Thursday, April 23, 2026
Homeព័ត៌មានជាតិបង្ការត្រីធំស៊ីត្រីតូច ខ្មែរ កុំស្លូតត្រង់ពេកនឹងសត្រូវ ខ្លាំងផ្ដាច់ផ្ដិលតែខ្មែរគ្នាឯង

បង្ការត្រីធំស៊ីត្រីតូច ខ្មែរ កុំស្លូតត្រង់ពេកនឹងសត្រូវ ខ្លាំងផ្ដាច់ផ្ដិលតែខ្មែរគ្នាឯង

ភ្នំពេញ ៖ បណ្ឌិត បញ្ញវន្ត អ្នកវិភាគ និងអ្នកនយោបាយ បានលើកឡើងថា ខ្មែរ មិនត្រូវស្លូតត្រង់ពេកនោះទេ គឺត្រូវប្រឹងឲ្យខ្លាំងខាងក្នុង ដើម្បីការពារទឹកដីពីបរទេសឈ្លានពាន ប៉ុន្តែកុំខ្លាំងប្រឆាំងផ្ដាច់ផ្ដិល ផ្ដាច់ឫសគល់តែខ្មែរគ្នាឯង ។ បើខ្មែរ នៅតែខ្លាំងជាមួយខ្មែរគ្នាឯង មានន័យស្មើនឹងខ្មែរសម្លាប់ខ្មែរ ធ្វើឲ្យរលាយបាត់ពីផែនទីពិភពលោក នៅថ្ងៃណាមួយ ។ ដូច្នេះដើម្បីបង្ការ «ត្រីធំស៊ីត្រីតូច» យើងត្រូវតែរួមគ្នាការពារទឹកដី សម្រាប់កូនចៅយើងជំនាន់ក្រោយ រាប់សតវត្សទៅមុខទៀត តាមរយៈការពង្រឹងវិស័យការពារជាតិ រួបរួមសាមគ្គី ឯកភាពជាតិ កុំឲ្យសត្រូវបរទេសប្រមាថមើលងាយ រំលោភបំពានឈ្លានពានអធិបតេយ្យនិងបូរណភាពទឹកដី។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ …ថៃ ជ្រើសរើសរីកទឹកដី ជាជាងសន្សំសំងំយកសុខ! ខ្មែរ កុំស្លូតពេក កុំត្រង់ពេក ជាមួយសត្រូវ ។ ខ្មែរ ត្រូវប្រឹងឲ្យខ្លាំងខាងក្នុង ដើម្បីការពារទឹកដីយើង ។ ប៉ុន្តែខ្ញុំសំណូមពរ កុំខ្លាំងប្រឆាំងផ្ដាច់ផ្ដិល ផ្ដាច់ឫសតែគ្នាឯង“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ថា មិនឲ្យស្លូតពេកជាមួយសត្រូវ គឺចង់និយាយអំពីការពង្រឹងសមត្ថភាពការពារជាតិ របស់ខ្លួន ជាមួយសត្រូវ ឲ្យបាន ។ មានន័យថា ទិសដៅអនាគត ត្រូវតែពង្រឹងវិស័យការពារជាតិ មិនអាចឲ្យគេរំលោភទាំងព្រំដែនគោក ព្រំដែនអាកាស និងព្រំដែនទឹក នោះទេ គឺចូល ត្រូវតែដេញចេញភ្លាម ចូលមួយ ដេញមួយ ចូលមួយ បាញ់មួយ ទើបរាងចាល ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “ប្រទេសថៃ បច្ចុប្បន្នកំពុងតែតាំងខ្លួនជាបងធំនៅអាស៊ីអាគ្នេយ៍ ធ្វើសង្រ្គាមជាមួយបណ្ដាប្រទេសក្បែរខាង រួមទាំងកម្ពុជា ទាំងជាមួយភូមា និងជាមួយឡាវ ម្ដងម្ដាល តែបច្ចុប្បន្ននេះ កំពុងតែធ្វើសង្រ្គាមជាមួយកម្ពុជា និងភូមា ជាពិសេស ជាមួយកម្ពុជា ប្រទេសនេះ តាំងខ្លួនជាបងធំ ហើយប្រើប្រាស់ទ្រឹស្ដីជាតិនិយមជ្រុល ពង្រីកទឹកដី បំភ្លៃប្រវត្តិសាស្រ្ត ហើយអ្វីដែលគេចង់ធ្វើមកលើកម្ពុជា នោះគឺបំបែកបំបាក់ខ្មែរ បំបែកបំបាក់សាមគ្គីជាតិខ្មែរ ឲ្យបែកបាក់ ឲ្យចុះទន់ខ្សោយ តាំងខ្លួនជាម្ចាស់អារ្យធម៌អង្គរ ដូចដែលស៊ីហាក់សាក់ បានលើកឡើងរួចមកហើយថា អារ្យធម៌អង្គរ អារ្យធម៌ខ្មែរនេះ មិនសម្រាប់តែកម្ពុជា នោះទេ គឺសម្រាប់បណ្ដាប្រទេសផ្សេងទៀតដែរ ។ ក្នុងន័យនេះ ថៃ ចង់តាំងខ្លួនជាម្ចាស់នៃអារ្យធម៌អង្គរ ហើយដែលជារឿងគ្រោះថ្នាក់បំផុត នៅពេលដែលប្រទេសមួយឈ្លានពានប្រទេសកម្ពុជា នេះ ហើយតាំងខ្លួនជាម្ចាស់អារ្យធម៌នៃទឹកដីមហានគរ ទៀត ។ អាកន្លែងនេះ ខ្ញុំធ្លាប់បានចេញសារប្រកាសអាសន្នរួចហើយ ហើយខ្ញុំសូមរំលឹកម្ដងទៀត ។ មួយទៀត គឺថៃ ចង់ត្រៀមយកទឹកដីកម្ពុជា ក្នុងអតីតកាលដែលខ្លួនធ្លាប់គ្រប់គ្រងហ្នឹង អានេះជាអ្វីដែលថៃ ធ្វើសង្រ្គាមឈ្លានពានកម្ពុជា“ ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តថា “ដូច្នេះហើយ កម្ពុជា យើងមិនអាចចេះតែស៊ូទ្រាំ មិនអាចចេះតែអត់ធ្មត់ មិនអាចចេះតែបង្ហាញភាពស្មោះត្រង់ ឬក៏ស្លូតបូតពេកនោះទេ ត្រូវតែពង្រឹងខ្លួននៅក្នុងវិស័យការពារជាតិ នៅក្នុងន័យថា មិនឲ្យស្លូតពេកជាមួយសត្រូវ គឺចង់និយាយអំពីការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ជាមួយសត្រូវ ឲ្យបាន ។ សត្រូវចូលរំលោភព្រំដែនមួយជំហាន ត្រូវតែដេញចេញវិញភ្លាម អានេះប្រសិនបើសមត្ថភាពការពារជាតិយើងអាចធ្វើបាន ប៉ុន្តែបើយើងធ្វើមិនបាន គឺយើងមានតែពឹងការងារការទូត ច្បាប់អន្តរជាតិ ប៉ុន្តែទិសដៅអនាគត ត្រូវតែពង្រឹងវិស័យការពារជាតិ មិនអាចឲ្យគេរំលោភទាំងព្រំដែនគោក ព្រំដែនអាកាស និងព្រំដែនទឹក អីជាដើម ចូលត្រូវតែដេញចេញភ្លាម ចូលមួយ ដេញមួយ ចូលមួយ បាញ់មួយ អានេះទើបរាងចាល ។ បើមើលដូច្នេះទេ គេបំពានយើងយ៉ាងប្រមាថដូចបច្ចុប្បន្នហ្នឹង“ ។

ស្រដៀងនឹងការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ខាងលើនេះ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ថា ក្រៅពីប្រើយន្តការច្បាប់អន្តរជាតិ យន្តការការទូត និងការប្រមូលភ័ស្តុតាង ដើម្បីបកអាក្រាតមុខមាត់ឈ្លានពានរបស់ថៃ លើឆាកអន្តរជាតិ ខ្មែរ ត្រូវងាកមកពង្រឹងវិស័យការពារជាតិ ដោយអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងបច្ចេកវិទ្យាចុងក្រោយ ដើម្បីកុំឲ្យសត្រូវមើលងាយ ហើយមានតែខ្មែរគ្នាឯង រួបរួមសាមគ្គីគ្នាជាធ្លុងមួយទេ ទើបអាចធ្វើឲ្យខ្មែរខ្លាំង ។ ផ្ទុយទៅវិញ បើខ្មែរ នៅតែខ្លាំងជាមួយនឹងគ្នាឯង មានន័យស្មើនឹងខ្មែរសម្លាប់ខ្មែរ ធ្វើឲ្យផែនទីដ៏តូចមួយទៅលើផែនទីពិភពលោក នឹងរលុបបាត់ ហើយនឹងអាចរលាយនៅក្នុងថ្ងៃណាមួយ បើសិនជាស្ថានភាពពិភពលោកមានការប្រែប្រួលតាមរយៈ “ត្រីធំស៊ីត្រីតូច” ។

លោក សេក សុជាតិ បានមានប្រសាសន៍ថា “សម្រាប់ខ្ញុំយល់ថា បញ្ហាទាំងអស់នេះ វាមានលក្ខណៈស្មុគស្មាញខ្លាំង ហើយវាក៏ជាប់ពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រកម្ពុជា ជាមួយនឹងសៀម ហើយក៏យើងបានដឹងដែរថា សៀម វាជាប្រទេសមួយដែលត្រូវបានរៀបចំនិងបង្កើតឡើងដោយស្ដេចខ្មែរ នៅក្នុងសម័យមុន ដើម្បីរៀបចំនិងគ្រប់គ្រងចាត់ចែងទឹកដីដែលមានទំហំធំ ។ យើងដឹងហើយថា ខ្មែរ ធ្លាប់ជាអាណាចក្រមួយដែលមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ ហើយនិងទទួលស្គាល់ពីភាពរីកចម្រើន ហើយនិងសមត្ថភាពខ្ពស់នៅក្នុងពេលអតីតកាល ហើយខណៈពេលបច្ចុប្បន្ន ដោយសារតែការបែកបាក់ផ្ទៃក្នុងសាមគ្គីជាតិ ការមិនអាចចាប់ដៃគ្នាកសាងជាតិ រួមកម្លាំងជាកម្លាំងរួមរបស់ជាតិ វាធ្វើឲ្យកម្ពុជា កាន់តែខ្សោយទៅៗ ហើយក៏បានបើកផ្លូវ និងធ្វើឲ្យសៀម មានឱកាសរៀបចំបង្កើតទឹកដីខ្លួនឡើង ហើយជ្រើសរើសយកខ្មែរ ធ្វើជាសត្រូវ ដើម្បីវាតទីពង្រីកដែនអធិបតេយ្យរបស់ខ្លួន ដែលកត្តាទាំងអស់នេះ វាបានឆ្លុះបញ្ចាំងឲ្យគេមើលឃើញអំពីចំណុចខ្សោយ គេស្គាល់ចំណុចខ្សោយនៃប្រទេសកម្ពុជា ថាគ្មានមេដឹកនាំណាម្នាក់ដែលអាចយកឈ្នះគេបាន ។ ដូច្នេះគេប្រើប្រាស់មូលដ្ឋានទាំងអស់នេះ គឺដើម្បីដណ្ដើមទន្រ្ទានយកទឹកដី ហើយយើងដឹងហើយថា អ្នកឈ្លានពានគេ មិនដែលគិតអំពីសេចក្ដីសុខរបស់ប្រទេសជាប់ខាង ឬក៏សត្រូវដែលគេចង់ឈ្លានពាននោះទេ ហើយគេក៏មិននៅស្ងៀមដែរ រាល់សកម្មភាព រាល់ការងារផ្សេងៗ មិនថាទំនាក់ទំនង មិនថាពាណិជ្ជកម្ម មិនថាសេដ្ឋកិច្ច មិនថានៅក្នុងបែបណាទេ គឺពួកគេនៅតែសន្សំចិត្ត ហើយនិងវិភាគមើលអំពីចំណុចខ្សោយ ដើម្បីធ្វើការវាយលុកទៅលើប្រទេសដែលទន់ខ្សោយជាង ហើយនៅក្នុងស្ថានភាពនេះ ខ្ញុំគិតថា កម្ពុជា ត្រូវតែពិចារណា ហើយនិងដោះស្រាយបញ្ហាផ្ទៃក្នុងជាតិរបស់ខ្លួន ឲ្យបានល្អ មិនត្រូវរង់ចាំសហគមន៍អន្តរជាតិដោះស្រាយ ឬយន្តការទ្វេភាគីជាមួយនឹងថៃ ទេ គឺត្រូវតែប្រើយន្តការច្បាប់អន្តរជាតិ យន្តការការទូត ហើយនិងការប្រមូលភ័ស្តុតាង ដើម្បីបកអាក្រាតមុខមាត់ឈ្លានពានរបស់ថៃ លើឆាកអន្តរជាតិ ហើយនិងកសាងនូវភ័ស្តុតាង ក៏ដូចជារៀបចំកម្លាំងសាមគ្គីជាតិ ដោយលុបបំបាត់ការរើសអើងផ្ទៃក្នុង ការប្រជែងអំណាច ភ្លេចទឹកដីភ្លេចអធិបតេយ្យអីហ្នឹងចោល ហើយងាកមកពង្រឹងវិស័យការពារជាតិ ដោយអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ហើយនិងបច្ចេកវិទ្យាចុងក្រោយ ដើម្បីកុំឲ្យសត្រូវមើលងាយកម្ពុជា» ។

លោក សេក សុជាតិ បានមានប្រសាសន៍បន្តថា “មានតែខ្មែរគ្នាឯង រួបរួមសាមគ្គីគ្នាជាធ្លុងមួយទេ ទើបអាចធ្វើឲ្យខ្មែរខ្លាំង ខ្មែរ ការពារដែនអធិបតេយ្យរបស់ខ្លួនបាន ហើយនៅខណៈដែលខ្មែរ នៅតែខ្លាំងជាមួយនឹងគ្នាឯង មានន័យស្មើនឹងខ្មែរសម្លាប់ខ្មែរ ខ្មែរនឹងធ្វើឲ្យផែនទីដ៏តូចមួយទៅលើផែនទីពិភពលោក នឹងរលុបបាត់ ហើយនឹងអាចរលាយនៅក្នុងថ្ងៃណាមួយ បើសិនជាស្ថានភាពពិភពលោកមានការប្រែប្រួលតាមរយៈ “ត្រីធំស៊ីត្រីតូច” ហើយគ្មានយន្តការច្បាប់អន្តរជាតិច្បាស់លាស់ ហើយពួកអ្នកមានឥទ្ធិពលនិងអំណាច គេមិនស្តាប់ ។ ដូច្នេះវាគឺជាគ្រោះធំជាងលាភ ហើយបញ្ហាទាំងអស់នេះ ខ្ញុំសង្ឃឹមថា អ្នកនយោបាយគ្រប់និន្នាការទាំងអស់ គួរតែឈប់ឈ្លោះគ្នា ដណ្ដើមគ្នា ប្រជែងអំណាចគ្នា ដោយអគតិ គួរតែពិចារណា ហើយនិងងាកមកចូលតុចរចា ហើយរកវិធីសាស្រ្តដើម្បីពង្រឹងទាំងសេដ្ឋកិច្ច ពង្រឹងទាំងកម្លាំងការពារជាតិ ពង្រឹងគ្រប់វិស័យទាំងអស់ ដើម្បីឲ្យខ្មែរ ក្លាយទៅជាប្រទេសមួយខ្លាំងសាជាថ្មីឡើងវិញ ដើម្បីអាចធ្វើជាបង្គោលដ៏រឹងមាំនៅក្នុងការការពារដែនអធិបតេយ្យកម្ពុជា តទៅអនាគត ដើម្បីកូនចៅជំនាន់ក្រោយ ហើយនឹងមិនធ្វើឲ្យបុព្វបុរសរបស់ខ្មែរ ជំនាន់មុនៗ មានការស្តាយក្រោយ ដែលអ្នកជំនាន់ក្រោយ នៃដែនអធិបតេយ្យមហានគរ មិនមានសមត្ថភាព មិនអាចការពារមរតកប្រវត្តិដ៏ថ្លៃថ្លានិងមិនអាចកាត់ថ្លៃបាននេះ នៅពេលខាងមុខ“ ។

ដោយឡែក លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ថា ខ្មែរយើងស្លូតត្រង់ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា ប៉ុន្តែយើងមានអំណត់នៃហេតុផល សម្រាប់ទប់ស្កាត់នូវអ្វីដែលសត្រូវកាន់តែផ្គើន គឃ្លើន បំផ្លាញនូវអ្វីដែលជាសុភមង្គល កេរដំណែលរបស់ដូនតា យើងមិនអាចឲ្យទឹកដីព្រំដែន ដាច់ខ្សែ ឬយើងនៅតែស្ងៀម ហើយខ្លាំងតែខ្មែរគ្នាឯង បំផ្លាញតែខ្មែរគ្នាឯង ទឹកដីកាន់តែដាច់ដោចទៅៗបានទេ គឺយើងត្រូវរកដំណោះស្រាយ “មានអ្នក ក៏មានខ្ញុំដែរ” ខ្មែរតែមួយ រួមគ្នាកសាង ការពារអធិបតេយ្យ ឯករាជ្យភាព បូរណភាពទឹកដី ។  

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថាប្រទេសជាតិមួយ ដែលមានសេចក្ដីសុខសម្រាប់ប្រជាពលរដ្ឋ សម្រាប់សុភមង្គល វិបុលភាពដល់ប្រទេស ដែលមិនមានការបៀតបៀន ឬក៏ការបង្កើតនូវអ្វីជាការធ្វើឱ្យជាតិអន្តរាយ ដោយសារសត្រូវបរទេស ខ្ញុំថា ទីមួយ ខ្មែរខ្លាំង ខ្មែរឯកភាពជាតិគ្នា ខ្មែរមិនបំផ្លាញគ្នា ខ្មែរនាំគ្នារកនូវអ្វីជាចំណុចខ្លាំង ចំណុចរួបរួមសាមគ្គី ហើយទប់ជាមួយនឹងសត្រូវបរទេស ប្រទេសសៀម ។ យើងដឹងហើយថា ប្រទេសមួយនេះ មិនមានអត្តសញ្ញាណជាតិ បង្កើតទឹក បង្កើតដីពីដូនតាណាក្រៅតែពីដើរយកទឹកដីគេ ឈ្លានពានគេ ជាប្រទេសចោរ មានពូជជាចោរសមុទ្រ មកពីចិន ដូចប្រទេសយួនតុងកឹង ពីចិន មកដែរ ។ អ៊ីចឹងគេថា គេយកដីចម្ប៉ា សៀម យកដីអយុធ្យា យកដីនៅក្រុងផ្សេងៗ តាំងពីមុនបាទជយវរ្ម័នទី៧ ក្រោយមក ព្រះបាទជយវរ្ម័នទីប្រាំពីរ បង្កើតនគរឲ្យដល់សៀម ដល់អីហ្នឹង យើងឃើញហើយ សុខោទ័យ ជាដើមហ្នឹង គឺសុទ្ធតែជាប្រវត្តិសាស្ត្រដែលសៀមជាចោរប្លន់ ចោរលួច ពង្រីកចិត្តពង្រីកដី បើទោះបីមកដល់បច្ចុប្បន្ននេះ យើងឃើញការរីកហូតដល់បាត់ទឹកដីខ្មែរ ហើយគេថា ខ្មែរយើងហ្នឹង ទៅយកទឹកដីគេ សាមសែសិបឆ្នាំមកហើយ ។ អ៊ីចឹងស្រេចតែគេថា ហើយយើងនៅតែបង្កើតការឈ្លោះទាស់ទែងគ្នា បំបែកបំបាក់ជាតិ ខ្លាំងតែខ្មែរគ្នាឯង យកខ្មែរគ្នាឯងជាសត្រូវ បំផ្លាញ និន្នាការ ភាគីបក្សនយោបាយ ឬក៏ខ្មែរស ខ្មែរខ្មៅ ខ្មែរប្រផេះ អីជាដើមហ្នឹង ។ល។ និង ។ល។ អ៊ីចឹងខ្ញុំថា ដំណាក់កាលនេះ ជាដំណាក់កាលដែលល្មមដល់ពេលដែលយើងអត់ឱន អធ្យាស្រ័យ សន្ដោស អភ័យទានឲ្យគ្នា ដើម្បីគិតប្រយោជន៍ជាតិ ។ បើយើងអស់ទឹកអស់ដី តើយើងនៅជាអ្នកដឹកនាំ នៅតែប្រើអំណាចកោងកាច ឬក៏អំណាចបំផ្លាញតែខ្មែរគ្នាឯង បានសុខទេ បើយើងអត់ឯករាជ្យ អត់មានទឹកដីម្ចាស់ការខ្លួនឯង? តើយើងចង់បានប្រទេសដែលឯករាជ្យខ្លួនឯង ត្រួតត្រាដោយខ្មែរគ្នាឯង ឬក៏យើងចង់ចំណុះឱ្យរដ្ឋបរទេស ចំណុះឱ្យភាគីបរទេសណាមួយ ជាអាណានិគមយើង? យើងមានបទពិសោធហើយ អាណានិគមបារាំង ដែលបរទេសមកត្រួតក្បាលខ្មែរនេះ ហើយយើងបំផ្លាញតែខ្មែរគ្នាឯង ដើម្បីរណប ដើម្បីតម្រូវឲ្យបរទេស យកចិត្តបរទេស តើដើម្បីអំណាចឯករាជ្យទេ បើយើងជាអ្នកដឹកនាំជំនាន់ចាស់ ជំនាន់ថ្មី ផុតទៅនោះ តើកូនចៅយើង នឹងដាក់វិប្បដិសារីយ៉ាងណា ចំពោះអ្នកដែលដឹកនាំបន្តបន្ទាប់ ពីជំនាន់មួយ មកជំនាន់មួយ រហូតពីជំនាន់ថ្មី ទៅជំនាន់ក្រោយ ទៅដល់កូនចៅ ចៅទូតយើង តើយើងមានវិប្បដិសារី បណ្តាសាបែបណា? នេះគឺជាចម្ងល់ទៅវិញ“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងវាដល់ពេលដែលអ្នកដឹកនាំទាំងជំនាន់ចាស់ ជំនាន់ថ្មី ខ្មែរភាគីណា ឈប់បង្កើតសត្រូវបងប្អូនឯងទៀតទៅ យកគំរូយួនខាងជើង ខាងត្បូង តើគេរីកចម្រើនប៉ុនណា តាំងពីបែកបាក់គ្នា រហូតដល់ឥឡូវហ្នឹង? សេដ្ឋកិច្ចគេឡើងប៉ុនណា? ទំនាក់ទំនងការទូត ជំនួញជួញដូរ សកលភាវូបនីយកម្ម និងកម្លាំងទំនើបកម្មយោធាគេហ្នឹង គេខ្លាំងប៉ុនណា? ពលរដ្ឋគេ ឡើងទៅដល់ជាងមួយរយលាននាក់ ខាងយួន  ខាងសៀម ឡើងជាងប៉ែតសិបលាននាក់ យើង ១៧លាន ១៨លាន ហើយយើងខ្សោយតាំងពីសេដ្ឋកិច្ច យើងបង្កើតការបែកបាក់គ្នា ប្រព្រឹត្តនូវអំពើពុករលួយ បក្ខពួក គ្រួសារនិយម ខ្លាំងបានតែខ្មែរគ្នាឯង បង្កើតនូវបក្សប្រឆាំង បង្កើតនូវបក្សស្រប អញបានវាល្អ មានឯង អត់អញ មានអញ អត់ឯង គឺថាបញ្ចប់វប្បធម៌បែបហ្នឹងទៅ ចាប់យកនូវ “បើមានអ្នក មានខ្ញុំដែរ” អាហ្នឹងជាវប្បធម៌ជំនាន់ថ្មី បក្សជំនាន់ថ្មី បណ្ដុះ “មានអ្នក មានខ្ញុំដែរ“ ឈាមជ័រខ្មែរតែមួយ ដែលយើងត្រូវសាមគ្គី ត្រូវទប់ទល់អារឿងគំនុំបុគ្គល និន្នាការបក្ស ទុកមួយដុំ ព្រោះនេះជារឿងផលប្រយោជន៍ជាតិ ។ បើយើងអស់ទឹកអស់ដី យើងអស់ជាតិហើយ គឺយើងមើលជាគំរូ ចម្ប៉ា យើងមើលប្រទេសលាវ ក្រោមអាណានិគមយួន ដោយប្រយោល តើមានឯករាជ្យ ម្ចាស់ការខ្លួនឯងទេ? នេះវាមិនទាន់ហួសពេលទេ ដែលកម្ពុជា នៅជាប្រទេសខ្លួនឯង រុំព័ទ្ធទៅដល់របបប្រជាធិបតេយ្យ មានសន្ធិសញ្ញាសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ មិនអាចរដ្ឋបរទេសណារំលោភបំពានបាន មានតែការពារ រក្សាអធិបតេយ្យ បូរណភាពទឹកដី ប៉ុន្តែអតីតភាគីចុះហត្ថលេខី មានសៀម ជាដើម បានរំលោភបំពានយើង“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយ យើងនៅសំងំធ្វើមិនដឹងមិនឮពីរឿងទឹកដី យ៉ាងម៉េច? ហើយយើងកុំទៅប្រៀបធៀបរបួសកូនដៃ មួយផ្នែកតូចជាងខ្លួនប្រាណមិនរបួស មិនស្លាប់ មិនពិការ គឺកុំអត្ថប្បដិរូបអីៗ យកអាចំណុចណាដែលខ្មែរអាចជជែកគ្នាបាន ហើយត្រូវធ្វើអី កុំឲ្យគេផ្គើន ហើយគឃ្លើន យើងចេញតែសេចក្ដីថ្លែងការណ៍ យើងចេញតែការអំពាវនាវ ប៉ុន្តែយើងមិនអាចចោលនយោបាយការទូត ច្បាប់អន្តរជាតិ បានទេ ។ ប៉ុន្តែយើងបង្ហាញជាចំហ ដោយតម្លាភាព ហើយបបួលគ្នាដោះស្រាយបញ្ហាជាតិ ជាជាងបង្កើតដាក់បញ្ហា ហើយបង្កើតនូវនិន្នាការស្អប់ខ្មែរគ្នាឯង វាធ្វើឲ្យសត្រូវ គេមើលងាយ គេជាន់ឈ្លីយើង ហើយក៏គេពង្រីកឥទ្ធិពលការឈ្លានពាន ។ អ៊ីចឹងវាជាឱកាស យើងអត់ចង់បានសង្រ្គាម យើងចង់បានសន្តិភាព វាជារឿងល្អប្រសើរ នូវយុទ្ធសាស្រ្ត នូវចក្ខុវិស័យវែងឆ្ងាយ ដោយសារយើងមានកម្លាំងសេដ្ឋកិច្ចខ្សោយ កងទ័ពយើង ទោះបីវីរភាពកងទ័ពទប់ទល់ជាមួយនឹងសត្រូវបរទេសឈ្លានពាន យ៉ាងអង់អាចក្លាហាន។ ប៉ុន្តែយើងគិតអំពីយុទ្ធសាស្រ្តយូរអង្វែង គឺយើងនៅត្រូវការកំណែទម្រង់ ទំនើបកម្មយោធា យើងត្រូវការពង្រឹងខឿនសេដ្ឋកិច្ច ហើយអ្វីដែលសំខាន់ គឺខ្មែររួបរួម ឯកភាពជាតិ យើងយកគំនុំបុគ្គល និន្នាការបក្ស ទុកមួយឡែក ព្រោះនិន្នាការបក្ស គឺជាការប្រកួតប្រជែងគ្នានៅក្នុងផ្ទៃក្នុងជាតិ តាមរយៈរបបសេរីពហុបក្ស នៃការបោះឆ្នោត ៥ឆ្នាំម្ដង ប៉ុន្តែប្រទេសជាតិ តែបាត់បង់ លិចលង់ហើយ គឺទៅហើយ អត់មានថ្ងៃវិលវិញទេ វាមិនខុសពីជីវិតមនុស្ស ទាន់យើងនៅមានជីវិត មានដង្ហើមដក នៅមើលឃើញព្រះអាទិត្យរះ ផែនដីនៅតែវិល ។ ដូច្នេះយើងត្រូវតែរួមគ្នាដើម្បីការពារទឹក ការពារដី សម្រាប់កូនចៅយើងជំនាន់ក្រោយ រាប់សតវត្សទៅមុខទៀត ។ អ៊ីចឹងនេះជាគំនិតដែលខ្ញុំចង់ឲ្យថា យើងស្លូត ក្នុងនាមកាន់ព្រះពុទ្ធសាសនា ប៉ុន្តែយើងអត់អាចទៅអត់ធ្មត់ ខន្តី ឬក៏មិនចង់ទៅហិង្សាណាក្រៅពីធម៌អហិង្សា ហើយយើងដោះស្រាយដោយសន្តិវិធី តែយើងមានអំណត់នៃហេតុផល សម្រាប់ទប់ស្កាត់នូវអ្វីដែលសត្រូវកាន់តែផ្គើន កាន់តែគឃ្លើនមកបំផ្លាញនូវអ្វីដែលជាសុភមង្គល ដែលជាកេរដំណែលរបស់ដូនតាយើង ទឹកដីព្រំដែនដាច់ខ្សែនេះ តើយើងត្រូវធ្វើយ៉ាងម៉េច កុំឲ្យបរទេសចេះតែគឃ្លើន ចេះតែមើលងាយខ្មែរយើង ឥតឈប់ឈរ ហើយពង្រីកយកទឹកដីយើង? ហើយយើងនៅតែស្ងៀម ហើយខ្លាំងតែខ្មែរគ្នាឯង បំផ្លាញតែខ្មែរគ្នាឯង ទឹកដីកាន់តែដាច់ទៅៗ ហើយយើងមកងប់ងុល មកប្រឆាំងគ្នាតែខ្មែរ យើងអត់ចេះរកដំណោះស្រាយ យើងត្រូវ «មានអ្នក ក៏មានខ្ញុំដែរ» ខ្មែរតែមួយ រួមគ្នាកសាង ការពារអធិបតេយ្យ ឯករាជ្យភាព បូរណភាពទឹកដី អព្យាក្រឹត នៃប្រទេសមួយ មិនថារដ្ឋតូចឬធំ រដ្ឋខ្សោយ រដ្ឋខ្លាំង គឺយើងកសាងនៃឯកភាពជាតិទាំងអស់គ្នា“ ៕ កុលបុត្រ 

RELATED ARTICLES