្នុងការចាត់ចែងបុគ្គល ទៅលើការចំណាយរបស់ខ្លួន ទៅលើគ្រួសាររបស់ខ្លួន អាហ្នឹងសិទ្ធឯកជនហើយ ពេលដែលបានប្រាក់ហើយ អីទៀត អាហ្នឹងរឿងរបស់យើងទេ មានគំនិត ឬគ្មានគំនិត អា ហ្នឹងរឿងរបស់យើងទេ ។ ប៉ុន្តែបើពាក់ព័ន្ធជាមួយសន្តិសុខជាតិ វាមិនប៉ះពាល់អីធ្ងន់ធ្ងរទេ ។ ហើយមួយទៀត ការធ្វើទំនើបកម្មយោធា ដោយក្នុងពេលបច្ចុប្បន្ននេះ គឺយើងអាចធ្វើបាន ទី១ យើងផ្ដល់ការដំឡើងប្រាក់បៀវត្ស។ ឥឡូវក្នុងឆ្នាំ២០២៦ នេះ យើងមានគោលនយោបាយដំឡើងប្រាក់បៀវត្ស ឲ្យវិស័យយោធា និងមន្រ្តីរាជការដែរ។ អ៊ីចឹងការផ្ដល់ថែមទៀត រួមទាំងការធ្វើទំនើបកម្មផ្នែកសព្វាវុធ ការធ្វើទំនើបកម្មអ្វីផ្សេងៗទៀត វិស័យសុខាភិបាល នៅក្នុងជួរកងទ័ព ហើយនិងគ្រួសារកងទ័ព វាមានហើយស្រេច គ្រាន់តែយើងធ្វើឲ្យប្រសើរនេះ គឺអាចធ្វើបាន វាមិនពាក់ព័ន្ធការបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារទេ។ អ៊ីចឹងហើយ ដោយសារកត្តាសន្តិសុខជាតិ ខ្ញុំគ្រាន់តែឧទាហរណ៍ទេ សង្រ្គាមកំពុងតែផ្ទុះ ហើយកងទ័ព រត់រកកន្លែងព្យាបាល រៀងៗខ្លួននោះ វាមិនអាចទៅរួចទេ ទិន្នន័យកងទ័ព នៅក្នុងការបញ្ចេញនៅពេលដែលប្រយុទ្ធគ្នានោះគឺវាពាកព័ន្ធនឹងសន្តិសុខជាតិខ្លាំងណាស់។ អ៊ីចឹងពាក់ព័ន្ធទិន្នន័យយោធា ក៏វាបង្កនូវការលំបាកដែរ។ មានន័យថា ការរក្សាការសម្ងាត់ គឺជាជោគជ័យដ៏ធំមួយក្នុងវិស័យយោធា”៕ កុលបុត្រ